ថ្ម​និង​អាចម៍​ដី​ដែល​ចាក់​ចូល​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​កាយ​ចេញ​អស់​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី ១៨ តុលា​នេះ​។ ផ្ទុយ​ពី​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ក្រុមហ៊ុន​ដែល​ចាក់​ដី​ចូល​ឆ្នេរ​ព្រែក​ត្រែង មិន​ត្រឹម​តែ​មិន​ទាន់​កាយ​ដី​ចេញ​អស់​នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​ធ្វើ​របង​ព័ទ្ធ​ទៀត​។ ទាក់​ទង​នឹង​ករណី​នេះ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ បាន​សន្យា​ថា នឹង​លើក​យក​ករណី​នេះ ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ចុង​ខែ​នេះ​។

Loading...

ករណី​ចាក់​ដី​រំលោភ​យក​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ករណី​រសើប​ផ្សេង​ទៀត នឹង​ត្រូវ​លើក​ឡើង​ដោយ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ខាង​មុខ​នេះ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា ក្រុម​ហ៊ុន​ដែល​ចាក់​ដី​ចូល​ឆ្នេរ​ព្រែក​ត្រែង មិន​ត្រឹម​តែ​មិន​ទាន់​កាយ​ដី​ចេញ​អស់​នោះ​ទេ តែ​ថែម​ទាំង​ធ្វើ​របង​ព័ទ្ធ​ទី​នោះ​ទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ជា​យន្ត​ការ​ថ្មី​ដែល​ទើប​បង្កើត​ឡើង នៅ​ក្នុង​រដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី៦​នេះ​។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ នៅ​ថ្ងៃ​ទី១៨ តុលា ដែល​បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន ដែល​ចាក់​ដី​រំលោភ​ឆ្នេរ​សមុទ្រ​ព្រែក​ត្រែង នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​កាយ​ដី​ចេញ​នៅ​ឡើយ​ទេ ហើយ​បែរ​ជា​ធ្វើ​របង​ថែម​ទៀត​។ ការណ៍​នេះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ហ៊ុន សែន កាល​ពី​ខែ​កញ្ញា​។ កាល​ពី​ខែ​កញ្ញា តាម​រយៈ​លោក ជា សុផារ៉ា ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ កាយ​ដី​ដែល​ខ្លួន​បាន​ចាក់​ចូល​ឆ្នេរ​ព្រែកត្រែង ហើយ​ត្រូវ​រក្សា​ឆ្នេរ​ធម្មជាតិ​នេះ​ឲ្យ​នៅ​ដូច​ដើម​។

ប៉ុន្តែ​អស់​រយៈ​ពេល​ជាង​១ខែ​មក​នេះ ថ្ម​និង​អាចម៍​ដី ដែល​ចាក់​ចូល​ឆ្នេរ​ព្រែក​ត្រែង នៅ​មិន​ទាន់​កាយ​ចេញ​អស់​នៅ​ឡើយ​ទេ ហើយ​ជា​អ្វី​ដែល​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ លោក ពេជ្រ ស្រស់ បាន​សំដែង​ការ​សោក​ស្តាយ​។ ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​នេះ លោក ឱ សារឿន អ្នក​នាំ​ពាក្យ​ខេត្ត​ព្រះសីហនុ បាន​ពន្យល់​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​នីតិវិធី​ជា​ច្រើន​រួច​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ស្អាត​ទាំង​ស្រុង​នៅ​ឡើយ​ទេ​។ ប៉ុន្តែ ជា​គោលការណ៍ ករណី​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។

គួរ​កត់​សំគាល់​ដែរ​ថា ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​មួយ​ដែល​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​បន្ទាប់​ពី​ការ​មក​ដល់​យ៉ាង​គំហុក​នៃ​អ្នក​វិនិយោគ​ជន​ជាតិ​ចិន ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា​មួយ​នេះ បាន​ហក់​ឡើង​ខ្ពស់ ហើយ​តម្រូវ​ការ​ដី​ធ្លី​ក៏​កាន់​តែ​ច្រើន​ថែម​ទៀត​។ ក្រៅ​ពី​ករណី​រំលោភ​ដី​ឆ្នេរ​ដ៏​លេច​ធ្លោ​នៅ​ព្រែក​ត្រែង​ហើយ​នោះ ប្រជាពលរដ្ឋ​ក៏​កំពុង​រិះគន់​ទៅ​លើ​អាជ្ញាធរ​ខេត្ត​និង​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាក់​ដី​លុប​បឹង​ព្រែក​ទប់ ប្រមាណ​ជា ១១.៥០ ហិចតា ដែល​ជា​បឹង​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ជា​អ្វី​ដែល​លោក ពេជ្រ ស្រស់ បាន​អះអាង​ថា ជា​របៀប​វារៈ​អាទិភាព​របស់​លោក ដែល​នឹង​ត្រូវ​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ​។ បើ​តាម​លោក ពេជ្រ ស្រស់ បើ​ទោះ​បី​ជា​គ្មាន​សង្ឃឹម​ច្រើន​ក្តី តែ​លោក​នឹង​ប្រើប្រាស់​យន្តការ​ថ្មី​នេះ ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ ឲ្យ​មាន​ការ​កែ​សម្រួល ដើម្បី​ផល​ប្រយោជន៍​របស់​សាធារណជន​ទូទៅ​៕ ប្រភព៖ RFI