អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល១១ថ្ងៃ​ចាប់ពី​ថ្ងៃទី២៩ ខែតុលា​ការ​ស្អែក​នេះ រហូតដល់​ថ្ងៃទី៨ ខែវិច្ឆិកា។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។ ជាការ​កត់សម្គាល់ ដំណើរ​ទស្សនកិច្ច​នេះ ប្រកាស​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ស្វី​ស។

Loading...

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ជាថ្មី​រយៈពេល១១ថ្ងៃនេះ លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​គ្រោង​នឹង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា។ ប៉ុន្តែ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ទេ ថា​តើ​លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​លើកយក​ប្រធានបទ​អ្វី​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ទាំងអស់នោះ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​រ៉ូ​ណា ស្មី​ត​នៅ​កម្ពុជា​នាពេលនេះ បានប្រកាស​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​កាលពីដើម​សប្តាហ៍​នេះ និង​បាន​ជួប​ជាមួយ​ប្រធាន​ស្ថាន​ប័ន​នេះ​ដោយផ្ទាល់​ថែមទៀត។ គឺ​នៅក្នុង​ជំនួប​នោះ​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​បន្ត​អាណត្តិ ២ ឆ្នាំ​ទៀត​ដល់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​មាន​កិច្ចសហការ​រវាង​អង្គការសហប្រជាជាតិ​ជាមួយនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា មុននឹង​ចេញ​របាយការណ៍​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត នឹងធ្វើ​របាយការណ៍​មួយ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅក្នុង​ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។ អ្នកជំនាញ​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដូច​សព្វមួយដង នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី នៅ​រសៀល​ថ្ងៃទី៨ ខែវិច្ឆិកា​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។

សូមបញ្ជាក់ថា នៅមុន​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត បាន​សម្តែង​នូវ​ការព្រួយបារម្ភ​នានា​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស បូករួម​ទាំង​ការបោះឆ្នោតជាតិ​កម្ពុជា។ កាលពី​ខែ​មុន លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ចោទសួរ​ពី“ភាពជឿជាក់”នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​បក្ស​កាន់អំណាច​បានឈ្នះ​អាសនៈ​ទាំងអស់​ក្នុង​រដ្ឋសភា​នៅ​ចំពោះ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ។ ជាមួយនឹង​ការ​ចោទសួរ​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត ក៏បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា មាន​ភាពមិនប្រក្រតី​ខ្លះ​នៅមុន​ការបោះឆ្នោតជាតិ​ថ្ងៃទី២៩ ខែកក្កដា ៕ ប្រភព៖ RFI