ភ្នំពេញ —នៅ​ឯ​ជំនួប​កំពូល​លើក​ទី​៣៣​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគេ្នយ៍​ ​ហៅកាត់​ថា​ ​(ASEAN) ​ដែល​ត្រូវ​បាន​រៀបចំនៅ​ប្រទេស​សិង្ហបុរី​ ​រយៈពេល​បីថ្ងៃ​នោះ​ ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាស​ស្វាគមន៍​ការ​វិវត្តន៍​នានា​ក្នុង​ឧបទ្វីបកូរ៉េ​ ​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ចោល​អាវុធ​នុយក្លេអ៊ែរ​ ​និង​ការ​កសាង​សន្តិភាព​ពេញលេញ​នៅ​លើ​ឧបទ្វីប​មួយ​នេះ។​ ​នេះបើ​យោងតាម​ការ​បង្ហោះ​ព័ត៌មាន​សង្ខេប​នានា​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មេ​ដឹកនាំ​កម្ពុជា។​

Loading...

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ដែល​ស្ថិត​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រីរបស់​កម្ពុជា​ជាង​បី​ទសវត្សរ៍​មក​នោះ​ កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​ ដែល​បាន​ប្រមូល​ផ្តុំ​មេដឹកនាំ​ជា​ច្រើន​មកពី​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​អាស៊ាន​ និង​ដៃគូ​នៃ​កិច្ច​សហ​ប្រតិបតិ្តការ​ផ្សេងៗ​ទៀត​ ក្នុងនោះ​មាន​សហរដ្ឋ​អាមេរិក​ កាណាដា​ ចិន​ រុស្ស៊ី ជប៉ុន​ កូរ៉េ ​ និង​ឥណ្ឌា​ជាដើម។

ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០ ទាំង​លោក​ហ៊ុន សែន​ និង​បណ្តា​មេដឹកនាំ​ប្រ​ទេស​សមាជិកអាស៊ាន​ផ្សេងទៀត​ បាន​ស្វាគមន៍​ចំពោះ​វត្តមាន​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ មូន ចេអ៊ីន (Moon Jae-In)។​ ​នាកិច្ចប្រ​ជុំនេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ធ្វើការ​កត់​សម្គាល់​នានា​ ចំពោះ​ការវិវត្តន៍​ចុង​ក្រោយ​លើ​ឧបទ្វីប​កូរ៉េ​ និង​ចំណង​ការទូត​រវាង​សាធារណរដ្ឋ​កូរ៉េ​ជាមួយ​ប្រទេស​ក្នុងសមាគម​អាស៊ាន។

​ទាក់​ទិន​បញ្ហា​នៅ​ឧប​ទ្វីប​កូរ៉េ​ លោក​ហ៊ុន​ សែន​ ​បាន​ឲ្យដឹង​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា៖​ «កម្ពុជា​ស្វាគមន៍​នូវ​ជំនួប​កំពូល​អន្តរកូរ៉េ​ និង​ជំនួប​កំពូល​សហរដ្ឋ​អាមេរិក​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ ​ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សន្តិភាព​អចិន្រៃ្តយ៍​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-ឈ្នះ​ ព្រម​ទាំង​ការ​លុប​បំបាត់​អាវុធ​នុយក្លែអ៊ែរ​ដោយ​សន្តិ​វិធី​ និង​វិបុល​ភាព​រួម​នៅ​ឧបទ្វីប​កូរ៉េ»។

ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​វិវត្តន៍​ថ្មីៗ​នេះ​គឺជា​ការ​លើក​ទឹក​ចិត្ត​ ​និង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ឧបទ្វីប​កូរ៉េ។ កម្ពុជា​សង្ឃឹម​ថា​ការ​វិវត្តន៍​នេះ​នឹង​ក្លាយ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​សន្តិភាព​អចិន្រៃ្តយ៍ និង​ការរំ​សាយ​អាវុធ​នុយ​ក្លែអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ។

មេដឹកនាំប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ថតរូបជាមួយភាគីនៃកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ សិង្ហបុរី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រៅពី​បាន​លើក​ឡើង​នូវ​ដំណើរ​ទៅ​មុខ​នៃ​ការ​រក​សន្តិភាព​ពេញ​លេញ​លើ​ឧបទ្វីប​កូរ៉េ​នោះ​ លោកហ៊ុន សែន​ ​ក៏បាន​កត់​សម្គាល់​ថា​ កម្ពុជា​មាន​ក្តី​រីករាយ​នូវ​បំណង​ដំឡើង​ កិច្ច​ប្រជុំ​កំពូល​មេគង្គ-​សាធារណរដ្ឋ​កូរ៉េ​ ទៅ​ជា​កិច្ច​ប្រជុំ​កំពូល​នាពេល​ខាង​មុខ។ កម្ពុជា​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ​និង​សាធារណរដ្ឋ​កូរ៉េ​ ​ដើម្បី​ឲ្យ​កិច្ចប្រជុំ​កំពូល​សម្រេច​បាន​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​ សំដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​របស់​សហគមន៍​ប្រជាជាតិ​ទាំង​ពីរ​នេះ​ថែម​ទៀត។

ស្របពេល​មាន​ការ​រៀបចំ​ជំនួប​កំពូល​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​ នៅ​ប្រទេស​សិង្ហបុរី​កាលពីថ្ងៃពុធ​កន្លង​ទៅ​ថ្មីៗ​នោះ​ នៅ​ប្រទេស​កម្ពុជា​ មាន​ការ​រៀប​ចំ​សន្និសីទ​តំបន់​មួយ​ស្តីពី​ទំនាក់ទំនង​អន្ត​រកូរ៉េ​នៅឆ្នាំ​២០១៨​នេះ​ ដែល​ផ្តោត​លើ​តថភាព​ និង​បញ្ហា​ប្រឈម​ថ្មី។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ​ ​អ្នកវិភាគ​ ​និង​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​តំបន់​ ​ដែល​បាន​ចូល​រួម​ធ្វើ​ជាវាគិ្មន​ ក្នុង​សន្និសីទ​តំបន់​នោះ​ បាន​លើកឡើង​ពី​ការ​វិវត្តន៍​ជា​វិជ្ជមាន​លើ​ឧបទ្វីប​កូរ៉េ​ ​ដែល​ផ្តើម​ចេញ​ពី​ជំនួប​កំពូល​ជា​ប្រវត្តិ​សាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាង​ជើង​លោកគីម ជុងអ៊ុន​ និង​លោក​ ​Moon Jae-In​ ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង​ ក៏ដូច​ជា​ការ​រៀបចំ​ឲ្យ​មាន​ជំនួប​កំពូល​លើក​ទីពីរ​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោកគីម ជុងអ៊ុន​ ​និងប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់​ ត្រាំ​ (Donald Trump)។

អ្នក​វិភាគ​កិច្ចការ​តំបន់​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េខាងជើង​ ការ​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​កំពូលៗ​មិន​គ្រប់​គ្រាន់​នោះឡើយ​ ហើយ​ថា​ ការ​កសាង​ការជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ គឺ​ជា​ចលករ​ចំាបាច់​ ក្នុងការ​កសាង​សន្តិភាព​ពេញ​លើ​ឧបទ្វីប​មួយ​នេះ។​

​លោក​អះអាង​ថា​ ​ក្នុងការ​កសាង​ការ​ជឿទុកចិត្ត​គ្នា​នេះ​ អាស៊ាន​ ក៏​អាច​មាន​តួនាទី​សំខាន់​មួយ​ក្នុងការ​ធ្វើ​រឿង​នេះ​ផង​ដែរ​ ព្រោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ ជា​បញ្ហា​របស់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីខាង​កើត ​និង​អាស៊ីប៉ាស៊ីហ្វិក​ផង​ដែរ។

«ឧបទ្វីប​កូរ៉េ​ មិនមែន​ជា​បញ្ហា​របស់​អាស៊ី​ខាង​ជើង​ឆៀង​ខាង​កើត​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​បញ្ហា​របស់​តំបន់​អាស៊ី​ខាង​កើត​ និង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ហើយ​ស្ថាប័ន​តំបន់​ទាំងឡាយ​នៅ​អាស៊ាន​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ដើរ​តួនាទី​ច្បាស់​លាស់​មួយ​ ដើម្បី​ជំរុញ​ការ​កសាង​យន្តការទំនុក​ចិត្តនៅ​លើ​ឧបទ្វីប​កូរ៉េ​ខាង​ជើង»។​

លោក​ ​ពូ សុធីរៈ​ ​នាយក​ប្រតិបត្តិ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​ និង​សន្តិភាព ហៅកាត់​ថា​ (CICP) ​មាន​ប្រសាសន៍​ ប្រាប់​ ​VOA​ ​ក្នុង​ម៉ោង​សម្រាក​អាហារ​ថ្ងៃត្រង់​នៃសន្និសីទ​តំបន់​ស្តីពី​ទំនាក់​ទំនង​អន្ត​រកូរ៉េ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅថា​ ​សន្តិភាព​ដែល​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​ គឺជា​ភាព​សុខសាន្ត​របស់​កម្ពុជា​ និង​ប្រទេស​ឯទៀត​ផង​ដែរ។ លោក​ថ្លែង​ថា​ កម្ពុជា​ដែល​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន​នៅឆ្នាំ​២០២០​ខាង​មុខនេះ​ តែង​តែ​ផ្តល់​ការ​គាំទ្រ​ឲ្យ​អាស៊ាន​ចូលរួម​បើកផ្លូវ​ឲ្យ​មាន​ការ​ចរចារវាង​កូរ៉េ​ទាំងពីរ។​ ​ក៏ប៉ុន្តែ​អាស៊ាន​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ ទាល់តែ​មានការ​អញ្ជើញ​ពី​សាមី​ប្រទេស។

លោក​ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​ និង​សន្តិភាព ហៅកាត់​ថា (CICP) ផ្តល់បទសម្ភាសន៍ដល់​ VOA ​នៅទីក្រុង​ភ្នំពេញ​ កាលពីថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។ (ហ៊ុល​ រស្មី​/VOA)

«ខ្មែរ​យើង​គាំទ្រ​ណាស់​ ឲ្យ​មាន​គេហៅ​ដូចថា​ ដើរ​តួជា​អ្នក​សម្រប​សម្រួល​ឲ្យ​មាន​ការ​ចរចា​រវាង​កូរ៉េ​ទាំងពីរ​ ប្រើ​យន្តការ​របស់​អាស៊ាន​ដែល​គេហៅដូចថា​ match-maker ឲ្យ​កូរ៉េ​ទាំងពីរ​ហ្នឹង​ស្រុះ​ស្រួល​គ្នា​ confidence-building [ការកសាង​ទំនុកចិត្ត] ឲ្យ​ជឿ​ទុកចិត្ត​គ្នា​ ឲ្យ​អង្គុយ​ចុះ​ជជែក​គ្នា​លោក​សូរិន ពិន​សុវណ្ណ​ គាត់​ស្លាប់​ គាត់​ថា​ អាស៊ាន​ត្រូវ​មាន​ គណៈប្រតិភូ​មួយ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅកូរ៉េ​ខាង​ជើង​ ហើយ​ខ្ញុំ​ចាំ​ កាលហ្នឹង​ ឯកឧត្តមហោ​ ណាំហុង​ ក៏គាត់​បានប្រកាស​ថា​ ខ្មែរ​យើង​អាច​ ដូចថា​នាំ​មុខ​ទៀត​ក្នុង​រឿង​ហ្នឹង​ បើសិន​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​អាស៊ាន​ទាំង​អស់​ព្រម​ កម្ពុជា​អាច​ដូចថា​ ធ្វើ​មេ​អណ្តើក​ ជួយ​សម្របសម្រួល​ ដូច្នេះ​បង្ហាញ​ថា​ ខ្មែរ​ចង់​ដោះស្រាយ​បញ្ហា​ហ្នឹង​ ចង់ជួយ​ដោះស្រាយ​បញ្ហា​ហ្នឹង»។

ក្នុង​បញ្ហា​ជម្លោះ​លើ​ឧបទ្វីបកូរ៉េ​ដែល​បាន​អូសបន្លាយ​ពេល​រាប់​សិបឆ្នាំ​មកនេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏ធ្លាប់បាន​ទាមទារ​ឲ្យ​កូរ៉េ​ខាងជើង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តី​សម្រេច​ចិត្ត​ពាក់ព័ន្ធ​ទាំង​អស់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ​និង​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ ​ហើយ​នឹង​បញ្ឈប់​ការ​សាក​ល្បង​ប្រើ​អាវុធ​នុយក្លេអ៊ែរ ​និង​បាញ់គ្រាប់មីស៊ីល​គ្រប់​ប្រភេទ​ ​ក្នុង​គោល​បំណង​ការពារ​សន្តិភាព​ ​និង​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ៕ ប្រភព៖ VOA