​តាកែវ ​៖ ​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ ទទួល​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជម្ងឺ​ភ្នែក​ដោយ​មិន​គិតថ្លៃ​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​អបអរសាទ​រ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​នា​ព្រឹក​ថ្ងៃទី ១៧ តុលា ២០១៨​នេះ នៅ​បរិវេណ​មន្ទីរពេទ្យ​ភ្នែក​ខេត្ត ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​បាន​ប្រកាស​ថា​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ នឹង​ទទួល​ពិនិត្យ​ជម្ងឺ​ភ្នែក​និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​រយៈពេល​បី​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០១៨​។

Loading...

លោក តែ​សរី​បុណ្យ ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​នៅ​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​និង​ប្រជាពលរដ្ឋ​ទូទៅ ប្រញាប់​រួសរាន់​មក​ពិនិត្យ​ភ្នែក​និង​ព្យាបាល​ជំងឺ​ភ្នែក​ឲ្យបាន​ទាន់​ពេល ព្រោះ​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ នឹង​ទទួល​ពិនិត្យ​ជម្ងឺ​ភ្នែក​និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០១៧​។​

លោក​បន្តថា យ៉ាងហោច​ណាស់​ប្រជាពលរដ្ឋ​ត្រូវ​មក​ទទួល​ការណែនាំ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ទាំង​សេវា​របស់​រដ្ឋ និង​សេវា​ផ្នែក​ឯកជន ឲ្យបាន​ម្តង ក្នុង​មួយ​ឆ្នាំ ដើម្បី​ចៀសវាង​ពី​ការ​ងងឹតភ្នែក ដោយសារ​ការ​ធ្វេសប្រហែស ឬ មិនដឹង​ពី​ភាព​ថែទាំ​សុខភាព​ភ្នែក​ឲ្យបាន​ល្អ ខណៈ​អត្រា​ក្នុង​ការព្យាបាល​ជំងឺ​ភ្នែក​ឲ្យ​ជាសះស្បើ​យមាន​រហូត​ដល់​៨០​ភាគរយ និង​ពិបាក​ក្នុង​ការព្យាបាល​ឲ្យដាច់​ស្រឡះ​មាន​ត្រឹមតែ​២០​ភាគរយ​ប៉ុណ្ណោះ​។

លោក​បន្ថែមថា ចាប់តាំងពី​មន្ទីរពេទ្យ​ភ្នែក​បើក​ដំណើរការ​មក​នេះ មន្ទីរពេទ្យ​ភ្នែក​ខេត្ត​តាកែវ​បាន​ទទួល​ពិនិត្យ​ជម្ងឺ​ភ្នែក​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន ជាង​៤៦​ម៉ឺន​នាក់ ក្នុង​នោះ​ទទួល​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​បាន​ចំនួន ៨០៩៨១​នាក់ និង​បាន​វះកាត់​ភ្នែក​បាន​ចំនួន ៦៦៤៥៤​នាក់ ។

ក្នុងចំណោម​អ្ន​ជំងឺ​ទាំងនេះ មាន​ជំងឺភ្នែកឡើងបាយ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ជំងឺ​ភ្នែក​មី​ញ៉ូប ជំងឺ​ភ្នែក​បណ្តាលមកពី​អ្នកជំងឺ​កើត​ទឹកនោម​ផ្អែម ជាដើម ក៏ប៉ុន្តែ​សម្រាប់​ជម្ងឺភ្នែកឡើងបាយ នោះ​គឺ​មាន​រហូត​ដល់​ទៅ ៦៥​ភាគរយ​ហើយ ក្នុងចំណោម​មុខ​ជម្ងឺ​ទាំងអស់ ហើយ​ជម្ងឺ​នេះ​ដែរ​ទៀតសោត​គឺ​ភាគច្រើន​កើតឡើង​លើ​មនុស្ស​ចាស់ ដែល​មាន​វ័យ​ចាប់ ៥០​ឆ្នាំ​ឡើង​ទៅ ។

លោក ញា ស៊ីថាន អនុប្រធាន​មន្ទី​រ​សុខភិបាល​ខេត្តតាកែវ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​ភ្នែក អោយបាន​ល្អ​ប្រសើរ ព្រោះ​កែវ​ភ្នែកមាន​សារសំខាន់​ណាស់ សម្រាប់​មនុស្ស​គ្រប់រូប និង​ជា​មធ្យោបាយ ក្នុងសង្គម​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ ។

លោក​បញ្ជាក់ចុងក្រោយថា ៖ មនុស្ស​គ្រប់រូប​ត្រូវការ​ចាំបាច់​នូវ​កែវភ្នែក​មួយ​ដែល​ល្អ​ភ្លឺស្វាង មើលឃើញ​នូវ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន ពិសេស​ភ្នែក​របស់​យើង​កើត​មក​ពី​ធម្មជាតិ មាន​លក្ខណៈ​ល្អប្រសើរ ។ ដូច្នេះ​យើង​ត្រូវ​តែ​ចេះ​ថែរក្សា​សុខភាព​ភ្នែក​អោយមាន​ភាពល្អប្រសើរ តាមរយៈ​ការ​ទៅរក​សេវា​ត្រួតពិនិត្យ​មើល​ដោយ​គ្រូពេទ្យ ជំនាញ​ភ្នែក ការប្រើប្រាស់​នូវ​ឧបករណ៍​ការពារ​ភ្នែក រួម​មាន​វ៉ែនតា ថ្នាំ​បណ្តក់​ជាដើម ៕