ភ្នំពេញ —​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ពី​ទីក្រុង ​អ៊ីស្តង់ប៊ុលប្រទេស​ តួកគី ថា ​រដ្ឋាភិបាល​របស់លោក​គ្រោង​នឹង​ទិញ​ដី​សង់ស្ថាន​ទូត​របស់​កម្ពុជា​ ​ប្រចាំ​នៅ​រដ្ឋធានី​ អង់ការ៉ា​ ប្រទេស​ តួកគី ដើម្បី​បញ្ជាក់​ពី​ការ​ផ្សា​ភ្ជាប់​ចំណង​ការ​ទូត​ស៊ីជម្រៅ​រវាង​កម្ពុជា​និងតួកគី។​ នេះ​បើ​យោង​តាម​ព័ត៌មាន​សង្ខេបមួយ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ។

Loading...

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​នៅ​ប្រទេស​ តួកគី​ ​ជាទី​ដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​នេះគឺ​លោក​ប្រធានាធិបតី​ ​Recep Tayyip Erdoganនិង​ក្រុម​មន្ត្រី​ផ្សេង​ទៀត។​

តាម​ព័ត៌មាន​តែ​បាន​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនាយក​រដ្ឋមន្ត្រី​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​ លោក​ ​ហ៊ុន សែន​ ​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​ ​Recep Tayyip Erdogan លើ​បញ្ហា​ជា​ច្រើន រួមមាន​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​មាន​ការ​កើន​ឡើង​រហូត​ដល់​មួយ​ពាន់​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ ការ​បណ្តាក់ទុន​លើ​វិស័យ​អាទិភាព​ចំពោះ​មុខ​របស់​កម្ពុជា ជា​ពិសេស​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​នៅ​កម្ពុជា​ ការ​បើក​ឲ្យ​មាន​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​កម្ពុជា​-តួកគី បន្ថែម​លើ​ជើង​ហោះហើរ​បច្ចុប្បន្ន​ និង​ការ​ជំរុញ​លើ​វិស័យ​ទេសចរណ៍។​

មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ ​ការ​គាំទ្រ​គ្នា ទៅ​វិញ​ទៅ​មក​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​ ជា​ពិសេស​ធ្វើការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម និង​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​បណ្តាញ​អង្គការ​ភេរវកម្ម​អន្តរជាតិ។​ ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​អនុស្សរណៈ​យោគយល់​សំខាន់ៗ​ចំនួន​៨​ផង​ដែរ។​ ​កិច្ចព្រមព្រៀង​ទាំងនោះ​គ្រប​ដណ្តប់​លើ​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម​ បច្ចេកវិទ្យា ការ​អប់រំ​សិក្សា​ធិការ ​ទេចរណ៍​ និង​វប្បធម៌។​

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ជួបសំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​តួកគី​ផង​ដែរ។​ ​ក្នុង​ជំនួប​សំណេះសំណាល​នោះ លោក ហ៊ុន​ សែន បាន​ប្រកាស​ពី​បំណង​របស់​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ទិញ​ដី​សម្រាប់​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​ អង់ការ៉ា ប្រទេស តួកគី។

លោក​ ហ៊ុន សែន ថ្លែង​ថា៖

«យើង​កំពុងតែ​ពិនិត្យ​អំពីការ​ទិញ​យក​អគារ​ សម្រាប់ការបើក​ស្ថានទូត​ នៅទីនោះ​។ ហេតុអ្វី​បានយើង​ចាំបាច់​ទិញ​អគារ? ប្រ​ទេស​មួយចំនួន​យើងត្រូវប្រើប្រាស់​នូវការ​ជួល​ ប៉ុន្តែ​បើសិន​ជា​យើង​មាន​លទ្ធភាព​ខាង​ថវិកា​ យើង​អាច​ទិញ​ ជាការល្អជាង​ ហើយ​វា​ជាការ​ឲ្យ​សន្យា​ថា​ យើងចាក់​ឫស​យ៉ាង​ជ្រៅ​ទៅក្នុង​ទំនាក់​ទំនង​នេះ»។​

អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា​ ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន ​ក្នុង​ការ​កសាង​គ្រឹះ​ការ​ទូត​រឹង​មាំ​ជា​មួយ​នឹង​ប្រទេស​ តួកគី បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក​ហ៊ុន សែន កំពុង​ទាញ​កម្ពុជា​ឲ្យ​រក​ប្លុក​កុម្មុយ​នីស្ត ខណៈ​ប្រទេស​តួកគី​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រឹត​ចំណង​ការទូត​ជាមួយ​នឹង​រុស្ស៊ី​ដើម្បី​ទប់​ឥទ្ធិពល​សហរដ្ឋអាមេរិក។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ​ទៀត​សោត កើត​មាន​ឡើង​នៅ​ពេល​រដ្ឋាភិបាល​របស់​លោក​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​សហភាព​អឺរ៉ុប​រក្សា​ទុក​ការ​អនុគ្រោះ​ពន្ធ​តាម​កម្មវិធី​អនុគ្រោះពន្ធ​«គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ»។​

លោក​ ​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បាន​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មេដឹកនាំ​កម្ពុជា​កំពុង​នាំ​ប្រទេស​នេះ​ ទៅ​កាន់​សហគមន៍​កុម្មុយនីស្ត​ ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​ប្រជាធិបតេយ្យ។

លោក មាស នី បាន​ថ្លែង​ថា៖ ​

«តាម​ខ្ញុំ​មើល​ទៅ​វា​ជា​ យើង​ហៅ​ថា​ ជា​យុទ្ធសាស្ត្រ​ផ្នែក​នយោ​បាយ​ក្នុង​តំបន់​នេះ​ គេ​ហៅ Geopolitic ដែល​ប្រទេស​មួយ​ កាល​ណា​ផ្តាច់​ខ្លួន​ពី​មហាអំណាច​មួយ​ ហើយ​ទៅ​ទំនាក់​ទំនង​ជាមួយ​មហាអំណាចមួយទៀត​សម្រាប់​ខ្ញុំ​ ខ្ញុំ​គ្រាន់​តែ​មើល​ឃើញ​ ប្រទេស​កម្ពុជា​ទំនង​ដូច​ជា​កំពុង​តែ​ធ្វើ​ដំណើរ​ចូល​ទៅ​រក​ប្លុក​កុម្មុយនីស្ត​ ដែល​មាន​ទាំង​សូវៀត​ ហើយ​និង​ចិន។​ នេះ​ជា​ការ​មើល​ឃើញ​ដំបូងៗរបស់​ខ្ញុំទេ។ យើង​នឹង​ធ្វើ​ការ​តាម​ដាន​រឿង​ហ្នឹង​តទៅ​ទៀត»។ ​

ក្រៅ​ពី​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​លោក​នៅប្រទេស តួកគី នោះ​ ​នៅ​ថ្ងៃ​ទី ២២ ខែ តុលា នេះ​ លោក​ ហ៊ុន សែន​ ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ ហ្ស៉ឺណែវ ប្រទេស​ស្វីស​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ស្តី​ពី​ពាណិជ្ជកម្ម ហើយ​លោក​នឹង​ចាកចេញ​ពី​ប្រទេស​ស្វីស​នៅ​យប់​ថ្ងៃ​ទី​ ​២៤ ខែ​ តុលាខាងមុខនេះ។​ ​នេះ​បើយោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​សប្តាហ៍​មុន៕​ ប្រភព៖ VOA