​ខេត្ត​កំពង់ធំ​ ៖ ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​អះអាង​ថា សកម្មភាព​ធ្វើ​នេសាទ​ខុសច្បាប់ បាន​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ នៅតាម​ទន្លេសាប ខេត្ត​កំពង់ធំ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​ចេញមុខ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​។​

Loading...

​ប្រជាពលរដ្ឋ​ចោទ​ថា រាល់ថ្ងៃនេះ ការប្រើឧប​កេណ៍ខុសច្បាប់ ដោយ​បំពាក់​ម៉ាស៊ីន​លើ​ទូក និង​ប្រើ​កញ្ជ្រែ​ងអូស​លៀស​ដោយ​ម៉ា​សីុន ដែល​ជា​ឧបករណ៍​ខុស​ច្បាប់​ជលផល​បាន​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ ប៉ុន្តែ​ទូក​ដែល​បំពាក់​ឧបករណ៍​ល្មើសច្បាប់​ខាងលើនេះ មាន​ប្រមាណ​ជាង​១០​គ្រឿង ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ នៅ​ចំណុច​កោះ​តាបរ បឹង​ទន្លេសាប ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ គេ​ឃើញ​ទូក​ឈ្មួញ​ទិញ​លៀស និង​ទូក​អ្នក​អូស​លៀស ដោយ​ម៉ាស៊ីន បាន​មក​ប្រមូល​ទិញ​លៀស​តាម​ទូក ដែល​អូស នៅ​ចំណុច​កោះ​តាបរ ក្បែរ​ស្នាក់ការ លោក​យ៉ាន់ វី​សាក់ ហៅ​សែ នាយ​ផ្នែក​ជលផល​ផាត់​សណ្តា​យ​។​

ប្រភពពី​អ្នករកស៊ី​អូស​លៀស​ដោយ​ម៉ាស៊ីន ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម បានឱ្យដឹងថា ថៅកែ​លៀស​បាន​រត់ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ឱ្យ​ពួកគាត់​ចេញ​អូស​លៀស​ដោយ​រលូន ប៉ុន្តែ​បើ​អូស​លៀ​សបាន ត្រូវតែ​យក​មក​លក់​ឱ្យ​ថៅកែ​ប្រមូល​ទិញ​លៀស​ខាងលើនេះ​ផ្តាច់មុខ​។​

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​ប្រមូល​ទិញ​លៀស​នោះ បានឱ្យ​ដឹង​ដែរ​ថា ក្នុង​មួយ​ថ្ងៃៗ ឈ្មួញ​ទិញ​លៀស​បាន​ប្រមូល​ទិញ​លៀស​បាន​ជាច្រើន​កា​រ៉ុង ហើយ​យប់​ឡើង​ទើប​មាន​រថយន្ត​ដឹក​ចេញ​យកទៅលក់​នៅ​ផ្សារ​ឧត្តុង ឬ​រាជធានី​ភ្នំពេញ​។​

​យ៉ាងនេះក្តី មិនទាន់​អាច​ទាក់ទង លោក យ៉ាន់ វិសាក់ ហៅ​សែ នាយ​ផ្នែក​ជលផល​ផាត់​សណ្តា​យ ដើម្បី​ស្នើសុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ​បានទេ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១៨​។​

ច្បាប់​ជលផល​មាត្រា​ទី​២០ ចំណុច​១៤ គឺ​ហាម​ដាច់ខាត ចំពោះ​ការនេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ដែន​នេសាទ ដោយ​ប្រើ​ឧបករណ៍​នេសាទ​ទំនើប​នាំមក​នូវ​ការបំផ្លាញ​មច្ឆា​ជាតិ ។ ដូច្នេះ​ការប្រើ​ឧបករណ៍​អូស​លៀស​ដោយ​ម៉ាស៊ីន គឺ​ខុស​នឹង​ច្បាប់​ជលផល​៕​