រដ្ឋាភិបាល​ចិន​នឹង​ត្រូវ​គេ​ជជីក​សួរ​អំពី​ការណ៍​ដែល​ខ្លួន​ឃុំឃាំង​ជាតិ​សាសន៍​អ៊ុយហ្គ័រ​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​អំឡុង​ពេល​ការ​ពិនិត្យ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ដោយ​រដ្ឋាភិបាល​អាមេរិក​ដឹក​មុខ​គេ​នៅ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ដាក់​ឃុំ​នៅ​បណ្ដាញ​ជំរំ​ឃុំឃាំង​នេះ។

ជាតិ​សាសន៍​អ៊ុយហ្គ័រ និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ដទៃ​ទៀត​រហូត​ដល់ ១ លាន​នាក់ កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរំ​ឃុំឃាំង​ខុស​ច្បាប់​នៅ​ក្នុង​តំបន់ Xinjiang នៃ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​គណៈកម្មាធិការ​មួយ​នៃ​អង្គការ​សហប្រជាជាតិ។

លោក Patrick Poon អ្នក​ស្រាវជ្រាវ​កិច្ចការ​ប្រទេស​ចិន​នៃ​អង្គការ Amnesty International បាន​និយាយ​ថា៖ «ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ត្រូវតែ​បញ្ជូន​សារ​ឲ្យ​បាន​ច្បាស់​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ចិន​ថា យុទ្ធនាការ​បង្ក្រាប​ជា​ប្រព័ន្ធ​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ស្វយ័ត Xinjiang ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​ចំពោះ​មនុស្ស​រហូត​ដល់​ទៅ ១ លាន​នាក់​ផង​ដែរ ត្រូវតែ​បញ្ចប់‍»។

ប្រទេស​ជា​សមាជិក​ទាំង ១៩៣ នៃ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ឆ្លងកាត់​ការ​ពិនិត្យ​ជា​ប្រចាំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស អំពី​បញ្ហា​សិទ្ធិ​មនុស្ស។

ប្រទេស​ចិន​នឹង​បង្ហាញ​របាយការណ៍​របស់​ខ្លួន​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស និង​អំពី​ការ​ផ្លាស់ប្ដូរ​ណា​មួយ​ដែល​ខ្លួន​បាន​ធ្វើ​ឡើង​តាំង​ពី​ខ្លួន​បាន​រាយការណ៍​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ ២០១៣ មក ដោយ​អ្នក​ការទូត​មក​ពី​ជុំវិញ​ពិភពលោក​នឹង​មាន​ឱកាស​សួរ​សំណួរ។

ពាក់ព័ន្ធ​នឹង​ជំរំ​ឃុំឃាំង​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយ​ថា ជំរំ​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ភាព​ជ្រុល​និយម​បែប​សាសនា និង​ការ​ផ្ដាច់​ខ្លួន​នៅ​ក្នុង​តំបន់ Xinjiang បន្ទាប់ពី​មាន​ភាព​ចលាចល​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មក៕ ប្រភព៖ VOA