តាំង​ពី​មួយ​សប្តាហ៍​និង​រហូត​ដល់ថ្ងៃទី ១១ វិច្ឆិកា ២០១៨ ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​សមរភូមិ​សំខាន់ៗជា​ច្រើន​ ក្នុង​សម័យ​​សង្គ្រាម​លោក​លើក​ទី​មួយ។ ​ប៉ុន្តែ​ដំណើរទស្សនកិច្ច​​ ដើម្បីរំឮក​ខួប​១០០​ឆ្នាំនៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​ កំពុង​ប្រឈម​ភាព​ចម្រូង​ចម្រាសខ្លាំង និង​ល្អក់​កករ បន្ទាប់ពី​លោក​ប្រធានាធិបតី​បាន​​ព្រលយ​​ពាក្យ​ចង់ឧទ្ទិស​វិញ្ញាណក្ខន្ធ​ដល់​មេដឹកនាំ​បារាំង​ម្នាក់ គឺ​លោក ប៉េតាំង (Pétain)។

Loading...

ជា​រៀង​រាល់​ឆ្នាំ ប្រធានាធិបតី​បារាំងអញ្ជើញ​ទៅ​​​រំឮក​​វិញ្ញណក្ខន្ធ​​មេដឹកនាំ​ល្បីៗ៥រូប​ នៅ​ផ្នូរ​វីរបុរសជាតិ​ Invalide ក្រុង​ប៉ារីស។ នៅ​ឆ្នាំ​​នេះ លោក​អេម៉ាណុយអែល ​ម៉ាក្រុង ចង់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធមេទ័ព​​​ដ៏​ល្បីម្នាក់​ទៀត​របស់​ប្រវត្តិសាស្ត្រ​បារាំង នោះ​គឺ ​សេនាប្រមុខ ប៉េតាំង (Pétain)។ គ្រាន់​តែ​បាន​បង្ហើប​ចេតនា​នេះភ្លាម ភាព​ចម្រូង​ចម្រាស​និង​ប្រតិកម្ម​បាន​ធ្លាក់​មក​ពី​គ្រប់​ទិសទីភ្លាមដែរ។ ​ក្រុម​បក្ស​ប្រឆាំង បាន​ចោទ​ប្រធានាធិបតី​ថា​​កំពុង​យក​ប្រវត្តិសាស្ត្រ​មក​ធ្វើ​ជា​ល្បែង​លេង ដោយ​ចង់​ឧទ្ទិស​ដល់​ជន “​ក្បត់​ជាតិ”។ នេះ​បើ​តាម​ពាក្យ​ចោទ​ប្រកាន់​របស់​លោក មេឡង់ស្ហុង ប្រធានគណបក្ស​ប្រឆាំង​France Insoumise។

តើ​ ប៉េតាំង​ជា​នរណា​ ?

លោក ប៉េតាំង ជា​សេនាប្រមុខ ដែល​បាន​ដឹកនាំ​ទ័ព​វាយប្រយុទ្ធ​តស៊ូ​ នៅក្នុង​សមរភូមិ Verdun ​រហូត​បាន​ជោគជ័យ។ Verdun សមរភូមិ​ ដ៏​ក្តៅ​គគុក​បំផុត​មួយ​ក្នុង​សម័យ​សង្គ្រាម​​លោក​លើក​ទីមួយ។ លោក​ ប៉េតាំង បាន​ក្លាយ​ជា​មេ​ដឹកនាំបារាំង នៅ​​​ឆ្នាំ​១៩៤០។ តែនៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ មេទ័ព​ដ៏​ឆ្នើម​ក្នុងសង្គ្រាម​លោក​លើក​ទី​មួយ​រូប​នេះ បែរ​ជា​​ទៅ​រណប​នឹង​របប​ណាហ្ស៊ីរបស់​​ហ៊ីត្លែ​ទៅ​វិញ។

​ប៉ុន្តែ​សម្រាប់​លោក​អេម៉ាណុយអែល ម៉ាក្រុង សង្គ្រាម​លោក​លើក​ទីមួយ ជា​រឿង​ដាច់​ដោយ​ឡែក​ពី​សង្គ្រាម​លោក​លើក​ទីពីរ ហេតុដូច្នេះ​ហើយ​បាន​ជា​លោកយល់​ថា គេ​គួរ​តែ​ឧទ្ទិស​ដល់​វិញ្ញណក្ខន្ធ​សេនាប្រមុខ Pétain ក្នុង​ពេល​រំឮកខួប​បញ្ចប់​​សង្គ្រាម​លោក​លើក​ទីមួយ។

នេះ​មិនមែន​ជា​លើក​ទី​មួយទេ ដែល​ប្រមុខ​ដឹកនាំ​បារាំង​ ចង់​ឧទ្ទិសវិញ្ញណក្ខន្ធ​​ដល់​សេនាប្រមុខ​ប៉េតាំង​ដ៏​ចម្រូង​ចម្រាស​នេះ។ លោក​ ស្ហាល្ស ដឺហ្គោល Charles De Gaulle លោក​ ហ្សាក់ ហ្ស៊ីរ៉ាក់ Jacques Chirac ក៏​ធ្លាប់​បាន​លើក​សរសើរ​ស្នាដៃ​សេនាប្រមុខ​ប៉េតាំង​នេះ​ដែរ។

ដោយ​សារ​មាន​ប្រតិកម្ម​ខ្លាំង និង​ដើម្បី​បន្សាប​រឿង​អាស្រូវ​នេះ នៅទីបំផុត​រដ្ឋាភិបាល​បារាំង​បាន​បញ្ជាក់​នៅថ្ងៃនេះ​ថា លោក​ប្រធានាធិបតី ម៉ាក្រុង នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ផ្នូរ​វីរៈ​ជន ក្នុង​ឱកាស​រំលឹក​ខួប​១០០ឆ្នាំនៃការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ​ ដោយ​គ្មាន​ប៉េតាំងដដែល៕ ប្រភព៖ RFI