ទូក ​«​ង​» ​វែង​​ជាង​គេ​​របស់​​កម្ពុជា​​ប្រវែង​​ជិត​១០០​ម៉ែត្រ ​បាន​​ជាប់​​កំណត់​ត្រា​ពិភព​លោក ​World ​Guinness ​Record ​នៅ​​ថ្ងៃទី ​១២​ វិច្ឆិកា​​នេះ ​បន្ទាប់​ពី​​បាន​ដាក់​​ឲ្យ​​បង្ហាញ​ខ្លួន​​នៅ​លើ​​ដង​​ទន្លេ​​របស់​​កម្ពុជា ​នៅ​​ទី​ប្រជុំ​ជន​​អ្នក​​លឿង​​ត្រើយ​​ខាង​កើត​។ ​ពិធី​​បំបែក​​កំណត់​ត្រា​​ពិភព​លោក​​នេះ ​បាន​ធ្វើ​​ឡើង​​ក្រោម​​ការ​ចូល​រួម​​ពី​​លោក​​ឧបនាយក​រដ្ឋ​មន្ដ្រី ​ស ​ខេង ​រដ្ឋ​មន្ដ្រី​​ក្រសួង​មហាផ្ទៃ ​និង​​លោក ​Pravin ​Patel ​គណកម្មាធិការ​​វិនិច្ឆ័យ​​មក​ពី​​អង្គការ ​World ​Guinness ​Record​។

«ទូក «ង» វែង​ជាងគេ​របស់​កម្ពុជា ឬ Dragon Boat ដែល​ប្រកាស​ឲ្យ​ជាប់​ឯតទគ្គ​កម្ម​ពិភព​លោក ឬ World Guinness Record នៅថ្ងៃនេះ មាន​ប្រវែង​សរុប ៨៧.៣ម៉ែត្រ ទទឹង​១.៩៤​ម៉ែត្រ និង​ជម្រៅ០.៨ម៉ែត្រ និង​មាន​ចំណុះ​ទូក១៧៩នាក់។ ទូក «ង» វែង​ជាងគេ​របស់​​កម្ពុជា​​នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «កម្ពោជិក​បុត្តា​ខេមរា​តរី» ដែលមាន​អត្ថន័យ​ថា ​«ទូក ង របស់​កូន​ខ្មែរ រស់នៅក្នុង​ដែនដី​កម្ពុជា»។

មុន​ការប្រកាស​នេះ លោក Pravin Patel អ្នក​វិ​ច្ឆ័​យមក​ពី​អង្គការ World Guinness Record បាន​ចុះមក​ធ្វើការ​វាស់វែង និង​បាន​ពិនិត្យ​វាយតម្លៃ​មើល​ពី​លក្ខណៈ​បច្ចេកទេស ខ្នាត​របស់​ទូក និង​ការ​អុំ​បង្ហាញ​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី ១២ វិច្ឆិកា​នេះ។ ពិធី​នេះ ត្រូវបាន​ធ្វើឡើង នៅឯ​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ, ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដោយមាន​ការចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី និង​អ្នក​ពាក់​ព័ន្ធ​​ជា​ច្រើន​​ទៀត។ ទូក«ង» នេះ ត្រូវបាន​ដឹកនាំ​ផលិត ដោយ លោក ស សុខា កូនប្រុស​របស់​លោក​​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​អ្នកចូលរួម​ជាច្រើន​ទៀត ដោយ​ប្រើប្រាស់​ឈើ​គគីរ​​អស់​​ចំនួន៦ដើម និង​ប្រើពេល​ផលិត​អស់​រយៈពេល១៩២ថ្ងៃ។

បើតាម​លោក តុ​ប នេ​ត ប្រធាន​ក្រុមការងារ​រដ្ឋបាល​និង​ខ្លឹមសារ​នៃ​គណៈកម្មការ​ផលិត​ទូក «ង» ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​នេះ បាន​គូស​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្ដរ​ជាតិ កាលពី​ថ្ងៃអាទិត្យ​ថា ទូក «ង» ឯក​ខ្មែរ​នេះ នឹង​បង្អួតខ្លួន​នៅលើ​ទន្លេចតុមុខ មុខ​ព្រះ​បរម​រាជ​វាំង នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខ បន្ទាប់ពី​ដាក់​ឲ្យ​ជាប់​កំណត់ត្រា​ពិភព​លោក​​នៅថ្ងៃនេះ។

សូម​ជំរាបជូន​ថា ទូក «ង» របស់​កម្ពុជា​ដែលជា​ប់​កំណត់ត្រា​ពិភពលោក World Guinness ​Record នេះ ត្រូវបាន​រចនា​ឡើង ដោយ​ផ្នែក​ខាង​ក្បាលទូក​ធ្វើជា​ក្បាល​នាគ និង​​កន្ទុយ​ហង្ស ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ល្អ​ប្រណិត ដែល​អាច​ផ្ទុក​ចំណុះ​បាន​១៧៩​នាក់​។ បច្ចុប្បន្ននេះ ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក គឺជា​ទូក​របស់​ប្រទេស​ចិន ដែល​មាន​​ប្រវែង​សរុប ៧៧.៨ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​កាលពី​ឆ្នាំ២០១។ យ៉ាង​ណា​ក៏ដោយ សម្រាប់​ក្រុម​អ្នករៀបចំ​កម្មវិធី​នេះ បាន​ចាត់ទុកថា នេះ​គឺជា​មោទនភាព​​ជាតិ​​ថ្មី​មួយទៀត​របស់​កម្ពុជា បន្ទាប់ពី​ការ​បំបែក​កំណត់ត្រា​ក្រមា​វែង​ជាងគេ​នៅ​លើ​​ពិភពលោក កាលពីពេលថ្មីៗនេះ៕ ប្រភព៖ RFI