​គ្រួសារ​នៃ​បុរស​ចំណាស់​ម្នាក់ ដែល​ត្រូវបាន​គប់​ដុំថ្ម​រហូត​ស្លាប់ ដោយ​សត្វ​ស្វា​មួយក្រុម​នៅក្នុង​ប្រទេស​ឥណ្ឌា កំពុង​នាំគ្នា​តតាំង​នឹង​ប៉ូលីស ដែល​បាន​ស្តីបន្ទោស​លើ​ការស្លាប់​របស់គាត់ ខណៈ​ពួកគេ​មកប្តឹង ។​

Loading...

​ជនរងគ្រោះ​ឈ្មោះ Dharampal Singh អាយុ ៧២ ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចេញទៅ​ប្រមូល​អុស​នៅក្នុង​ភូមិ Tikri, រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៨ តុលា នៅពេលនោះ​សត្វ​ស្វា​មួយក្រុម​បាន​គប់​ដុំឥដ្ឋ​ជាច្រើន ដែល​ពួកវា​បាន​យក​ចេញពី​អគារ​មួយ​ក្បែរ​នោះ​, នេះ​បើ​យោងតាម Times of India ។​

​គ្រូ​សារ​របស់គាត់ ក្រោយមក បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅ​ប៉ូលីស ហើយ​សន្ម​ត់​ថា​សត្វ​ស្វា​ទាំងនោះ​ជា​ជនល្មើស ។ ទោះយ៉ាងណា អាជ្ញាធរ​បានចាត់ទុក​ថា​ករណីនេះ​គឺជា «​គ្រោះថ្នាក់​» ។​

​បងប្រុស​ជនរងគ្រោះ​ឈ្មោះ Krishnapal Singh បាន​និយាយថា​៖ «​សត្វ​ស្វា​ទាំងនោះ​បាន​គប់​ឥដ្ឋ​ជាង ២០ ដុំ ទៅលើ Dharampal កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។ គាត់​ត្រូវបាន​វាយប្រហារ​នៅត្រង់​ក្បាល​, ទ្រូង និង​ជើង​ទាំងពីរ ។ ការ​គប់​ពី​ទី​ដ៏​ខ្ពស់​បែបនេះ នោះ​ដុំឥដ្ឋ​ទាំងនោះ​ប្រាកដ​ណាស់​នឹង​សម្លាប់​គាត់​បាន​» ។​

​ទោះយ៉ាងណា មន្ត្រី​ប៉ុស្តិ៍ប៉ូលីស Doghat បាន​សម្តែង​ការហួសចិត្ត​ទៅវិញ ចំពោះ​ការលើកឡើង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ក្នុង​ការប្តឹង​ប្រឆាំង​សត្វ​ស្វា​ក្នុងករណីនេះ​ទេ ។​

​មន្ត្រី​ប៉ូលីស​ឈ្មោះ Chitwan Singh បាន​និយាយថា​៖ «​តើ​យើង​នឹង​ប្តឹង​ប្រឆាំង​សត្វ​ស្វា​យ៉ាងម៉េច​ទៅ​? រឿងនេះ​ពិតជា​ធ្វើ​ឲ្យ​ពួកយើង​គួរ​ឲ្យ​អស់សំណើច​មែនទែន​ហើយ ។ ខ្ញុំ​គិតថា វា​គឺជា​ការទាមទារ​ដ៏​ពុំ​សម​ហេតុផល​មួយ​តែម្តង​» ។​

​ប៉ុន្តែ អ្នកភូមិ​ជាច្រើន​ក៏បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​សត្វ​ស្វា​ដែល​កំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង ទៅដល់​ប្រជាជន​នៅក្នុង​តំបន់ ។​

​អ្នកភូមិ​ម្នាក់​ឈ្មោះ Bheema Kashyap និយាយថា​៖ «​ការវាយប្រហារ​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​នេះ ទៅលើ​ជនរងគ្រោះ Dharampal អាចជា​ករណី​ដ៏​អាក្រក់​មួយ ព្រោះថា សត្វ​ស្វា​ទាំងនោះ​កំពុង​បង្ក​ការលំបាក​ខ្លាំង​ដល់​ការរស់នៅ​របស់​អ្នកភូមិ​នៅទីនេះ ហើយ​ហាក់ដូចជា​ពុំមាន​ដំណោះស្រាយ​ណាមួយ ត្រូវបាន​ធ្វើឡើង​ទប់ទល់​នឹង​ពួកវា​នោះទេ​» ៕