តម្លៃ​ប្រេងឆៅ នៅទីផ្សារ បានកើនឡើង​មកវិញ នៅ​ថ្ងៃ​ចន្ទ​ទី ១២​វិច្ឆិកានេះ នៅក្រោយ​អារ៉ាប៊ី សាអូឌីត ប្រទេស​មហាសេដ្ឋី​ប្រេង ទើប​បាន​ប្រកាស​កាត់បន្ថយ​ការផលិតបូមប្រេង​របស់ខ្លួន នៅ​ខែធ្នូក្រោយ។ អារ៉ាប៊ីសាអូឌីត​ទំនង​ចាត់វិធានការ​នេះ ដើម្បីទប់ទល់​កុំ​ឲ្យ​តម្លៃប្រេង​ធ្លាក់ចុះ​បន្តទៅទៀត បន្ទាប់ពី បាន​ធ្លាក់ថយចុះ ខ្លាំង ពី​៨៦​ដុល្លារ នៅ​ចុង​ខែ​តុលា មក​ដល់​តម្លៃ ៧០​ដុល្លារ នៅថ្ងៃ​សុក្រទី ៩ វិច្ឆិកា។

Loading...

តម្លៃ​ប្រេងឆៅ នៅ​លើ​ទីផ្សារ បានហក់ កើនឡើង ជិត​២​ភាគរយ នៅ​ថ្ងៃ​ចន្ទនេះ។ កាលពី​ថ្ងៃ​សុក្រ ប្រេងឆៅ​មួយបារីល ថ្លៃ​៧០ដុល្លារ ប៉ុន្តែ នៅថ្ងៃ​ចន្ទ តម្លៃ​ប្រេងឆៅ បាន​កើនឡើង​ដល់ ៧១,៥៤​ ដុល្លារ​ក្នុង​មួយ​បារីល។

តម្លៃប្រេងឆៅ​ឡើងថ្លៃខ្លាំង នៅមួយថ្ងៃ​ក្រោយ​ការប្រកាស​របស់​រដ្ឋមន្រ្តីប្រេង​អារ៉ាប៊ីសាអូឌីត ដែល​ថា អារ៉ាប៊ី សាអូឌីត​នឹង​កាត់បន្ថយ​ការផលិត​ប្រេង របស់ខ្លួន នៅ​ខែ​ធ្នូ​ខាងមុខ ពោល​គឺ​នឹង​កាត់បន្ថយ​ការបូមប្រេង​ប្រមាណ ៥សែន​ធុង ក្នុង​មួយថ្ងៃ។ ការសម្រេចចិត្ត​យ៉ាងដូច្នេះ របស់​អារ៉ាប៊ី សាអូឌីត​នឹង​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ប្រេង​នៅលើ​ទីផ្សារ​ធ្លាក់​ថយចុះ ប្រមាណ ០,៥ភាគរយ។ វា​អាច​ជា​វិធានការ​របស់​អារ៉ាប៊ី សាអូឌីត​ដើម្បី​ជួយ​ទប់​តម្លៃប្រេង កុំ​ឲ្យ​ធ្លាក់​ថយចុះ ត​ទៅ​ទៀត។ សូមបញ្ជាក់ថា តាំង​ពី​ឆ្នាំ ២០១៦ ការសម្រេច​កាត់​បន្ថយ​ការផលិតបូមប្រេង​របស់​ក្រុមប្រទេស នាំចេញ​ប្រេង បាន​ជួយ​ឲ្យ​តម្លៃប្រេង​ឆៅ កើនឡើង​ខ្ពស់​ដល់ ៨៦​ដុល្លារ ក្នុង​មួយបារីល នៅ​ខែ​ចុងខែ​តុលា មុន​នឹង​ធ្លាក់មកវិញ មកត្រឹមតម្លៃ ៧០​ដុល្លារ ក្នុង​មួយបារីល កាលពី​ថ្ងៃ​សុក្រ​ចុងសប្តាហ៍មុននេះ។

នៅក្រោម​ការដាក់សម្ពាធ​របស់​អាមេរិក ហើយ​និង​ប្រទេស​ផលិតប្រេង​ផ្សេងទៀត អារ៉ាប៊ី សាអូឌីត ដែល​ជាប្រទេស​នាំចេញប្រេង​ច្រើនជាងគេ នៅលើពិភពលោក បាន​យល់​ព្រមព្រៀង​​បង្កើន​ការផលិតប្រេង​របស់ខ្លួន ឲ្យ​ដល់ ១លាន​បារីល ក្នុង​មួយថ្ងៃ ពោល​គឺ​ដើម្បី​ទប់ទល់ ប៉ះប៉ូវ ដល់​ការខ្វះខាតប្រេង នៅលើ​ទីផ្សារ ក្នុង​ករណី​អ៊ីរ៉ង់​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

ប៉ុន្តែ ស្ថានការណ៍​បាន​ផ្លាស់ប្តូរ​ទៅវិញ ព្រោះថា នៅក្នុង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ អាមេរិក​បាន​ធ្វើការ​លើកលែង​មួយចំនួន ពោល​គឺ​នៅតែ​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់ អាច​លក់ប្រេង​ទៅឲ្យ​ចិន និង​ឥណ្ឌា ដែល​ជា​ប្រទេស​ទិញនាំចូល​ប្រេង​ច្រើនជាងគេ​នៅក្នុង​ពិភពលោក។ ដោយសារ​តែ​អ៊ីរ៉ង់​នៅតែ​អាច​លក់ នាំ​ចេញប្រេង ការបារម្ភ​របស់​អ្នកវិនិយោគ​ដែល​ខ្លាច​ថា ការផ្គត់ផ្គង់ប្រេងមាន​​ច្រើនហួស លើស​តម្រូវការ ធ្វើ​ឲ្យ​តម្លៃ​ប្រេង ធ្លាក់ចុះ ចាប់​ពី​ទណ្ឌកម្ម​អាមេរិក​ទៅលើ​អ៊ីរ៉ង់ បាន​ចូល​ជា​ផ្លូវការ កាលពី​ដើម​ខែ​វិច្ឆិកា៕ ប្រភព៖ RFI