កម្ពុជា​និង​តួកគី​ ពិភា​ក្សា​គ្នា​ពី​ការ​បើក​ស្ថាន​ទូត​កម្ពុជា​នៅ​តួក​គី​ ឲ្យ​បាន​ឆាប់​បំផុត​ និង​ឯក​ភាព​គ្នាធ្វើ​ទស្សនៈ​កិច្ច​លើ​គ្រប់​កម្រិត ​ដើម្បី​ពង្រឹង​ការ​រឹត​ចំណង​សាម​គ្គី​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​កាន់​តែ​រឹង​មាំ​។​ នេះ​គឺ​ជា​ការ​លើក​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​ លោក​ ហ៊ុន សែន​ និង​ លោក​ ប៊ីណាលី​ យីដីរីម​ (Binaly Yidirim)​ ប្រធាន​រដ្ឋ​សភា ​និង​ជាអតីត​នាយក​រដ្ឋ​មន្រ្តី​តួកគី​។​ តួក​គី​ជាទី​ដែល​ លោក​ ហ៊ុន​ សែន​ កំពុង​បំពេញ​ទស្សនៈ​​កិច្ច​ ក្រោយពី​លោក​ចាក​ចេញ​ពី​ចូល​រួម​កិច្ច​ប្រជុំ​ អាស៊ី-អឺរ៉ុប​ នៅ​ទី​ក្រុង​ប៊្រុច​សែល​។​

Loading...

នៅ​លើ​ហ្វេស​ប៊ុក​ផ្លូវ​ការ​ លោក​ ហ៊ុន​ សែន​ បាន​សរ​សេរ​ថា​ កិច្ច​ព្រម​ព្រៀង​ចំនួន​ ៨​ ត្រូវ​ចុះ​អនុស្សា​រណៈ​ជា​មួយ​គ្នា​។​ ក្នុង​នោះ​ទាក់​ទង​នឹង​វិស័យ​អប់រំ​ ទេសចរណ៍ ​ធន​ធាន​ទឹក​ កសិកម្ម​ វប្បធម៌​ និង​វិនិយោគ​ ត្រូវ​ចុះ​ហត្ថ​លេខានៅ​ថ្ងៃទី​២១​ តុលា​ ២០១៨​នេះ។​ បន្ថែម​ពី​នេះ ​លោក​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ រយៈ​ពេល​៥​ ឆ្នាំ​បន្ទាប់ពី​ បើក​ស្ថាន​ទូត​តួកគី​នៅ​កម្ពុជា ​កាល​ពី​ឆ្នាំ២០១៣​ កន្លង​ទៅ​ កម្ពុជា​ព្រម​នឹង​បើក​ស្ថាន​ទូត​នៅ​ប្រទេស​តួកគី​នៅ​ឆ្នាំ ​២០១៩​ ខាង​មុខ​នេះ​ដែរ​។

ការ​ដែល​កម្ពុជា​បើក​ស្ថានទូត​ប្រចាំ​នៅ​តួកគី​ ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ អះអាង​ថា ​ជាការ​រួមចំ​ណែក​ក្នុង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ឈាន​ឡើង​បន្ថែម​ទៀត​។

ដោយ​ឡែក​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​នឹង​ខិត​ខំ​ធ្វើឲ្យ​បាន​នូវកិច្ច​ព្រម​ព្រៀង​ដោយ​មិន​យក​ពន្ធ​ត្រួត​គ្នា ​និង​ស្នើឲ្យ​ពន្លឿន​ការ​ហោះហើរ​ត្រង់​ដឹក​អ្នក​ដំណើរពី​តួកគី​មក​កម្ពុជា​។​ នេះបើ​តាម​ហ្វេស​ប៊ុក ​លោក ​ហ៊ុន ​សែន​។

សូម​រំឭក​ថា ​មុន​ដំណើ​រ​ទស្សនៈ​កិច្ច​នេះ ​តួកគី​កាល​ពីដើម​ខែ​តុលា​ បាន​ស្នើ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​បត្យាប័ន​មនុស្ស​សំខាន់​បី​នាក់ ជា​សមា​ជិក​ចលនា​សង្គមអ៊ីស្លាម​សេរី​ ដែល​រដ្ឋអំណាច​តួកគីចោទថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ តួកគីកាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦​​។

ប្រមុខការទូត​តួកគី​អះអាងថា ចលនា FETO របស់លោក ហ្វេធូឡា ហ្គូឡិន ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គឺជ្រាប​ចូល​ក្នុង​ស្ថាប័ន​រដ្ឋ ដោយ​ប្រើ​ប្រាស់​សាលា​រៀន​ជា​ការ​លាក់​បាំង។ សាលា​ហ្សាម៉ាន់ នៅ​កម្ពុជា ដែល​រងការ​ចោទថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ សមាជិក​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់​លោក ហ្វេធូឡា ហ្គូឡិន។ ប៉ុន្តែ សាលាហ្សាម៉ាន់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ចាត់​ទុកការ​ចោទ​ប្រកាន់​របស់​ឯកអគ្គរដ្ឋទូត​តួកគីនៅ​កម្ពុជា ​ថាធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុនរបស់​ខ្លួន​៕ ប្រភព៖ RFI