ក្នុង​រយៈពេល ៩ខែ​ដើម​ឆ្នាំ​២០១៨​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​វិនិយោគ​លើ​គម្រោង​ថ្មី​ចំនួន​១៧០​គម្រោង មាន​ការ​កើន​ឡើង​ចំនួន​២៨​គម្រោង ប៉ុន្តែ​ទុន​វិនិយោគ​មាន​ការ​ថយ​ចុះ ធៀប​នឹង​៩ខែ​ឆ្នាំ២០១៧​កន្លង​ទៅ។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ទទួល​បាន​។

រយៈ​ពេល៩​ខែ ឆ្នាំ​២០១៨ ការ​វិនិយោគ​លើ​គម្រោង​ថ្មី​ចំនួន​១៧០​គម្រោង មាន​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ៤.៧១៩លាន​ដុល្លារ​អាមេរិក មាន​ការ​កើន​ឡើង​ចំនួន ២៨​គម្រោង តែ​ទុន​វិនិយោគ​មាន​ការ​ថយ​ចុះ​ប្រមាណ​១.៣៦២​លាន​ដុល្លារ​អាមេរិក ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​។

កាល​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧​គន្លង​ទៅ មាន​គម្រោង​វិនិយោគ​ថ្មី​ត្រឹម​តែ​១៤២​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត តែ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៦.០៨១​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​​​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ ការ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​សុទ្ធសឹង​ជា​គម្រោង​ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល មាន​ការ​កើន​ឡើង​ចំនួន ២៣គម្រោង ខណៈ​ដែល​ទុន​វិនិយោគ​មាន​ការ​កើន​ឡើង ប្រមាណ ២៤២​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង​ប្រមាណ​៦៦​ភាគ​រយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ចំណែក​ឯការ​វិនិយោគ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​រយៈ​ពេល​៩ខែ ឆ្នាំ​២០១៨ មាន​ការ​កើន​ឡើង​ចំនួន ៥​គម្រោង ខណៈ​ដែល​ទុន​វិនិយោគ​មាន​ការ​ថយ​ចុះ ប្រមាណ ១.៦០៤​លាន​ដុល្លារ​អាមេរិក ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

សូម​ជំរាប​ជូន​ថា ក្នុង​រយៈ​ពេល ៩ខែ ដើម​ឆ្នាំ​២០១៨ តួលេខ​វិនិយោគ​មក​ពី​ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ឬ​ស្មើ​នឹង​៦៧,៨៣​ភាគ​រយ ហើយ​ការ​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន ថៃ និង​ម៉ាឡេស៊ី បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី៣ ទី៤ និង​ទី៥ ជា​បន្ទាប់​។ របាយ​ការណ៍​បញ្ជាក់​ថា តួលេខ​វិនិយោគ​ក្នុង​ស្រុក​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី២ ឬ​ស្មើ​នឹង​២៦,៥៦​ភាគ​រយ៕ ប្រភព៖ RFI