​ខេត្ត​មណ្ឌលគិរី​ ៖ ប្រជាកសិករ ប្រកប​មុខរបរ​ដាំ​ដុះ​ដំណាំ​កាហ្វេ នៅក្នុង​តំបន់​មួយចំនួន នា​ខេត្តមណ្ឌលគិរី បង្ហាញ​ការរីករាយ នៅ​គ្រា​តម្លៃ​លក់​កាហ្វេ របស់​ពួកគាត់​បាន​កើន​ខ្ពស់​។​

Loading...

កសិករ​ឱ្យដឹងថា សព្វថ្ងៃនេះ មាន​ក្រុមហ៊ុន​មួយ បាន​ចុះ​មក​ទទួល​ទិញ​ទិន្នផល​កាហ្វេ ដើម្បី​បញ្ជួន​ទៅ​ក្រៅប្រទេស ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ដល់​កសិករ​។​

កសិករ​រស់នៅ​ស្រុក​ពេជ្រា ឱ្យដឹងថា​បច្ចុប្បន្ន​នេះ តម្លៃ​កាហ្វេ​ស្ងួត​លក់​បាន​រហូត​ដល់​ទៅ ១​មុឺន​រៀល បើ​ធៀប​ឆ្នាំ​កន្លង​ទៅ លក់​បាន​តម្លៃ​ថ្លៃ​បំផុត​ត្រឹមតែ ៧​ពាន់​រៀល​តែប៉ុណ្ណោះ​។​

កសិករ​ជាច្រើន​ទៀត ក៏​បាន​បង្ហាញ​ក្តីរីករាយ​ដូចគ្នានេះដែរ ព្រោះ​ពេញចិត្ត​ចំពោះ​ទិន្នផល​នៃ​តម្លៃ​លក់​កាហ្វេ មាន​តម្លៃ​ខ្ពស់​។​

​ទាក់ទិន​បញ្ហា​នេះ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បានឱ្យដឹង​ដែរ​ថា សព្វថ្ងៃ​ផ្ទៃដី​ដាំ​ដំណាំ​កាហ្វេ​ក្នុង​ខេត្ត មាន​សរុប​ចំនួន​២៨៥ ហិកតា ក្នុងនោះ កាហ្វេ​ក្រុមហ៊ុន ចំនួន​១៣៥​ហិកតា​។ លោក​បន្តថា ទីផ្សារ​កាហ្វេ​សព្វថ្ងៃនេះ កំពុង​មាន​តម្រូវការ​ខ្ពស់ ដោយសារតែ​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​និយម​ពិសា​កាហ្វេ​បាន​យល់ច្បាស់ ពី​ផលប្រយោជន៍ នៃ​ផល​ប៉ះពាល់​ពី​ការ​ពិសា​កាហ្វេ​ធម្មជាតិ និង​កាហ្វេ​គីមី​បានច្បាស់លាស់​៕