ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-USAនេះ​ ធ្វើ​ឡើង​ ក្រោយ​ពី​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​Facebook​របស់​លោក​​ដោយ​បបួល​លោក ហ៊ុន សែន ​ភ្នាល់​គ្នា។

Loading...

វ៉ាស៊ីនតោន —អ្នក​គាំទ្រ​មួយ​ក្រុម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​ដែល​ហៅ​ខ្លួនឯង​ថា CNRP-USA​ បាន​សម្ដែង​ការ«ខក​ចិត្ត​យ៉ាង​ក្រៃលែង» ចំពោះ​សារ​របស់​លោក សម រង្ស៊ី ដែល​បាន​បបួល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ភ្នាល់​គ្នា​ ទៅ​លើ​ការ​ដោះលែង​លោក កឹម សុខា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​គាំទ្រ​នេះ ដែល​វីអូអេ ទទួល​បាន​កាល​ពី​ថ្ងៃ​សៅរ៍។

សេចក្តី​ថ្លែងការណ៍ ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ បាន​សរសេរ​ថា «‍ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-USA​ សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អាកប្បកិរិយា​ប្រមាថ​ម្តង​ហើយ​ម្តង​ទៀត​ដ៏​អគុណធម៌ និង​គ្មាន​សីលធម៌ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​លះបង់​របស់​លោក កឹម សុខា និង​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស»។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-USAនេះ​ ធ្វើ​ឡើង​ ក្រោយ​ពី​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​Facebook​របស់​លោកដោយ​បបួល​លោក ហ៊ុន សែន ​ភ្នាល់​គ្នា។

នៅ​ក្នុង​សារ​នោះ លោក​ សម រង្ស៊ី សរសេរ​ថា «‍ខ្ញុំ​នៅ​តែ​ជឿជាក់​ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំ​ចិត្ត​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។ អាច​ថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាង​យូរ​បំផុត ថ្ងៃ ០៣ មីនា ២០១៩។»។ លោក សម រង្ស៊ី សរសេរ​ទៀត​ថា «‍បើ​លោក ហ៊ុន សែន ចាញ់​ខ្ញុំ ក្នុង​ការ​ភ្នាល់​នេះ គាត់​មិន​ចាំ​បាច់​កាត់​ក​ខ្លួនឯង ដូច​ក្នុង​ការ​សន្យា​បញ្ឈប់​ការ​កាប់ព្រៃ​ឈើ នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​គាត់​ចុះ​ចេញ​ពី​តំណែង​បាន​ហើយ។ តែ​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន វិញ ខ្ញុំ​សុខចិត្ត​ដើរ​ចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី (ដូចជា​រដ្ឋប្រហារ) ក្រៅពី​ចំណុច​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ»។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​កាល​ពី​ឆ្នាំ​មុន ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អ្នក​វិភាគ​និង​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់​ទុក​ថា ជា​រឿង​នយោបាយ។ ប៉ុន្តែ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​សម្រេច​ថា​តើ​លោក​ពិត​ជា​មាន​ទោស​ដូច​ការ​ចោទប្រកាន់​នេះ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​បច្ចុប្បន្ន លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​រង្វង់​ផ្ទះ​របស់​លោក​ឡើយ។

ក្រោយ​ពី​ការ​បបួល​របស់​លោក សម រង្ស៊ី ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រកាស​ទទួល​យក​ការ​ភ្នាក់​គ្នា​នេះ ដោយ​បាន​កំណត់​ថា ប្រសិន​ លោក សម រង្ស៊ី ចាញ់​ក្នុង​ការ​ភ្នាល់​លើក​នេះ លោក សម រង្ស៊ី ត្រូវ​តែ​ហ៊ាន​ចូល​ខ្លួន​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ដើម្បី​អនុវត្ត​ទោស ដែល​រូប​លោក ត្រូវ​បាន​តុលាការ​កម្ពុជា​ សម្រេច​កាត់​ទោស​ក្នុង​សំណុំរឿង​កន្លងមក។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន Fresh News ដែល​បាន​រាយការណ៍​ដោយ​អះអាង​ថា​បាន​ស្រង់​សម្ដី​ដើម​របស់​លោក ហ៊ុន សែន ដែល​បាន​និយាយ​បន្ថែម​ទៀត​ថា៖

«ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើ​សិន​មាន​ការ​ដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ២០១៨ រហូតដល់​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ២០១៩​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួល​ស្គាល់​ការភ្នាល់​របស់​ខ្លួន ដោយ​ចូល​មក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់»។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-USA ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ បញ្ឈប់​ជា​បន្ទាន់​នូវ​អ្វី​មួយ​ដែល​ក្រុម​នេះ​ចាត់​ទុក​ថា​ជា​«‍ចរិត​នយោបាយ ដែល​ប្រាសចាក​នូវ​គុណធម៌»។

លោក សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​ ទី​១០ ខែ វិច្ឆិកា​នេះ ក៏​បាន​បង្ហោះ​សារ​មួយ​ទៀត​លើ​ទំព័រ​Facebook ​របស់​លោក ដោយ​សរសេរ​ថា «‍ ពេលនេះ យើង​ត្រូវ​ដឹង​ថា លោក កឹម សុខា មិន​អាច​បញ្ចេញ​យោបល់​របស់​លោក​បាន​ទេ ពីព្រោះ​លោក​ជា​ចំណាប់ខ្មាំង​របស់​លោក ហ៊ុន សែន។ យើង​ត្រូវ​ដឹង​ផង​ដែរ​ថា លោក ហ៊ុន សែន កំពុង​តែ​ប្រើ​ជន ទុច្ចរិត​មួយ​ដំបស្វា ឲ្យ​លួច​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រើ ដើម្បី​ប៉ុនប៉ង​បំបែក​គណបក្ស​នេះ»៕ ប្រភព៖ VOA