​​ហ្សឺ​ណែវ ស្វីស​៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥​ខែតុលា ឆ្នាំ​២០១៨ បាន​ផ្សាយ​ថា ខណៈ​ពេល​នេះ​គណៈប្រតិភូ​សភា​កម្ពុជា ដឹកនាំ​ដោយ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា កំពុង​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ និង​មហាសន្និបាត​លើក​ទី​១៣៩ ដែលមាន សមាជិក​ចូលរួម​ចំនួន​១៣៥​ប្រទេស មាន​ប្រធាន​សភា​ចំនួន​៥០ និង​អនុប្រធាន​សភា​ចំនួន​៤០ រួមទាំង សមាជិក សមាជិកា សភា​ចំនួន​៧០០​នាក់ ក្នុងនាម​ជា​សមាជិក​សភា​វ័យក្មេង​ចំនួន​២០% និង​៣៣% សមាជិក​សភា​ជា​ស្ត្រី​។​

Loading...

​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ ផ្តោតទៅលើ​ការពិនិត្យ​សមាជិកភាព ពិនិត្យ​ស្ថានភាព​ហិរញ្ញវត្ថុ របាយការណ៍​អំពី​សកម្មភាព​ប្រធាន និង​អគ្គលេខាធិការ IPU ដែល​បាន​សម្រេច​រយៈពេល​១​ឆ្នាំ​របស់​អង្គការ​នេះ របាយការណ៍​នៃ​កិច្ចប្រជុំ​ដែល​IPU​បានរៀបចំ អំពី​ផែនការ​យុទ្ធសាស្ត្រ​IPU ២០១៧-២០២១ អំពី​ការរៀបចំ​កិច្ចប្រជុំ​នាពេលខាងមុខ ជាដើម​។​

​នា​ថ្ងៃនេះ មហាសន្និបាត​លើក​ទី​១៣៩ របស់​សហភាព​អន្តរ​សភា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានបទ​បន្ទាន់​មួយ​របស់​ខ្លួន ដែល​ឥឡូវនេះ​មាន​សេចក្តីស្នើ​មាន​ចំនួន​៤ រួមមាន​៖ ១. ការកសាង​សន្តិភាព និង​សន្តិសុខ នៅ Sahel, ២. ជនភៀសខ្លួន​របស់​ប៉ាឡេ​ស្ទីន​, ៣. ការប្រែប្រួល​អាកាសធាតុ​, ៤. អំពី​លទ្ធិប្រជាធិបតេយ្យ នៅវេ​ណេ​ហ្សូ​អេ​ឡា​។​

​ក្រោយ​បញ្ចប់​ការបោះឆ្នោត​ជ្រើសរើស​របៀបវារៈ​រួចមក មហាសន្និបាត​លើក​ទី​១៣៩​របស់​សហភាព​អន្តរ​សភា នឹង​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី “​ភាព​ជា​ថ្នាក់ដឹកនាំ​សភា​ក្នុង​ការ​ជម្រុញ​សន្តិភាព និង​ការអភិវឌ្ឍន៍​ក្នុង​យុគ្គសម័យ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​តាម​បែប​បច្ចេកវិទ្យា​”​។ លោក​ជំទាវ​ប្រធាន​គណៈ​ប្រតិភូ​គ្រោង​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ផង​ដែរ​។​

​ក្រៅពី​នេះ​គណៈប្រតិភូ​សភា​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​២ ស្តីពី “​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​” ទាក់ទង​នឹង​៖

– ស្តីពី​ការចូលរួម​វិភាគទាន​របស់​សភា​ចំពោះ​សន្និបាត​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៨ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​

– កិច្ចពិភាក្សា​លើ​តួនាទី​របស់​ពាណិជ្ជកម្ម​សេរី និង​វិនិយោគ​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជា​ពិសេស​ទាក់ទង​នឹង​សមភាព​សេដ្ឋកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ចីរភាព​។​

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​៣ ស្តីពី “​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​” ដែល​មាន​បទ​បង្ហាញ និង​ការពិភាក្សា​លើ​សេចក្តី​ព្រាង​សេចក្តីសម្រេច​ស្តីពី ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តររដ្ឋាភិបាល​លើ​ការធ្វើ​ចំណាកស្រុក និង​អភិបាលកិច្ច​ជុំវិញ​ការអនុម័ត​ជា​សកល​សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព របៀបរៀបរយ និង​ដោយ​រលូន​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី ហ្គ្រា​ប៊ី​ឡា​គូ​វាស​បា​រ៉ុន ប្រធាន​មហាសន្និបាត​លើក​ទី​១៣៩ នៅ​ហ្សី​ណេ​វ៉ា បានអោយដឹងថា​លោកជំទាវ​នឹង​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​សៀមរាប​ពី​ថ្ងៃ​ទី​១៤-១៧​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន APPF លើក​ទី​២៧៕