សម្ព័ន្ធ​ប្រជា​ជន​ដើម្បី​អធិប​តេយ្យ​ភាព​ស្បៀង​ពិភព​លោក​ បាន​ចេញ​សេចក្តី​​ថ្លែង​ការណ៍​មួយ​ កាល​ពី​ម្សិល​មិញ​ ដោយ​ជំរុញ​ឲ្យ​ លោកស្រី​ រ៉ូណា ​ស្មីត​ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា​ ដាក់​​បញ្ចូល​​​បញ្ហា​ជម្លោះ​ដីធ្លី​របស់​កសិករ​ និង​ជន​ជាតិ​ដើម​ភាគ​តិច​ ទៅ​​ក្នុង​​របាយ​ការណ៍ថ្មី​​ស្ដី​ពី​​ស្ថាន​ភាព​​សិទ្ធិ​​មនុស្ស​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​។ ​ការ​​ស្នើ​​នេះ​ គឺ​ក្រោយ​​ពេល​​លោក​ស្រី ​រ៉ូណា ​ស្មីត​ ទើប​បញ្ចប់​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ ហើយ​គ្រោង​លើក​ឡើង​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា ​ប្រាប់​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ជាសកល​នៅឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នា​ខែ​មករា​ ឆ្នាំ​២០១៩​ខាង​មុខ​។​

Loading...

ក្រៅពីស្នើឲ្យ​លើកពីបញ្ហាជម្លោះដីធ្លី​របស់កសិករខ្មែរ​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិនៅខែមករានោះ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សម្ព័ន្ធ​ប្រជា​ជន​ដើម្បី​អធិបតេយ្យភាពស្បៀងពិភពលោក (People’s Coalition on Food Sovereignty) ក៏​បាន​ថ្កោល​ទោសអាជ្ញាធរកម្ពុជា ដែលបានរារាំងក្រុមអ្នកមានជម្លោះដីធ្លី និង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ មកពីខេត្តព្រះវិហារ កំពង់ធំ ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកណ្ដាល ជាដើម ដែលបានឡើងមកតវ៉ាដើម្បីសុំដំណោះស្រាយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ​វិច្ឆិកានេះ។

លើសពីនេះទៀត បណ្តាញអន្ដរជាតិនេះ ក៏ជំរុញឲ្យលោកស្រី រ៉ូណា ស្មីត ឲ្យ​ពិនិត្យ​មើល​ផង​ដែរអំពីការចោទប្រកាន់​លើមេដឹកនាំសហគមន៍ ៤រូប​នៅខេត្តព្រះវិហារ និងបុគ្គលិក ២រូប​របស់អង្គការពន្លកខ្មែរ ដែលត្រូវបានតុលាការខេត្តនេះកោះហៅ​កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពាក់ព័ន្ធនឹងសំណុំរឿងកាលពី ៤ឆ្នាំមុនជាមួយនឹងក្រុមហ៊ុនចិនឈ្មោះ Guangdong Hengfu Group Sugar Industry។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ទើបតែបានបញ្ចប់បេសកម្មរយៈពេល ១១ថ្ងៃ​នៅ​កម្ពុជា ហើយគ្រោងលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ជាសកលនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែមករា ឆ្នាំ​២០១៩ ​ខាងមុខ។

នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី កាល​ពី​ថ្ងៃ​ទី១០ខែវិច្ឆិកា លោក​ស្រី​រ៉ូណា ស្មីត បាន​ស្នើ​ឱ្យ​ក្រសួងនេះ ចុះ​បញ្ជី​ដីធ្លី​ទូទាំង​ប្រទេស ជា​ពិសេស​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​។ ការ​ចុះ​បញ្ជី​ដីធ្លី​ទូទាំង​ប្រទេស ដែល​លោក​ស្រី​ស្មីត ចាត់​ទុក​ថា​ជា​បញ្ហា​ស្នូល​អំពី​សិទ្ធិ​មនុស្ស ដោយ​ការ​ប្រើប្រាស់​ដី គឺ​ជា​មូលដ្ឋាន​សម្រាប់​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព លុប​បំបាត់​ភាព​ក្រីក្រ និង​ធានា​សន្តិសុខ​ស្បៀង​៕ ប្រភព៖ RFI