​ខេត្ត​ព្រះសីហនុ​ ៖ ជម្លោះ​ស្នេហា​បាន​ធ្វើ​ឲ្យ​បុរស​ជនជាតិ​ចិន លើក​បក្ខពួក​មួយ​ក្រុម​ប្រមាណ​ជាង​២០​នាក់ ទៅ​ព្រួត​វាយ​បុរស​ជា​ជនបរទេស​ជនជាតិ​ចិន រុស្ស៊ី និង​បេឡា​រ៉ូស របួសធ្ងន់ និង​ស្រាល ចំនួន​៧​នាក់​។ ជនរងគ្រោះ​ទាំង​៧​នាក់ គឺជា​មិត្តភក្តិ​និង​ស្ត្រី​ជនជាតិ​ចិន ដែល​ជា​ស្រី​ស្នេហ៍​របស់​ក្រុម​ជនសង្ស័យ​។ បន្ទាប់​ពី​បង្កហេតុ ក្រុម​ជនសង្ស័យ​បាន​នាំគ្នា​រត់​គេចខ្លួន​បាត់​អស់​។ ហេតុ​ក​រណ៍​នេះ បាន​កើតឡើង​នៅ​យប់ នៅក្នុង​សណ្ឋាគារ J.R ស្ថិតនៅ​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោងជាង ២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​

Loading...

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ករណីនេះ កើតឡើង​ដោយសារតែ មាន​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ XIA WEI XI អាយុ​១៩​ឆ្នាំ បាន​សុំ​មិត្ត​ប្រុស​របស់គេ​ឈ្មោះ XIA MING អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ J.R ដោយ​បែក​ពីគ្នា ។ បន្ទាប់មក នារី​ជនជាតិ​ចិន XIA WEI XI​រូបនោះ បាន​នាំ​បងស្រី និង​មិត្តភក្តិ​របស់​ខ្លួន​មាន​គ្នា​ចំនួន ៧​នាក់ ក្នុងនោះ​មាន ជនជាតិ​ស​រុស្ស៊ី ចំនួន​២​នាក់ ជនជាតិ​បេឡា​រ៉ូស​ចំនួន​ម្នាក់ និង​ជនជាតិ​ចិន​ចំនួន​៤​នាក់ ទៅ​យក​អីវ៉ាន់​នៅ​សណ្ឋាគារ J.R​។ នៅ​ដែល​ពេលទៅដល់ មិត្ត​ប្រុស​របស់​ស្ត្រី​ជនជាតិ​ចិន​រូបនោះ បាន​នាំគ្នា​មក​ព្រួត​វាយ​ទៅលើ​ក្រុម​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ជា​ជនជាតិ​បេឡា​រ៉ូស និង​៦​នាក់​ទៀត រង​របួសស្រាល​។ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​៕​ ​