ប្រទេស​សិង្ហបុរី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​អាស៊ាន និង​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​លើកទី៣៣ រយៈពេល ៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃអង្គារ ទី១៣ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ វិចិ្ឆកា។ នៅ​ក្នុង​ឱកាស​នេះ មាន​កិច្ចប្រជុំកំពូល និង​កិច្ចប្រជុំ​ជា​លក្ខណៈ​ទ្វេភាគី ឬ​ត្រីភាគី​សរុប​ចំនួន ១២ ដែល​បាន​គ្រោង​ទុក។ តែ​តួអង្គ​ដែល​គ្រប់​គ្នា​បាន​រង់ចាំ និង​បែរ​ជា​បាន​អវត្តមាន​នៅ​ក្នុង​ជំនួបកំពូល​ឆ្នាំ ២០១៨ នេះ គឺ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។

Loading...

លោក​ត្រាំ​ដែល​បាន​បញ្ជូន​អនុប្រធានាធិបតី​លោក Mike Pence ឲ្យ​មក​ចូល​រួម​វិញ។

បរិយាកាស​ទូទៅ​នៃ​កិច្ចប្រជុំកំពូល​ថ្ងៃ​ទី១ ថ្ងៃ​អង្គារ ទី១៣ វិច្ឆិកា​បាន​ប្រព្រឹត្ត​ទៅ​ដូច​ដែល​បាន​គ្រោង​ទុក។ ថ្ងៃ​ទី១ ជា​កិច្ចប្រជុំកំពូល​រវាង​ប្រទេស​សមាជិក​អាស៊ាន​គ្នា​ឯង​ដែល​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង ១០ រូប។ ពិធី​បើក​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ បាន​បើក​ធ្វើ​ជា​មួយ​នឹង​ការ​គោរព​ភ្លេង​អាស៊ាន ការ​ឡើង​ថ្លែង​សុន្ទរកថា​របស់​នាយករដ្ឋមន្រ្តី​សិង្ហបុរី​លោក​លី សៀនឡុង​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន និង​ពិធី​ថតរូប​ជា​លក្ខណៈ​គ្រួសារ​រវាង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង ១០ រូប។

បន្ត​ពី​សុន្ទរកថា​របស់​លោក​លី សៀនឡុង ក៏​មាន​សុន្ទរកថា​របស់​ព្រះចៅ​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ និង​នាយករដ្ឋមន្រ្តី​ថៃ។ ចំណែក​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​បទ​អន្តរាគមន៍​ដែរ តែ​ខ្លី​មាន​រយៈពេល​ពី ៤ ទៅ ៥នាទី​ក្នុង​ម្នាក់ៗ។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ទី​នេះ ទី១ គឺ​អវត្តមាន​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដោយ​លោក​ត្រាំ​បាន​បញ្ជូន​លោក Mike Pence ដែល​ជា​អនុ​ប្រធានាធិបតី​ឲ្យ​មក​ចូលរួម និង​ទី២ គឺ​ការ​ពង្រឹង​សន្តិសុខ​កម្រិត​ខ្ពស់​ដោយ​រដ្ឋអំណាច​សិង្ហបុរី​បាន​ដាក់​ពង្រាយ​កម្លាំង​ទាហាន​ជាង ១ ៦០០នាក់ និង​កម្លាំង​ប៉ូលិស​ជាង ៥ ០០០នាក់។

ការ​ពង្រឹង​សន្តិសុខ​ខ្ពស់​ជា​រឿង​មួយ​ធម្មតា ព្រោះ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ឆ្នាំ​នេះ​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​គ្រាក់ៗ​ប្រមាណ​ជា ២០នាក់។

អាស៊ាន​ប្រឆាំង​សង្រ្គាមពាណិជ្ជកម្ម និង​នយោបាយ​ការពារនិយម

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ក្នុង​ថ្ងៃ​ចន្ទ ទី១២ វិច្ឆិកា ពោល​មួយ​ថ្ងៃ​មុន​បើក​កិច្ចប្រជុំកំពូល​ជា​ផ្លូវការ លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី​លី សៀនឡុង​បាន​ថ្លែង​រិះគន់​ខ្លាំងៗ​លើ​សង្គ្រាមពាណិជ្ជកម្ម និង​នយោបាយ​ការពារនិយម​ដែល​កំពុង​បន្ត​កើន​ឡើង​នៅ​ក្នុង​លោក។ ទោះ​បី​ជា​លោក​លីសៀន ឡុង​មិន​បាន​និយាយ​ចំ​ឈ្មោះ​បុគ្គល ឬ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​សំដៅ​លើ​លោក​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​បញ្ឆេះ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​កំពុង​បន្ត​អនុវត្ត​នយោបាយ​គិត​ប្រយោជន៍​អាមេរិក​ជា​ធំ​តាម​រយៈ​ពាក្យ​ស្លោក « America first »។

លោក​លីសៀន ឡុង​បាន​ព្រមាន​ទុក​ជា​មុន​ថា គំនាបនយោបាយ​នឹង​បង្ក​ឲ្យ​មាន​គម្លាត​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​និង​ប្រទេស។ នៅ​ក្នុង​ន័យ​នេះ នាយករដ្ឋមន្រ្តី​សិង្ហបុរី​បាន​ជំរុញ​ក្រុមអ្នកវិនិយោគ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​បោះទុន​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់ និង​បង្ហាញ​ពី​ភាព​បើក​ចំហ​ចំពោះ​គូប្រជែង។ ថ្នាក់ដឹកនាំ​អាស៊ាន​សង្ឃឹម​លើក​យក​ក្តី​បារម្ភ​របស់​ខ្លួន​ទៅ​ប្រាប់​អាមេរិក​ផ្ទាល់​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​អនុប្រធានាធិបតី Mike Pence នា​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ វិច្ឆិកា​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន សហរដ្ឋអាមេរិក​លើកទី៦។

ចិន​បញ្ជាក់​ពី​ការ​បន្ត​នយោបាយ​បើក​ចំហ​សេដ្ឋកិច្ច​កាន់​តែ​ធំ

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស បុគ្គល ឬ​ភ្ជាប់​ផ្ទាល់​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​ចិន​កំពុង​មាន​ជាមួយ​អាមេរិក លោក​នាយករដ្ឋមន្រ្តី​លី ខឺជាំង​បាន​បញ្ជាក់​ច្បាស់ៗ​នា​ថ្ងៃ​ចន្ទ ទី១២ វិច្ឆិកា​ថា ចិន​មិន​ត្រឹម​មិន​បិទ​ទ្វារ​សេដ្ឋកិច្ច​ទេ តែ​នឹង​បើក​ចំហ​កាន់​តែ​ធំ​ជាង​សព្វថ្ងៃ។ ការ​លើក​ឡើង​របស់​លោក​លី ខឺជាំង​បាន​សម្តី​របស់​របស់​លោក​លី ខឺជាំង​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​សិង្ហបុរី The Straits Times។ ទាក់ទង​នឹង​សេដ្ចកិច្ច​ដែរ តែ​ស្តីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​រួម​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ​ក្នុង​តំបន់​មាន​ចិន ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េខាងត្បូង និង​នូវែលហ្សេឡង់​ត្រូវ​បាន​លោក​លី ខឺជាំង​អះអាង​ថា គេ​នៅ​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​បាន​ក្នុង​ឆ្នាំ ២០១៨ នេះ​ទេ។

លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​សង្ឃឹម​នឹង​សម្រេច​បាន​នៅ​ឆ្នាំ ២០១៩។ ការ​អះអាង​របស់​លោក​លី ខឺជាំង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ការ​ពេល​ចរចា​បន្ថែម​ទៀត។ ដោយឡែក​ទាក់ទង​នឹង​សមុទ្រចិន​ខាងត្បូង​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​ចិន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១៣ វិច្ឆិកា​ថា អាស៊ាន និង​ចិន​នឹង​បន្ត​ការ​ចរចា​ដោយ​សង្ឃឹម​នឹង​រក​បាន​ក្រមប្រតិបត្តិ​មួយ​ពី​ពេល​នេះ​ទៅ ៣ឆ្នាំ​ខាង​មុខ។ តាម​លោក​លី ខឺជាំង ក្រមប្រតិបត្តិ​មួយ​ស្តីពី​ជម្លោះ​សមុទ្រខាងត្បូង​រវាង​ចិន និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​នឹង​ផ្តល់​អំណោយផល​ដល់​ការ​ដោះដូរ​សេរី​នៅ​ក្នុង​តំបន់។ គួរ​រម្លឹក​ថា​ក្នុង​ខែ​សីហា​កន្លង​ទៅ ចិន និង​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​ឯកសារ​ការងារ​មួយ​ក្នុង​ការ​បន្ត​កិច្ចចរចា​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ក្រមប្រតិបត្តិមួយ​ស្តីពី​បញ្ហា​សមុទ្រចិនខាងត្បូង។

កម្មវិធី​សម្រាប់​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ

កម្មវិធី​សម្រាប់​ថ្ងៃ​ពុធ ទី១៤ និង​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ វិច្ឆិកា​ជា​វគ្គ​នៃ​កិច្ចប្រជុំកំពូល​រវាង​អាស៊ាន និង​ក្រុម​ប្រទេស​ដៃគូ។ នៅ​ថ្ងៃ​ពុធ ទី១៤ វិច្ឆិកា​ជា​កិច្ចប្រជុំកំពូល​អាស៊ាន ចិន​លើកទី២១ កិច្ចប្រជុំកំពូល​អាស៊ាន កូរ៉េខាងត្បូង​លើកទី២០ កិច្ចប្រជុំកំពូល​អាស៊ាន រុស្ស៊ី​លើកទី៣ កិច្ចប្រជុំកំពូល​អាស៊ាន ជប៉ុន​លោក​ទី២១ និង​កិច្ចប្រជុំកំពូល​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​ទូលំទូលាយ​លើកទី២។ ចំណែក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ វិច្ឆិកា​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ មាន​កិច្ចប្រជុំកំពូលជំនួប​អាស៊ាន សហរដ្ឋអាមេរិក​លើកទី៦ កិច្ចប្រជុំកំពូល​អាស៊ាន បូកបី រួម​មាន​ចិន ជប៉ុន កូរ៉េខាងត្បូង​លើកទី២១ និង​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា​លើកទី១៣។ ក្រៅ​ពី​នោះ ក៏​មាន​កិច្ចប្រជុំកំពូល​ក្រៅ​ផ្លូវការ​ចំនួន​ពីរ​រវាង​អាស៊ាន​ជាមួយ​ប្រទេស​អូស្រា្តលី និង​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ឥណ្ឌា៕ ប្រភព៖ RFI