បាងកក —លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​កែប្រែ​ស្ថានការណ៍​ឡើង​វិញ​ចំពោះ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ក្រុម​ប្រឆាំង និង​លើ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Loading...

អ្នក​សង្កេត​ស្ថានការណ៍ និង​អង្គការ​សិទ្ធិ​ការងារ​មួយ​ចំនួន​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​ដួល​រលំ ដោយសារតែ​សហភាព​អឺរ៉ុប​ត្រៀម​ដក​ឋានៈ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដ៏​សំខាន់​ចំពោះ​កម្ពុជា​ចេញ ដែល​ករណី​នេះ​ទំនងជា​នឹង​បង្ខំ​មេដឹកនាំ​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​បង្ក្រាប​ផ្នែក​នយោបាយ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​តុលា​កន្លង​ទៅ​នេះ សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​នៅ​ក្នុង​អំឡុង​ពេល ១២ ខែ​ខាង​មុខ​នេះ ដោយសារ​កម្ពុជា​«មាន​ចេតនា​មិន​ខ្វាយខ្វល់» ចំពោះ​គោលការណ៍​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ដែល​ភ្ជាប់​ជាមួយ​នឹង​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដែល​ខ្លួន​ទទួល​បាន​ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ។

ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ចាត់​វិធានការ​ចាំបាច់​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​វិល​ទៅ​រក​ភាព​ផ្ដាច់ការ​វិញ ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដំណើរការ​ឡើង​វិញ​ជា​ដើម នៅ​ក្នុង​រយៈពេល ៦ ខែ​ខាង​មុខ​នេះ​ទេ នោះ​ឋានៈ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​ន័យ​ថា «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែងតែ​សព្វាវុធ» នេះ នឹង​ត្រូវ​ដក​ចេញ។

លោក អៀ សុផល ដែល​ជា​សេដ្ឋវិទូ​នយោបាយ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​សាកលវិទ្យាល័យ Occidental នៅ​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «ចំណុច​នេះ​អាច​ជា​មហន្តរាយ។ ខ្ញុំ​ចង់​មាន​ន័យ​ថា ប្រសិនបើ​ខ្ញុំ​ជា​វិនិយោគិន​ចង់​វិនិយោគ​លើ​ផ្នែក​កាត់ដេរ ខ្ញុំ​ប្រាកដ​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជា​មិន​ខាន»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​នឹង​ផ្អាក​គម្រោង​វិនិយោគ​បន្ថែម ដោយសារ​តែ​ស្ថានការណ៍​អាច​ពិបាក​គ្រប់គ្រង»។

លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ដែល​ហៅ​កាត់​ថា​សង់ត្រាល់ បាន​និយាយ​ថា កម្មករ​ជា​ច្រើន​អាច​នឹង​គ្មាន​ការងារ​ធ្វើ ហើយ​លោក ហ៊ុន សែន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​ខ្វាយខ្វល់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ នោះ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើង​វិញ​អំពី​ការ​ស្នើ​ឡើង ឬ​ក៏​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​នេះ»។

ផលិតកម្ម​កាត់ដេរ​គឺ​ជា​ឧស្សាហកម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​ប្រហែល ៤០ ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​អាច​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​បាន​ប្រហែល ៨ សែន​ការងារ ហើយ​កន្លង​មក សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​សម្រាប់​កម្ពុជា​នាំ​ផលិតផល​របស់​ខ្លួន​ចេញ ដោយ​រក​ចំណូល​បាន​ជិត ៦ ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន បើ​ផ្អែក​តាម​តួលេខ​ផ្ទាល់​របស់​រដ្ឋាភិបាល​កម្ពុជា។

អ្នក​រិះគន់​លោក ហ៊ុន សែន មួយ​ចំនួន​យល់​ឃើញ​ថា ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​គឺ​ជា​អាវុធ​នៃ​ការ​ចរចា​ដ៏​មាន​ប្រយោជន៍​មួយ​ដើម្បី​ដាក់​កំហិត​ទប់ទល់​វិញ​ជាមួយ​នឹង​មេដឹកនាំ​ផ្ដាច់ការ​ដែល​មាន​លក្ខណៈ​ក្រអឺតក្រទម​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​ជំនួយ និង​ការ​គាំទ្រ​របស់​ចិន​នេះ។

ការ​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ និង​ការ​គំរាមកំហែង​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​កាល​ពី​លើក​មុនៗ ទោះបីជា​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក៏​ដោយ ត្រូវ​បាន​អ្នក​រិះគន់​លោក ហ៊ុន សែន មួយ​ចំនួន​ដែល​ខក​ចិត្ត​ដោយសារ​អន្តរជាតិ​មិន​បាន​ធ្វើ​អន្តរាគមន៍​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​រឿង​នេះ ចាត់​ទុក​ថា​ឥត​ន័យ និង​គួរ​ឲ្យ​សោកស្ដាយ។

ប្រតិកម្ម​តបត​ភ្លាមៗ​របស់​លោក ហ៊ុន សែន ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​កន្លង​មក គឺ​ថា​លោក​មិន​ខ្វាយខ្វល់​ចំពោះ​ការ​ប្រកាស​របស់​សហភាព​អឺរ៉ុប​នេះ​ទេ។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ទំព័រ Facebook របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​ត្រូវតែ​រឹងមាំ​នៅ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន មិន​ថា​សហភាព​អឺរ៉ុប​ចាត់​វិធានការ​អ្វី​ប្រឆាំង​នឹង​កម្ពុជា​នោះ​ទេ។

នៅ​មុន​ពេល​ឈាន​ចូល​ដល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​អះអាង​ថា ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ គឺ​ចាំបាច់​ត្រូវតែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ដោយ​លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នេះ​ថា​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​បរទេស និង​បាន​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ​ដាក់​ពន្ធនាគារ។

នៅ​ពេល​នោះ​ផង​ដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ភាគ​ច្រើន​ត្រូវ​បាន​បិទ ចំណែក​ឯ​សមាជិក​អង្គការ​សង្គម​ស៊ីវិល អ្នក​កាសែត សកម្មជន និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​ដែល​បង្ហាញ​ទស្សនៈ​ប្រឆាំង ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​អស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​កន្លង​មក ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​សហភាព​អឺរ៉ុប​ចាត់ទុក​ថា «មិន​ស្រប​ច្បាប់»។

លោក អ៊ូ វីរៈ ដែល​ជា​អ្នក​វិភាគ​នយោបាយ បាន​និយាយ​ថា ការ​ប្រឆាំង​របស់​លោក ហ៊ុន សែន ចំពោះ​សហភាព​អឺរ៉ុប​ជា​សាធារណៈ​នេះ គឺ​ជា​អ្វី​មួយ​ដែល​គេ​អាច​ទាយ​ទុក​ជា​មុន​បាន ទោះបីជា​ក្រុម​ផ្ទៃ​ក្នុង​របស់​លោក និង​បណ្ដាញ​ដ៏​ទូលំទូលាយ​នៃ​អ្នក​ទទួល​ផល​នានា មាន​ការ​ប្រឆាំង​ជា​លក្ខណៈ​ឯកជន​ក៏​ដោយ។

លោក អ៊ូ វីរៈ និយាយ​ដូច្នេះ​ថា៖ «អ្នក​ត្រូវ​ស្វែង​យល់​អំពី​លោក ហ៊ុន សែន។ លោក​ចង់​រក្សា​មុខមាត់។ លោក​មិន​ចង់​ឲ្យ​គេ​មើល​មក​លោក​ថា​ជា​មនុស្ស​ដែល​គេ​ស្រួល​បញ្ជា​នោះ​ទេ។ ដូច្នេះ​ហើយ លោក​នឹង​ព្យាយាម​ធ្វើ​វា​តាម​វិធី​មួយ​ដែល​មើល​ទៅ​ដូចជា​លោក​មិន​ផ្ដល់​អ្វី​ច្រើន ឬ​ក៏​មិន​ខ្វាយខ្វល់​អ្វី​នោះ​ទេ»។

ចាប់តាំង​ពី​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​ទៅ វិធានការ​សម្របសម្រួល​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​លោក ហ៊ុន សែន បាន​សម្របសម្រួល​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​នានា​ដែល​ជាប់​ពន្ធនាគារ និង​បាន​បញ្ជូន​លោក កឹម សុខា ពី​ពន្ធនាគារ​ទៅ​ដាក់​ឃុំ​ក្នុង​គេហដ្ឋាន។

លោក មឿន តុលា បាន​និយាយ​ថា ការ​ដាក់​សម្ពាធ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​រហូត​ដល់​រដ្ឋាភិបាល​ចិន​ផង​ដែរ ដោយ​លោក​សង្កត់ធ្ងន់​ថា ក្នុង​នាម​ជា​ប្រទេស​វិនិយោគ​ដ៏​ធំ​បំផុត​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា វិនិយោគិន​ចិន​ប្រឈម​នឹង​ការ​ខាត​បង់​ដ៏​ធ្ងន់ធ្ងរ ប្រសិនបើ​ឧស្សាហកម្ម​កាត់ដេរ​នេះ​ដួល​រលំ។

លោក មឿន តុលា បាន​បន្ថែម​ថា ផល​ប៉ះពាល់​ដោយ​ប្រយោល​ដ៏​ធ្ងន់ធ្ងរ​មួយ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​មីក្រូ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ផង​ដែរ ដោយសារតែ​កម្មករ​កាត់ដេរ​ភាគ​ច្រើន​ជាប់​បំណុល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​នោះ។

លោក មឿន តុលា បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ទាំង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​ទាំង​ធនាគារ នឹង​មាន​ការ​លំបាក​ដើម្បី​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​កម្មករ​រោងចក្រ​ទាំង​នោះ ដើម្បី​សង​បំណុល​ដែល​កម្មករ​ទាំង​នោះ​ជំពាក់ ដោយសារតែ​កម្មករ​ទាំង​នោះ​ប្រាកដ​ជា​តវ៉ា ឬ​ក៏​ប្រាកដ​ជា​មាន​ភាព​ចលាចល​កើត​ឡើង​ជា​មិន​ខាន»។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Markets Consulting បាន​និយាយ​ថា ក្រុម​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ជាង ៦០ ភាគរយ ជំពាក់​បំណុល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ។

លោក​និយាយ​ដូច្នេះ​ថា៖ «ក្រុម​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ពឹង​ពាក់​ខ្លាំង​លើ​កូនៗ​របស់​ពួកគេ​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ ដូច្នេះ​ករណី​នេះ​គឺ​ធ្វើ​ឲ្យ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​កាន់តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់»។

លោក អៀ សុផល បាន​និយាយ​ថា ទោះបីជា​គ្មាន​នរណា​ម្នាក់​ចង់​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក ដែល​បណ្ដាល​មក​ពី​ការ​ដួល​រលំ​សេដ្ឋកិច្ច​នេះ​ក៏​ដោយ ក៏​សហភាព​អឺរ៉ុប​បាន​បង្កើត​ឲ្យ​មាន​រួច​ហើយ​នូវ​ការ​គំរាមកំហែង​ដ៏​ច្បាស់លាស់​មួយ និង​វិធី​ដោះស្រាយ​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។

លោក​និយាយ​ដូច្នេះ​ថា៖ «ចំណុច​សំខាន់​គឺ​ត្រូវ​ធ្វើ​សកម្មភាព​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​រយៈពេល ៦ ខែ​ខាង​មុខ មុន​ពេល​ការ​ដាក់​ទណ្ឌកម្ម​នេះ​ចាប់​ផ្ដើម និង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​គ្នា ដូច្នេះ​គឺ​បាន​ន័យ​ថា អ្នក​មិន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា ឬ​ក៏​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ណា ដែល​មិន​សម​នឹង​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​សម្រាប់​ទង្វើ​ដែល​មេដឹកនាំ​របស់​ពួកគេ​បាន​ធ្វើ​នោះ​ទេ។ បន្ទាប់​មក អ្នក​មិន​ចាំបាច់​ត្រូវ​បំផ្លាញ​សេដ្ឋកិច្ច​នោះ​ទេ។ ប៉ុន្តែ នោះ​គឺ​ជា​លទ្ធផល​នៃ​អ្វី​ដែល​សហភាព​អឺរ៉ុប​បាន​ស្នើ​ឡើង​នេះ»។

VOA មិន​អាច​ទាក់ទង​អ្នក​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​សុំ​យោបល់​បាន​ទេ​លើ​រឿង​នេះ។

សហរដ្ឋ​អាមេរិក​ក៏​បាន​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ផង​ដែរ ដោយ​បាន​ដាក់​ទណ្ឌកម្ម​លើ​មេបញ្ជាការ​កំពូល​មួយ​រូប​របស់​លោក​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

សមាជិក​ភាគ​ច្រើន​ទៀត​នៃ​ក្រុម​ផ្ទៃ​ក្នុង​របស់​លោក ហ៊ុន សែន អាច​រង​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨ (Cambodia Democracy Act of 2018) ដែល​ជា​សំណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មួយ ដែល​ត្រូវ​បាន​រដ្ឋសភា​អាមេរិក​អនុម័ត​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ។

លោក មឿន តុលា បាន​និយាយ​ថា ប្រសិនបើ​សហភាព​អឺរ៉ុប​ផ្អាក​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ លោក​ច្បាស់​ថា សហភាព​អឺរ៉ុប​នឹង​ដាក់​ទណ្ឌកម្ម​ដូច​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ដូច​នេះ​ដែរ។

លោក​បាន​បន្ថែម​ថា៖ «សម្ព័ន្ធមិត្ត​ដទៃ​ទៀត​របស់​សហភាព​អឺរ៉ុប​នឹង​ធ្វើ​តាម​នេះ​ដែរ»៕ ប្រភព៖ VOA