ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងថា រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នានា នៅ​ខេត្ត​ព្រះសីហនុ ។​

Loading...

​បច្ចុប្បន្ន​ខេត្ត​មួយ​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការព្រួយបារម្ភ​ខ្លាំង ដោយសារតែ​បទល្មើស​ជាច្រើន បាន​កើតឡើង​ជា​បន្តបន្ទាប់​នោះ​ហើយ​ករណី​ខ្លះ ធ្វើឲ្យ​អាជ្ញាធរ​ពិបាក​នឹង​ធ្វើ​ការដោះស្រា​យ​។​

​ថ្លែង​ប្រាប់​ក្រោយ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន ណេង គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ករណី​ជា​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឱ្យ​មាន​ភាព​រញ៉េរញៃ​ដូចជា​អំពើ​លួច​ប្លន់ កាប់​ចាក់​គ្នា និង​បញ្ហា​ដីធ្លី បញ្ហា​គ្រឿងញៀន​ជាដើម​កំពុង​កើតឡើង​នៅ​ខេត្ត​នេះ ហើយ​ករណី​ខ្លះ​បាន​ធ្វើឱ្យ​អាជ្ញាធរ​ពិបាក​ដោះស្រាយ ដូច្នេះ​រដ្ឋ​សភា​និង​ក្រសួងមហាផ្ទៃ​ក្រសួង​ការពារជាតិ សម្រេច​បង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ទាំងនេះ​។​

សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ទៀតថា រាល់​បញ្ហា​ទាំងអស់​នោះ​វា​មិន​ទាន់​ធ្ងន់ធ្ងរ​ខ្លាំង រហូតដល់​ថ្នាក់​មិន​អាច​ដោះស្រាយ​បាន​នោះទេ ហើយ​ក្រុម​ការងារ​នឹង​ខិតខំ​ទប់ស្កាត់​និង​ដោះស្រាយ​ដើម្បី​កុំឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ការព្រួយបារម្ភ​បន្តទៀត​។​

​សូមបញ្ជាក់​ថា នាពេល​បច្ចុប្បន្ន​នេះ​មាន​មាតិ​រិះគន់​ជាច្រើន​នៅ​ខេត្តព្រះសីហនុ ដោយសារ​តែ​ខេត្ត​នេះ​បទល្មើស​ច្រើន​ជា​បន្តបន្ទាប់​ដូចជា ភាព​រញ៉េរញ៉ៃ​ដែល​កើតឡើង អំពើ​លួច​ប្លន់ គ្រឿងញៀន បញ្ហា​បរិស្ថាន និង​ជម្លោះ​ដីធ្លី ខណៈដី​កាន់តែ​ឡើងថ្លៃ​ជា​ដើម​នោះ​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​ជា​ធិបតី ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ (​គណៈកម្មការ​ទី​៤) នៃ​រដ្ឋសភា​។​

សមិទ្ធផល​សំខាន់ៗ​របស់​ក្រសួង​មហាផ្ទៃ​ចំនួន​៩​ចំណុច​ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ រួមមាន​៖ កិច្ចប្រតិបត្តិការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការងារ​អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​​ខ្មែរ និង​លិខិតឆ្លងដែន ការងារ​អន្តោប្រវេសន៍ គ្រោះថ្នាក់​ចរាចរណ៍ ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​​ការ​ងារ​​វិមជ្ឈការ និង​វិសហមជ្ឈការ ការងារ​ប្រជាធិបេតេយ្យ​នីយកម្ម ការងារ​សង្គម​ស៊ីវិល និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​៕