​បាត់ដំបង​ ៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា​ ​ក្មេងប្រុស​បង្ហោះ​ហ្វេ​សប៊ុក បរិហារកេរ្តិ៍​ឧត្តសេនីយ៍​ទោ អ៊ុច សុខុន ស្នង​ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ត្រូវ​បាន​បង្ក្រាប​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ថ្ងៃ​ទី​១៦​ខែ​តុលា​នេះ​។​

Loading...

​សូម​ជម្រាប​ជូន​ថា កាលពី​ល្ងាច​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ​២០១៨ គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ (​តាម​ប្រហារ​ពួក​អា​នៅ​បួន​ជួរ​និង​អា​ចិន្តា​លុះ​ក្ស័យ​) បាន​បង្ហោះ​ខ្លឹមសារ​ដោយ​ភ្ជាប់​រូបភាព​ចោទប្រកាន់ ចំពោះ​ថ្នាក់ដឹកនាំ​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង គឺ​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន​ដែល​ខ្លឹមសារ​ទាំងនេះ​គឺជា​រឿង​(​មិន​ពិត​) ហើយ​បាន​បង្ក​ឲ្យមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​ក៏ដូចជា កងកម្លាំង​នគរបាលជាតិ​ទាំងមូល ។​

​ផ្តើមចេញ​ពី​បញ្ហា​នេះ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាន​ចាត់​វិធានការ​បញ្ជា ដល់​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន ក្រុមការងារ​បណ្តាញ​សង្គម ចូលរួម​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​​ទណ្ឌ​កំរិត​ស្រាល​-​កម្រិតធ្ងន់ -​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន -​កម្លាំង​ន​របាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ -​ស្រុក​សង្កែ និង​ស្រុក​មោង​ឬ​ស្សី​ដឹកនាំ ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​គ្រប់​វិធានការ​ជំនាញ និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ រហូត​ដល់​ថ្ងៃ​ទី ១៤ ខែ តុលា ឆ្នាំ​២០១៨​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ធា​រៈ ហៅ​ណុល កញ្ញា​ឬ បញ្ញា​ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ។​

​តាមរយៈ​ភស្តុតាង ដែល​សមត្ថកិច្ច​ប្រមូលបាន ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បង្កើត​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ (​តាម​ប្រហារ​ពួក​អា​នៅ​បួន​ជួរ​និង​អា​ចិន្តា​លុះ​ក្ស័យ​) ហើយ​យក​រូប​អ្នកផ្សេង ដែល​ខ្លួន​មាន (​គំនំ​ជាមួយ​) មក​ដាក់​ក្នុង​គណនី​​ហ្វេ​សប៊ុក ធ្វើ​ជា​ម្ចស់​គណនី ហើយ​បង្ហោះ​ខ្លឹមសារ​និង​រូបភាព​បរិហារកេរិ្ត​ចំពោះ​ឧត្តសេនីយ៍ទោ អ៊ុច សុខុន ដើម្បី​ទម្លាក់​កំហុស ទៅ​ម្ចាស់​គណនី​ហ្វេ​សប៊ុក​នោះ​តែប៉ុណ្ណោះ ប៉ុន្តែ​ទីបំផុត​សកម្មភាព​ប្រឌិត​រឿង ដើម្បី​ទម្លាក់​កំហុស ទៅ​អ្នក​ដ៏​ទៃ​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល បំបែកសំណុំរឿង​វែកមុខ​ឃើញ​ហើយ​។​

​ជនសង្ស័យ​រូបនេះ និង​ភស្តុតាង​នានា ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់ ៕​