មាន​ការ​បែកបាក់​យ៉ាង​ខ្លាំង​មុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ជ្រើសរើស​សភាថ្មី​ហើយ​និង​ធ្វើ​ការសម្រេច​ពីការ​បំពេញ​ការងារ​របស់​ប្រធានា​ធិបតី​ត្រាំ​នៅ​ពាក់​កណ្តាល​អាណត្តិ។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ​អាច​ធ្វើឲ្យមាន​ការ​ផ្លាស់​ប្តូរ​តុល្យភាព​អំណាច​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ហើយ​នឹង​កែប្រែ​ការ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​របស់​លោក​ត្រាំ​នៅ​រយៈ​ពេល​២ឆ្នាំ​ចុងក្រោយ​នេះ។

Loading...

អាសនៈ​សភា​តំណាងរាស្រ្ត​ទាំង​អស់​៤៣៥​នឹង​ត្រូវប្រកួត​ប្រជែង​នៅ​ថ្ងៃ​អង្គារ​នេះ ​បូក​ជាមួយ​នឹង​អាសនៈ​ចំនួន​៣៥​នៃ​អាសនៈ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ទាំងអស់​ចំនួន​១រយ​ហើយ​នឹង​តំណែង​អភិបាល​រដ្ឋ​ចំនួន​៣៦​នៃ​តំណែង​អភិបាល​រដ្ឋ​ទាំង​អស់​ចំនួន៥០។

ការ​ស្ទង់​មតិ​សាធារណៈ​និង​ពួក​អ្នក​វិភាគ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​មាន​ប្រៀប​នៅ​ក្នុង​ការ​ប្រ​កួត​ប្រជែង​ដើម្បីត្រួតត្រា​សភា​តំណាង​រាស្រ្ត។ ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​នឹង​ឈ្នះ​អាសនៈ​ស​ភា​តំណាង​រាស្រ្ត​ច្រើន​ជាង​អាសនៈ​ដែល​ពួក​គេមាន​នៅ​ពេល​បច្ចុប្បន្ននេះ ​ហើយ​ពួកគេ​ត្រូវ​ការ​អាសនៈ​បន្ថែម​ទៀត​ចំនួន​២៣​ដើម្បីកាន់​កាប់​សំឡេង​ភាគ​ច្រើន​នៅ​សភា​តំណាង​រាស្រ្ត​ឡើង​វិញ។

​ពួក​គណបក្ស​សាធារណរដ្ឋ​កំពុង​ពឹង​ផ្អែក​លើ​ប្រធានាធិបតី​ដូណាល់ ​ត្រាំ ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ជួយ​រក្សា​អាសនៈ​ព្រឹទ្ធសភា​ដ៏​ប្រផិត​ប្រផើយគឺ​៥១អាសនៈ​ទល់​នឹង​៤៩​អាសនៈ។ អាសនៈ​ព្រឹទ្ធ​សភា៣៥​នឹង​ត្រូវ​ប្រកួត​ប្រជែង​នៅ​ថ្ងៃ​អង្គារ​នេះ ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​កាន់​កាប់​អាសនៈ​២៦​ហើយ​ពួក​គណបក្ស​សាធា​រណរដ្ឋ​កាន់​កាប់​៩​អាសនៈ។

ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​កំពុង​ព្យាយាម​កាន់​កាប់​អាសនៈ​ចំនួន​១០​នៅ​បណ្តា​រដ្ឋ​ដែល​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ ​ដែល​រួម​មាន​រដ្ឋ Tennsssee។

ប្រធានាធិបតី​ត្រាំ​បាន​រិះគន់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​អំពី​បញ្ហា​ជន​អន្តោប្រវេសន៍​ក្នុង​អំឡុង​នៃការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ Chattanooga។

​ពួក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ទទួល​បាន​អ្នក​ធ្វើ​យុទ្ធនាការ​ល្បីៗ​ដើម្បី​ជួយ​ពួកគេ​រួមមាន លោក ​បារ៉ាក់ ​អូបាម៉ា ​អតីត​ប្រធានា​ធិបតី ​ដែល​បាន​ប្រមូល​ពួក​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ Illinois ​ដែល​ជា​រដ្ឋ​របស់​លោក ​ហើយបាន​ប្រាប់​ពួកគេ​ថា ​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​ប្រធានា​ធិបតី​ត្រាំ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជនចំណាក​ស្រុក​ថា​ជា​រឿង​នយោបាយ៕ ប្រភព៖ VOA