​ភ្នំពេញ ​៖ សម្ដេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែងអំណរគុណ​ដល់​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក្នុង​ការស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក ពិចារណា​ឡើងវិញ ការ​ដាក់​ទណ្ឌកម្ម​លើ​ទិដ្ឋាការ ដល់​មន្ត្រី​កម្ពុជា​។ សម្ដេច​ថ្លែងថា បើ​រដ្ឋាភិបាល​អាមេរិក ដក​ការហាមឃាត់​នេះ គឺជា​កាដូ​មួយ​សម្រាប់​កម្ពុជា​។​

Loading...

​នា​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បានអនុញ្ញាត​ឲ្យ​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​មាន​ប្រសា​ន៍​ទៅកាន់​លោក​ឯកអគ្គរដ្ឋទូត សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​ថ្លែងអំណរគុណ និង​សម្ដែង​ការ កោតសរសើរ ចំពោះ​សមិទ្ធផល​សម្រេចបាន ក្នុង​អាណត្តិ​ការងារ​របស់​លោក ដែល​បាន​រួមចំណែក​ដល់​ការផ្សារភ្ជាប់ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រីកចម្រើន​ជា​លំដាប់ ហើយ​សម្ដេច​បាន​សម្ដែង​ក្ដីសង្ឃឹម​ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋ អាមេរិក នឹង​កាន់តែ​មាន​ភាពល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​។​

​ជា​ការឆ្លើយតប លោក William A. Heidt បាន​ជំរាបជូន​សម្ដេច​ក្រ​ហោ​ម ស ខេង ថា​ក្នុង​មួយជីវិត​របប​ស់លោក​១​ភាគ​៤ បាន​ប្រើ ប្រាស់​សម្រាប់​ការបំពេញ​ការងារ នៅ​ប្រទេស​កម្ពុជា ហើយ​កាន់តែ​ប្រសើរ​ទៀត​នោះ គឺ​លោក​មាន​ភរិយា​ជា​ជនជាតិខ្មែរ​។ លោក​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោ​ម ស ខេង សម្រាប់​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​បាន​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោម ស ខេង ផងដែរ ដែល​ប្រទេស​កម្ពុជា បាន​អនុវត្ត​យ៉ាង​ល្អ​តាម​កិច្ចព្រមព្រៀង ធ្វើ​មាតុ  ភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ ពី​សហរដ្ឋអាមេរិក ហើយ​ថា​ក្នុងនាម ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា លោក​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ អន្តោប្រវេសន៍​ អាមេរិក ដើម្បី​ពន្យល់​នូវ​អ្វី​ដែល​កម្ពុជា បាន​សហការ​ជាមួយ​អាមេរិក​។​

​ជា​ការកត់សម្គាល់ លោក​ឯកអគ្គរដ្ឋទូត បាន​ជំរាប​សម្ដេច​ក្រឡាហោម ស ខេង ថា​កាលពី​ពេល​ថ្មីៗ​នេះ លោក​ផ្ទាល់ បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក ពិចារណា​ដក​ទណ្ឌកម្ម​ទិដ្ឋាការ មក​លើ​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ហើយ​ថា​ទោះ​ជា​មិន​ទាន់​មាន ចម្លើយ បែបណា លោក​នឹង​បន្ត​ជំរុញ​សំណើរ​នេះ​បន្ថែមទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ប្រសិនបើ​សហរដ្ឋអាមេរិក ពិត​ជា​ដក​ទណ្ឌកម្ម​ទិដ្ឋាការ​មែន​នោះ វា​ប្រៀបបាន​នឹង​ការផ្ដល់​ត្រឡប់​មក​កម្ពុជា​វិញ​នូវ​អ្វី ដែល​កម្ពុជា​បាន​ផ្ដល់​ជូន​សហរដ្ឋអាមេរិក តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​នានា ជាមួយគ្នា ពិសេស​វា​ប្រៀបបាន​នឹង​ការដូរ​ដ៏​ល្អ​មួយ សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។​

​ជា​ចុងបញ្ចប់​នៃ​ជំនួប​ដ៏​មាន​សារសំខាន់​នេះ សម្ដេច​បាន​អរគុណ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ចំពោះ​សារលិខិត​អបអរសាទរ ថ្ងៃ​ឯក រាជ្យ​ជាតិ​កម្ពុជា ៩​វិច្ឆិកា ខណៈ​ដែល​លោក​អគ្គរដ្ឋទូត​អាមេរិក បាន​អញ្ជើញ​ដោយ​ផ្ទាល់​សម្ដេច​ក្រឡាហោម ស ខេង ទៅ​បំពេញ​ទស្សនកិច្ច សហរដ្ឋអាមេរិក តាម​ពេលវេលា​សមរម្យ ឬ​បើ​អាច​គឺ​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​៕