មហាសេដ្ឋីចិន ដែល​មាន​ទ្រព្យសម្បត្តិ ច្រើន​ជាង ១ពាន់​លាន​ដុល្លារ បាន​កើន​ចំនួន​ដ៏​ច្រើន មិន​ធ្លាប់។ គ្រាន់​តែ​ក្នុង​មួយឆ្នាំ ២០១៧ មហាសេដ្ឋី​ចិន ១០៦​នាក់ ត្រូវ​បាន​ដាក់​បញ្ចូល​បន្ថែម​ទៅ​ក្នុង​តារាង​មហាសេដ្ឋី ដែល​មាន​ប្រាក់​ ចាប់​ពី​១ពាន់​លាន​ដុល្លារ​ឡើង​ទៅ។ អាច​ថា ក្នុង​មួយ​សប្តាហ៍ ចំនួន​មហាសេដ្ឋីចិន ប្រាក់​រាប់ពាន់​លាន​ដុល្លារ កើនឡើង​បន្ថែម ពីរ​នាក់ ក្នុង​មួយសប្តាហ៍។ នេះ​បើតាម​របាយការណ៍​របស់​ធនាគារ​ដ៏ធំ​របស់​ស៊្វីស ឈ្មោះ UBSចុះផ្សាយ នៅថ្ងៃ​សុក្រម្សិលមិញ។

Loading...

នៅក្នុង​ពិភពអ្នកមាន​ទ្រព្យសម្បត្តិ​កប់ពពក មហាអំណាច​ចិន បាន​ជាប់ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពីអាមេរិក ដែល​មាន​មហាសេដ្ឋី មានទឹកប្រាក់​ចាប់ពី​១ពាន់លាន​ដុល្លារ ចំនួន ៦៣១​នាក់។ ការសិក្សា​មួយ​របស់​ធនាគារ​ស្វ៊ីស UBS បាន​បង្ហាញថា មហាសេដ្ឋី​ចិន ដែល​មាន​ទឹកប្រាក់​ចាប់ពី​១ពាន់​លាន​ដុល្លារ បាន​កើនឡើង​ដល់ចំនួន ៤៧៥នាក់ ក្នុង​ពិភពលោក ដែលនៅក្នុង​នោះ ៣៧៣​នាក់ រស់នៅ​ប្រទេស​ចិន។ ជា​ចំនួន​កើនឡើង​ក្នុង​កម្រិតខ្ពស់ និង​លឿន​បំផុត ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយនេះ ព្រោះថា ចិន​ធ្លាប់​មាន​មហាសេដ្ឋី​ចិន ប្រាក់​រាប់ពាន់​លាន​ដុល្លារ តែ ចំនួន ១៦នាក់ ប៉ុណ្ណោះ កាលពី​ឆ្នាំ ២០០៦។

សូមអាន៖ ចិន​មាន​មហាសេដ្ឋី​ទឹកប្រាក់​ជាង​១លាន​ដុល្លារ ច្រើន​ជាង​១​លាន​នាក់

២០១៧ ជា​ឆ្នាំ​សមប្រកប​បំផុត​សម្រាប់​មហាសេដ្ឋី​ចិន ក្នុង​ការបង្កើនលាភ ទ្រព្យសម្បត្តិរបស់ខ្លួន។ នៅ​ឆ្នាំ ២០១៧ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ក្នុងស្រុក​ចិន ទាំង​៣៧៣​នាក់ បាន​កើនឡើង ដល់ ១១២០ ពាន់​លាន​ដុល្លារ អាមេរិក។ តាម​របាយការណ៍​របស់​ធនាគារ​ស្វ៊ីស ៩៧ភាគរយ​នៃ​មហាសេដ្ឋី ដែល​មាន​ប្រាក់​ចាប់ពី​១ពាន់​លាន​ដុល្លា គឺ​ជា​អ្នកជំនួញ​ម្ចាស់ សហគ្រាស​ដែល​រកស៊ី​មាន​បាន​ដោយ​ខ្លួនឯង។ ពួកគេ​ភាគច្រើន​វិនិយោគ​ធ្វើ​ជំនួញ ទៅលើ​ផ្នែក​បច្ចេកវិទ្យា ហើយ​និងការលក់រាយ និង​មាន​អាយុ​ជា​មធ្យម ៥៥ឆ្នាំ។

នៅក្នុង​របាយការណ៍​របស់ធនាគារ​ស្វ៊ីស គេ​បានកត់សំគាល់​ផងដែរ មហាសេដ្ឋី ថ្មី ដ៏ល្បីឈ្មោះ និង​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ បង្អស់​នៅ​ប្រទេស​ចិន គឺ​លោក​ជែក ម៉ា ប្រធានក្រុមហ៊ុន​លក់ទំនិញ​តាមអ៊ីនធ័រនែត Alibaba ដែល​មាន​ទ្រព្យសម្បត្តិ​សរុប ៣៤​ពាន់​លាន​ដុល្លារ។

សម្រាប់​អ្នកទទួល​ខុសត្រូវ​ខាង​គ្រប់គ្រង​ផ្នែក​ទ្រព្យសម្បត្តិ​ខ្ពស់​បំផុត​របស់​ធនាគារ​ស្វ៊ីស UBS នេះ​គ្រាន់តែ​ជា​តែ​ការចាប់ផ្តើម ប៉ុណ្ណោះ។ ចំនួន​ប្រជាជន​ចិន​ជាង​១ពាន់​លាននាក់ ការរកឃើញ​ថ្មីៗ ការរីកដុះដាល​ខាង​ផ្នែក​បច្ចេកវិទ្យា ការកើនឡើង​នៃ​ការផលិត​ក្នុង​ស្រុក ហើយ​និង​ការជួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល គឺ​ជា​កត្តាសំខាន់ៗ​ដែល​បាន​ បង្កើត​បរិយាកាស លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ចិន វិនិយោគ បង្កើត​មុខជំនួញ ហើយ​និង​ផ្លាស់ប្តូរ​លក្ខខណ្ឌ​ជីវិត​របស់​ពួកគេ។

សម្រាប់​មន្រ្តី​របស់​ធនាគារ​UBS ប្រចាំ​អាស៊ី ប៉ាស៊ីហ្វិក មហាសេដ្ឋី អាស៊ី​ភាគច្រើន មាន​វ័យក្មេង ដែល​មាន​សក្តានុពល និង​ចង់​ធ្វើ​ជំនួញ មិន​ចេះ ហត់នឿយ។ ពួកគេមិន​ខ្លាច​នឹង​ផ្លាស់ប្តូរ​មុខជំនួញ ដើម្បី ​ងាយ​នឹង​បត់បែន ឆ្លើយទៅតាម​កាលៈទេសៈ និង​កាលវិវឌ្ឍ​របស់​សង្គម​នោះទេ។ បច្ចុប្បន្ននេះ ពួកគេ​កំពុង​តែ​ប្រជែង ចង់​ដណ្តើម​កន្លែង​របស់​ជនជាតិ​អាមេរិកាំង ក្នុង​នាម​ជា​ប្រធាន​សហគ្រាស​ខាងផ្នែក​បច្ចេកវិទ្យា​ទៀតផង។ គេ​រកឃើញដែរ​ថា អ្នកដែល​ធ្វើជំនួញ រហូត​ក្លាយ​ជា​មហាសេដ្ឋី ដោយ​ខ្លួនឯង មាន​ចំនួន ៨០ភាគរយ​ក្នុង​ចំណោម​ម្ចាស់​ក្រុមហ៊ុន ដែល​បាន​ច្នៃ​បង្កើត​មុខ​ជំនួញថ្មីៗ ក្នុង​រយៈពេល​៤០ឆ្នាំ​ចុងក្រោយនេះ៕ ប្រភព៖ RFI