ភ្នំពេញ ៖ ប៉ូលិស​ខេត្តហ្គ័ង​ចូ​វ របស់​ប្រទេស​ចិន ប្រមាណ​ជាង ១០០​នាក់ បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពិសេស​មក​ទទួលយក​ជ​ន​ជាតិចិន​ចំនួន ៩១​នាក់ ពី​នគរបាល​អន្តោប្រវេសន៍​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ​។​ជនជាតិ​ចិន​ទាំង​៩១​នាក់​នេះ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូ​រគម នាគ​មន៍ (VOIP)​។​

Loading...

ប៉ូលិស​ចិន​មក​ទទួលយក​ក្រុម​ជម្រិត​ទារប្រាក់​ជនជាតិ​ចិន ៩១​នាក់ ពី​នគរបាល​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់ឲ្យដឹង​ថា នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៥ ខែ​តុលា​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រគល់​ជនជាតិ​ចិន​ចំនួន ៩១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​២១​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) ទៅ​ឲ្យ​ប៉ូលិស​ខេត្តហ្គ័ង​ចូ​វ របស់​ចិន ដើម្បី​យក​ពួកគេ​ទៅ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​ចិន​។ ប៉ូលិស​ខេត្តហ្គ័ង​ចូ​វ របស់​ចិន ដែល​មក​មាន​ចំនួន​១៨២​នាក់​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​ចិន​វិញ គឺ​តាម​ជើងយន្តហោះ​ពិសេស​ប្រភេទ A330 (​ជើង​យន្តហោះ​លេខ CZ3001/CZ3002)​។​

លោក​បាន​បន្តថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៩១​នាក់ ខាងលើនេះ ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​និង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌​សុខា ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​អគារ​លេខ​៣ ស្ថិតនៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូរ ខេត្ត​កំពត (​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​បូកគោ​) ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូ​រគម នាគ​មន៍ (VOIP)​។​

លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា បានបញ្ជាក់​ថា បច្ចុប្បន្ននេះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើ​ការឃាត់ខ្លួន​ទទួល និង​បណ្តេញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន ដែល​ពាក់ព័ន្ធ​ករណី​គំរាម​ជម្រិត ឆរ​បោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) ដោយ​យក​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ធ្វើ​សកម្មភាព​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ទៅលើ​ប្រជាជន​នៅ​ប្រទេស​ចិន​រាប់លាន​នាក់ និង​ជនសង្ស័យ​ជា​ជនជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ចិន​បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​ប៉ូលិស​ប្រទេស​ចិន បាន​លួច​ចូល​មក​សម្ងំ​លាក់ខ្លួន រួច​បន្ត​សកម្មភាព​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​ទៀត ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​