ភ្នំពេញ —ក្រុម​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​កោះ​ប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​មួយ​ ដែល​ក្រុម​តំណាង​ពលរដ្ឋ​អះអាង​ថា​ កាន់​កាប់​ដោយ​ជន​ជាតិ​វៀតណាម ​ដើម្បី​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​ក្នុង​ស្រុក​រមាសហែក​ ដែល​ស្ថិត​នៅ​ជាប់​ប្រទេស​វៀតណាម។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​ពល​រដ្ឋ​និង​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាន​អង្កេត​មើល​ជម្លោះ​ដីធ្លី​ ដែល​បាន​កើត​ឡើង​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​នេះ។

Loading...

អ្នកស្រី ខៀវ សារ៉ុន​ ជា​តំណាង​ពលរដ្ឋ​មួយ​រូប​បាន​ប្រាប់ VOA ថា បន្ទាប់​ពី​ការ​ប្រជុំ​ជិត​បី​ម៉ោង​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ ច័ន្ទ នេះ ដំណោះ​ស្រាយ​នៅ​មិន​ទាន់​ត្រូវ​រក​ឃើញ​នៅ​ឡើយ​ទេ តែ​អភិបាល​រង​ខេត្ត​មួយ​រូប​បាន​បង្ហាញ​ការ​តាំងចិត្ត​ក្នុង​ការ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ។ អ្នកស្រី​ថ្លែង​ថា ពលរដ្ឋ​បាន​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ខេត្ត​ពីរ​ខែ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ហើយ​ថា​បើ​ផុត​កំណត់​ពេល​នេះ​ហើយ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ នោះ​ក្រុម​ប្រជាពលរដ្ឋ​នឹង​ឡើង​មក​តវ៉ា​ជាថ្មី​ទៀត​នៅ​រាជធានី​ភ្នំពេញ។

អ្នកស្រី​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ពួក​ខ្ញុំ​បាន​និយាយ​គ្នា បើ​សិន​ជា​ទុក​ឱកាស​ឲ្យ​គាត់​ពីរ​ខែ បើ​សិន​គាត់​មាន​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ នោះ​ពួក​ខ្ញុំ​ក៏​ឯកភាព​តាម​ហ្នឹង។ ប៉ុន្តែ​បើ​គាត់​អត់​មាន​ដំណោះស្រាយ ពួក​ខ្ញុំ​នឹង​ឡើង​ទៅ​រាជធានី​ម្តង​ទៀត»។

ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​នា​ព្រឹក​ថ្ងៃ ច័ន្ទ នេះ មាន​តំណាង​ពលរដ្ឋ​ចំនួន​បី​នាក់​ បាន​ជួប​ពិភាក្សា​ជាមួយ​អភិបាលស្រុក​រមាសហែក លោក ពេញ គា​ និង​អភិបាល​រង​ខេត្ត​ស្វាយ​រៀង លោក ហែម ពិសិដ្ឋ។ ការប្រជុំ​នេះ​ ក៏​មាន​ការ​ឃ្លាំ​មើល​ពី​ក្រុម​ពលរដ្ឋ​រាប់​សិប​នាក់​ ដែល​ជាប់​ផុង​ក្នុង​ទំនាស់​ដីធ្លី​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី ខៀវ សារ៉ុន។

អ្នកស្រី​អះអាង​ថា លោក ហែម ពិសិដ្ឋ ថ្លែង​បញ្ជាក់​ថា លោក​មិន​សូវ​ដឹង​ច្បាស់​ពី​សាវតារ​នៃ​ទំនាស់​ដីធ្លី​នេះ​ទេ។ ដូច្នេះ​លោក​ត្រូវ​សិក្សា​ឲ្យបាន​ច្បាស់​លាស់​អំពី​ទំនាស់​នេះ​ជាមុន​សិន មុន​នឹង​ឈាន​ដល់​ការ​រក​ដំ​ណោះ​ស្រាយ​សមស្រប​មួយ។​

ការ​ជួប​ប្រជុំ​របស់​ពលរដ្ឋ​ជាមួយ​អាជ្ញាធរ​នៅ​ថ្ងៃ ច័ន្ទ ដដែល​នេះ កើត​មាន​ឡើង​ក្រោយ​ការ​ឡើង​មក​តវ៉ា​របស់​ពលរដ្ឋ​ជាច្រើន​រយ​នាក់​នៅ​រាជធានី ភ្នំពេញ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​សំខាន់ៗ​កាល​ពី​សប្តាហ៍​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​កាត់​ថា (CCFC)។

លោក ហែម ពិសិដ្ឋ អភិបាល​រង​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​នៅ​ថ្ងៃ ច័ន្ទ នេះ​ថា​លោក​កំពុង​ពិនិត្យ​លើ​ដំណើររឿង​នៃ​វិវាទ​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​អាច​រក​ច្រក​ណា​មួយ ដែល​ឈាន​ដល់​ការ​រក​បាន​នូវ​ដំណោះស្រាយ​មួយ​ដែល​យុត្តិធម៌​ទាំង​សម្រាប់​ពលរដ្ឋ​និង​ភាគី​ក្រុមហ៊ុន។

លោក​ថ្លែង​ថា៖

«ខ្ញុំ​កំពុង​តែ​រៀបចំ​អាហ្នឹង ពីព្រោះ​ខ្ញុំ​ទីមួយ​ថ្មី ប៉ុន្តែ​ខ្ញុំ​នឹង​យក​កិច្ច​ការ​នេះ​មក​គិតគូរ​ឲ្យ​បាន​ដិត​ដល់​បំផុត កុំ​ឲ្យ​មាន​លម្អៀង​ទៅ​ខាង​ណា​ទាំង​អស់​»។

នៅ​ពេលVOAសួរ​លោក​ឲ្យ​បញ្ជាក់​ថា​តើ​ក្រុមហ៊ុន​នេះ​មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​ជម្លោះ​ជាមួយ​ពលរដ្ឋ​ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​ពលរដ្ឋ​ឬ​យ៉ាងណា​នោះ​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ហែម ពិសិដ្ឋ ថ្លែង​ថា៖

«ត្រង់​ចំណុច​ហ្នឹង​គឺ​បន្តិច​ទៀត ខ្ញុំ​នឹង​រាយការណ៍ ហើយ​ពេល​ដែល​បញ្ចប់​កិច្ចការ​អស់ហ្នឹង ខ្ញុំ​នឹង​អញ្ជើញ​ VOA ​VOD អី មក​អង្គុយ​ស្តាប់​ទាំងអស់​គ្នា»។

ជម្លោះ​រវាង​ពលរដ្ឋ​ជាង៤០០​គ្រួសារ​និង​ក្រុម​ហ៊ុន NK Venture បាន​កើត​ឡើង​តាំងពី​ឆ្នាំ ២០១០ គឺ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ចំនួន​១.២០០​ហិកតា ដល់​ក្រុមហ៊ុន NK Ventureដែល​មាន​បំណង​ដាំដំណាំ​អំពៅ។ ក្រុម​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន ​NK Venture​ ដែលកាល​ពី​ដើមឡើយ​ជា​របស់​ជនជាតិ​ឥណ្ឌា​ ត្រូវ​បាន​លក់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ជា​អ្នក​កាន់កាប់​ ហើយ​កំពុង​ដំា​ដំឡូង​មី​ ​និង​ដំណាំ​ផ្សេង​ទៀត ច្រើន​ជាង​ដំណាំអំពៅ។

VOA មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន NK Venture បាន​នៅ​ឡើយ​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។

នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ កក្កដា កន្លងទៅ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​បញ្ចប់​វិវាទ​ដីធ្លី​ក្នុង​ទីតាំង​នៃ​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ក្នុង​នោះ​មាន​ខេត្ត​កោះកុង​ជាដើម តែ​រហូត​មក​ទល់​នឹង​ពេល​នេះ មាន​វិវាទ​ដីធ្លី​ផ្សេង​ទៀត​នៅ​បន្ត​ជាប់​គាំង។

លោក ថេង សាវឿន ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) យល់​ថា ទំនាស់​ដីធ្លី​នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត ស្វាយរៀង នោះ នឹង​អាច​បញ្ចប់​បាន​ឆាប់រហ័ស ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​វិវាទ ដែល​លោក​ថា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។

លោក ថេង សាវឿន ថ្លែង​ថា៖

«ប្រជាពលរដ្ឋ​មួយ​ចំនួន​ហ្នឹង គាត់​អត់​ដី​ អត់​ស្រែ សម្រាប់​ធ្វើ​ស្រែ ធ្វើ​ចម្ការ ធ្វើ​ឲ្យ​ពួកគាត់​ធ្លាក់​ខ្លួន​ក្រីក្រ​ទៅៗ ហើយ​កំពុង​តែ​វ័ណ្ឌ​ក​ក្នុង​ការ​ជាប់​បំណុល​ធនាគារ​ដែរ»។តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ចុងក្រោយ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ពលរដ្ឋ​ប្រមាណ​ជិត២​ម៉ឺន​គ្រួសារ​បាន​ជួប​ប្រទះ​នឹង​ជម្លោះដីធ្លី ចាប់តាំង​ពី​ឆ្នាំ​២០០៣​មក។ មាន​ករណី​ជម្លោះ​ដីធ្លី​ជាច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​រួចរាល់​ហើយ។ ប៉ុន្តែ​ជម្លោះ​ខ្លះ​នៅ​បន្ត​រ៉ាំរ៉ៃ ហើយ​ជម្លោះ​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ទាំង​អស់​នោះ​ មាន​អាយុកាល​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ទេ។ ជម្លោះ​រ៉ាំរ៉ៃ​ទាំង​នោះ​ទៀត​សោត មួយ​ចំនួន​មាន​ជាប់​ពាក់​ព័ន្ធ​និង​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​និង​ចិន៕ ប្រភព៖ VOA