ភ្នំពេញ —រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដ៏​ធំ​មួយ​ ​ដើម្បី​ចាត់​ចែង​ពិធី​សម្ភោធ​ «វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ ​ឈ្នះ»​ ​និង​អបអរ​សាទរ​ខួប​លើក​ទី​២០​ ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។​ ​នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ដែល VOA​ ​បាន​ទទួល។

Loading...

វិមាន​«‍នយោបាយ​ឈ្នះ​ ​ឈ្នះ​‍» នេះ ​កំពុង​ត្រូវ​បាន​សាងសង់​នៅ​តំបន់​អភិវឌ្ឍន៍​លី យ៉ុង​ផាត់​ ក្នុង​សង្កាត់​បាក់ខែង​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ លើ​ផ្ទៃ​ដី​៨ហិកតា។​ ​ការ​សម្ភោធ​វិមាន​ឈ្នះ​ ​ឈ្នះ​នេះ​ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៩ខែ​ធ្នូ​ ឆ្នាំ​២០១៨​ខាងមុខនេះ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់ពី​ក្រុម​មន្ត្រី​នៃ​កងទ័ព​កម្ពុជា។

សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ សែន​ ​ដែលជា​ប្រធាន​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ទី​៥​ ខែ​តុលាឆ្នាំ​២០១៨​ បាន​បញ្ជាក់ថា​ ​គណៈកម្មការ​អន្តរ​ក្រសួង​នេះ​ ​មាន​ប្រធាន​ ​អនុប្រធាន​ និង​សមាជិក​ចំនួន​សរុប​៧០​នាក់។

លោក ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ត្រូវ​បាន​ចាត់​តាំង​ជា​ប្រធាន​នៃ​គណៈកម្មការ​នេះ​ ហើយ​រដ្ឋមន្ត្រី​ចំនួន​៥រូប​ ត្រូវ​បាន​ចាត់​តាំង​ជា​អនុប្រធាន​ ដែល​រួមមាន​លោក ​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ អ្នកស្រី​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោក​ ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​លោក ​ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។

កូនប្រុស​ទាំង​បី​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ រួម​មាន​ឧត្ដមសេនីយ៍ឯក​ ​ហ៊ុន ម៉ាណែត​ ​មេ​បញ្ជាការ​កងទ័ព​ជើងគោក​ ​ឧត្ដមសេនីយ៍ឯក​ ​ហ៊ុន ម៉ានិត​ ​អគ្គនាយក​អគ្គនាយកដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ច​ ​ក្រសួង​ការពារ​ជាតិ​និង​លោក​ ​ហ៊ុន ម៉ានី​ ​ដែល​ជា​តំណាង​រាស្ត្រ​ ស្ថិត​ក្នុង​ចំណោម​សមាជិក​នៃ​គណៈ​កម្មការ​អន្តរក្រសួង​នេះ។

នាយ​ឧត្ដមសេនីយ៍ ​ឈុំ សុជាតិ​ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​ប្រាប់ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះថា​ វិមាន​ឈ្នះ ឈ្នះ​ នេះ​ មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ និង​ក៏បាន​បង្ហាញ​ពី​ការ​លះបង់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក្នុង​ការ​រំដោះ​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម​ និង​ការ​បញ្ចប់​សង្គ្រាម​ក្នុង​ស្រុក​ទាំងស្រុង​កាល​ពី​ឆ្នាំ​១៩៩៨​ បន្ទាប់​ពី​ការ​ដកចេញ​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣។​

លោក​មាន​ប្រសាសន៍​ថា៖​

«អត្ថន័យ​វា​មាន​ធំធេង​ណាស់​ ចំពោះ​មិនថា​ ​ប្រទេស​ ​មិនថា​ប្រជាពលរដ្ឋ​យើ​ង​ទេ​ គឺ​អា​នេះ​ជា​អត្ថន័យមួយ​ថា​ យើង​បញ្ចប់​សង្គ្រាម​ស៊ីវិល​បាន​ ដោយសារ​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​សម្ដេច​តេជោ អ៊ីចឹង​ ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ ដែល​យើង​កន្លងមក​ យើង​បង្ហូរ​ឈាម​គ្នា​នៅ​ក្នុង​ការ​ច្បាំង​គ្នា​ជា​មួយ​ខ្មែរ​ក្រហម​ហ្នឹង​ គឺថា​ ពេល​ដែល​អ៊ុនតាក់​ចេញ​ទៅ​ហ្នឹង​ យើង​មិន​ទាន់​បាន​សន្តិសុខ​ទាំង​ស្រុង​ទេ​ គឺ​នៅ​មាន​ការ​ប្រទាញ​ប្រទង់​រវាង​ខ្មែរក្រហម​ ហើយ​និង​ខាង​ យើង​រដ្ឋាភិបាល។​ អ៊ីចឹង​ហើយ​ ដាក់​ចេញ​គោលនយោបាយ​ឈ្នះ​ ឈ្នះ​ ឈ្នះ​ហ្នឹង​មក​ រហូតដល់​យើង​បាន​ជោគជ័យ​ ធ្វើការ​បង្រួប​បង្រួម​ខ្មែរក្រហម​ ​ឲ្យ​ចូល​ជា​មួយ​រាជរដ្ឋាភិបាល​ ហើយ​បង្កើត​នូវ​តំបន់​សុខដុមរមនា​ រស់​នៅ​ដោយ​ជួបជុំ​គ្នា​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម»។

លោក​ ​ឈុំ សុជាតិ​ ​អះអាង​ថា វិមាន​ឈ្នះ​ ​ឈ្នះ​ ​ដែល​នឹង​ត្រូវ​សង់​រួចរាល់​មុន​ពេល​សម្ភោធ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នោះ ​នឹង​ក្លាយ​ជា​ទី​តាំង​សម្រាប់​ពិភពលោកសិក្សា​ស្រាវជ្រាវ ​និង​ស្វែងយល់​ពី​ដំណើរ​កសាង​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ។

លោក​មានប្រសាសន៍ថា៖​

«បើ​ជា​សាកល យើង​ឃើញ​ថា​ អាច​និយាយ​ថា​ ជា​បទពិសោធន៍​មួយ​ថ្មី​ ហើយ​ល្អ​ណាស់​ ដែល​ប្រទេស​នានា​គេ​ចង់​បាន​ គេ​មក​ទស្សនកិច្ច​ និង​ចង់​មក​រៀន​សូត្រ​ពី​យើង​ ព្រោះ​និយាយ​ពី​សង្គ្រាម​សព្វថ្ងៃ​ហ្នឹង​ សង្គ្រាម​គ្រប់​កន្លែង​ហ្នឹង​ មានការ​ ដូចជា​មិនទាន់​បាន​ ជោគជ័យ​ដូច​ ដូច​នយោបាយ​ឈ្នះ​ ឈ្នះ របស់​សម្ដេច​តេ​ជោ​ទេ​…កន្លែង​ខ្លះ​ ដូចជា​មិន​ទាន់​ដោះស្រាយ​ចេញ​ទេ​ សង្គ្រាម​នៅ​មាន​ការ​បង្ហូរ​ឈាម​គ្នា​ កាប់​សម្លាប់​គ្នា​នៅឡើយ»។​

​ពេល​ដែល​ ​VOA​ ​សួរ​ទាក់ទិន​នឹង​ការ​ចំណាយ​ថវិកាសាង​សង់​វិមាន​ឈ្នះ​ ឈ្នះ​នោះ​ ​លោក​ ​ឈុំ សុជាតិ ​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ ​ដោយ​លោកបាន​ត្រឹម​តែ​បញ្ជាក់​ថា​វា​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ប្រើប្រាស់​ថវិកា​របស់​សប្បុរស​ជន។​

អ្នក​សង្កេត​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន ​បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​លើ​ការ​សាងសង់​វិមាន​ឈ្នះ​ ឈ្នះ​នេះ។

ក៏ប៉ុន្តែ​លោក​ ​រ៉ុង ឈុន​ ​ដែល​ជា​អតីត​សមាជិក​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​ប្រសាសន៍​ថា​ ការ​សាងសង់​វិមាន​ឈ្នះ​ ​ឈ្នះ ​របស់​រដ្ឋាភិបាល​ មិនបាន​ឆ្លុះបញ្ចាំង​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​នៅ​កម្ពុជា​នោះ​ទេ​ ដោយហេតុថា​ កម្ពុជា​មិន​មាន​សង្គ្រាម​ពិត​មែន​នា​ពេល​បច្ចុប្បន្ន​នេះ​ តែ​មានការ​ព្យាបាទ​ខាង​នយោបាយ​ និង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​រង​ការ​ថ្កោលទោស​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ។

​លោក​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖​

«បើ​យើង​និយាយ​ថា​ ភាព​ឈ្នះ ឈ្នះ​ អា​ហ្នឹង​វា​ដល់​តែ​ឈ្នះ​ទាំង​អស់​គ្នា។​ ហើយ​ដល់​ បើ​យើង​មើល​ស្ថាន[ភាព]​ ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​សព្វ​ថ្ងៃ​ហ្នឹង​ នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ហ្នឹង​ ដែល​កំពុង​តែ​មាន​វិបត្តិ​ នយោបាយ​ សព្វបែបយ៉ាង។ ​អន្តរជាតិ​ថ្កោល​ទោស​ ជា​រៀងរាល់​ថ្ងៃ​ នៅ​រាល់​អង្គ​ប្រ​ជុំ​អី​ណា​មួយ​នៅ​លើ​ឆាក​អន្តរជាតិ​ហ្នឹង​ តែង​តែ​មាន​ការ​បាតុកម្ម​ ការ​ទាម​ទារ​ ធ្វើ​ម៉េច​ឲ្យ​កម្ពុជា​ហ្នឹង​មានការ​គោរព​សិទ្ធិមនុស្ស​ មាន​ប្រជាធិបតេយ្យ​ដ៏​អ៊ីចឹង​ទៅ​ វា​មិន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​កើត​នៅ​ក្នុង​សង្គម​កម្ពុជា​ បច្ចុប្បន្ន​នេះ​ទេ​បាទ»។

​សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កាត់ដេរ​របស់​កម្ពុជា​ បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​ស្តា​ឡើងវិញ​នូវ​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ ​ដើម្បី​បញ្ចៀស​ការ​បាត់​បង់​ឋានៈអនុគ្រោះ​ពន្ធ​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ»​ ​ហៅ​កាត់​ថា​ EBA។​

​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ទៅលើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ កើត​មាន​ឡើង​ ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​លើ​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ ការ​គាបសង្កត់​អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យមួយ​ចំនួន​ រួម​ទាំង​ការ​រំលោភ​សេរីភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ការរំលោភ​សិទ្ធិ​ដីធ្លី​ជាដើម។​

​យ៉ាង​ណា​ក៏​ដោយ​ ​នាយ​ឧត្តមសេនីយ៍ ​ឈុំ សុជាតិ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ​ពិធី​សម្ភោធ«​វិមានឈ្នះ​ ឈ្នះ‍»និង​ការអបអរ​សាទរ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ ​នឹង​ត្រូវ​រៀបចំឡើង​ក្នុងរយៈពេល​បី​ថ្ងៃ​ នា​ចុង​ខែ​ធ្នូ​ខាង​មុខ​នេះ។

លោក​រំពឹង​ថា​ នឹង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ចូលរួម​ពិធី​អធិកអធម​នេះ​ ដើម្បី​ទស្សនា​រូប​សំណាក​ ​និង​វត្ថុ​អនុស្សាវរីយ៍​នានា​ក្នុង​វិមាន​ឈ្នះ ឈ្នះ​ ​និង​កម្សាន្ត​ជាមួយ​កម្មវិធី​សិល្បៈ​ជា​ច្រើន​ទៀត​ផង​ដែរ។​ ​

លោក​បញ្ជាក់​បន្ថែម​ថា​ មិន​មាន​ការ​ធ្វើ​ព្យុហយាត្រា​យោធា​ ​ក្នុង​អំឡុង​នៃ​ការ​សម្ពោធ​វិមាន​ប្រវត្តិសាស្ត្រ​នេះ​ទេ។​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ការ​សម្ភោធ​វិមាន​ឈ្នះ​ ​ឈ្នះ​នេះ៕ ប្រភព៖ VOA