សន្និសីទអន្តរជាតិលើកទី១ ស្តីពីសុខភាពផ្នែកប្រព័ន្ធរំលាយអាហាររបស់មនុស្ស បានផ្តើមបើកទ្វារ កាលពីថ្ងៃអង្គារទី២៣តុលា នៅឯទីក្រុងវីយែន រដ្ឋធានីប្រទេសអូទ្រីស។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានបង្ហាញលទ្ធផលសាកល្បង លើកដំបូងរបស់ខ្លួន ដែលផ្តោតទៅលើសារធាតុប្លាស្ទិក។ យោងតាមការស្រាវជ្រាវនេះ សារធាតុប្លាស្ទិក បានពិតជាបានជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្សយើង តាមរយៈ ចំណីអាហារ ឬទឹកដែលយើងបរិភោគ។

Loading...

មានមនុស្ស៨នាក់ មកពី៨ប្រទេស មានដូចជា ហ្វាំងឡង់ ហូឡង់ អង់គ្លេស អ៊ីតាលី ប៉ូឡូញ រុស្ស៊ី អូទី្រស និងជប៉ុន បានស្ម័គ្រចិត្តចូលរួម ក្នុងការស្រាវជ្រាវសាកល្បង ដើម្បីស្វែងរកសារធាតុប្លាស្ទិក នៅក្នុងប្រព័ន្ធរំលាយអាហារ។ អស់រយៈពេល១សប្តាហ៍​ អ្នកស្ម័គ្រចិត្តទាំង៨នាក់​ ដែលមានអាយុចន្លោះពី ៣៣ ទៅ៦៥ឆ្នាំនេះ បានកត់ត្រាទុក នូវចំណីអាហារ ដែលគេបរិភោគ ព្រមទាំងបានស្រង់យកបំណែកតូចមួយនៃលាមក ជារៀងរាល់ពេលបន្ទោបង្គ។

ឆ្លងកាត់ការវិភាគ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញសារធាតុប្លាស្ទីក នៅក្នុងលាមក របស់មនុស្សទាំងនោះគ្រប់ៗគ្នា គ្រាន់តែទំហំនៃសារធាតុប្លាស្ទិកនោះ ខុសគ្នា ចន្លោះពី៥០ ទៅ៥០០មីក្រូមែត្រ។ ពោល ជាទូទៅ​សារធាតុប្លាស្ទីកដែលរកឃើញ គឺមានទំហំតូចបំផុត ធំប៉ុនសរសៃសក់។ បើតាមការសន្និដ្ឋាន សារធាតុប្លាស្ទិកទាំងនេះ​ បានជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស តាមរយៈចំណីអាហារ ដូចជាត្រីឬគ្រឿងសមុទ្រ ព្រមទាំងទឹកបរិភោគ ដែលច្រកក្នុងដបប្លាស្ទិក។

លោកស្រី Bettina Liebmann អ្នកស្រាវជ្រាវម្នាក់ ក្នុងក្រុមការងារនេះ បានបញ្ជាក់ថា ជារួម មានសារធាតុប្លាស្ទិក៩ប្រភេទ ដែលគេបានរកឃើញ។ ក្នុងមានមានភាគច្រើនបង្អស់ គឺសារធាតុប្លាស្ទីក Polypropylène ​ដែលជាប្លាស្ទិក ដែលគេផលិតធ្វើជាដបទឹក និងគំរបដបទឹក។ ក្រៅពីនេះ នៅមាន​សារធាតុ២ទៀត គឺ សារធាតុ Polystyrène ដែលមាន ជាទូទៅនៅក្នុងប្រអប់ស្នោរ សម្រាប់ការវិចខ្ចប់ចំណីអាហារ និងសារធាតុ Polyéthylène ដែលមាននៅក្នុងថង់ប្លាស្ទិក។

លោកសាស្ត្រាចារ្យ Philippe Schwabl មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទីក្រុងវីយែន ដែលដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថា ក្នុងការស្រាវជ្រាវមុនៗ ដែលធ្វើទៅលើសត្វ បានបង្ហាញ​ថា សារធាតុប្លាស្ទិក បានជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់សត្វ ដូចជាក្រពះ ពោះវៀនជាដើម ហើយថែមទាំងបានជ្រាបទៅនៅក្នុងឈាម ថ្លើម និងប្រម៉ាត់ របស់សត្វទៀតផង។

លោក Alistair Boxall សាស្ត្រាចារ្យនៅសកលវិទ្យាល័យ York ប្រទេសអង់គ្លេស បានលើកឡើងថា លោកមិនភ្ញាក់ផ្អើលទេ ដែលសារធាតុប្លាស្ទិក បានជ្រាបចូលទៅក្នុងខ្លួនមនុស្ស ព្រោះថា សារធាតុប្លាស្ទិក បានជ្រាបចូលទៅក្នុងទឹកបរិភោគ ទៅក្នុងសាច់សត្វ ជាពិសេសសាច់ត្រី និងគ្រឿងសមុទ្រជាដើម។ លោកបានបន្ថែមថា ត្រូវតែមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីចង់ដឹងថា តើសារធាតុប្លាស្ទិក ដែលជ្រាបចូលក្នុងខ្លួនមនុស្សនោះ វាអាចបង្កផលប៉ពាល់កម្រិតណា។

ចំណែកលោកស្រី Stephanie Wright អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យទីក្រុងឡុង បានលើកឡើង ថា ត្រូវតែស្រាវជ្រាវបន្ថែម​ ចង់ដឹងថាតើ សារធាតុប្លាស្ទិក ដែលជ្រាបចូលតាមចំណីអាហារ ទៅក្នុងខ្លួនមនុស្សនោះ តើវានឹងនៅកកផ្តុំក្នុងខ្លួនមនុស្សបន្តិចម្តងៗ ឬមួយក៏វាត្រូវសរីរាង្គរំលាយចោល បញ្ចេញមកក្រៅ តាមលាមកទាំងអស់៕ ប្រភព៖ RFI