ភ្នំពេញ —ក្រុម​មន្ត្រី​កងទ័ព​ ​និង​រដ្ឋាភិបាលកម្ពុជានៅ​ថ្ងៃ​សុក្រនេះ​ ​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ដែល​ចោទ​ថា​ កម្ពុជា​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ​ នៅ​ក្នុង​ខេត្ត​កោះកុង​ ​ដែល​ទំនង​ជា​មាន​គោលដៅ​សម្រាប់​បម្រើ​ដល់​សកម្មភាព​នាវាចរណ៍​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​ហៅ​កាត់​ថា​ PLA។​

Loading...

នាយ​ឧត្តមសេនីយ៍ ​ឈុំ​ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ ថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា​នោះ។ ហេតុ​ដូច្នេះ​លោក​ថា​ ​សេចក្តីរាយការណ៍​របស់​ Asia Times ​ដែល​លើក​ឡើង​ពី​មន្ទិល​នានា​ចំពោះ​វត្ត​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន​នៅ​កម្ពុជា​នោះ​ មិន​អាច​យក​ជា​ការ​បាន​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​អត់​បាន​មើល​ព័ត៌មាន​ហ្នឹង​ទេ​ ប៉ុន្តែ​តាម​អ្វី​ដែល​ជា​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ទេ​ អា​នេះ​ជា​ច្បាប់។ ដូច្នេះ​ព័ត៌មាន​ដែល​លើក​ឡើង​នេះ​ ខ្ញុំ​គិត​ថា​ ជា​ការ​លើក​ឡើង​ដោយ​បំភាន់ទេ​បាទ​ បង្កាច់​បង្ខូច​ធ្វើ​ឲ្យ​ខូច ធ្វើ​ឲ្យ​ខូច​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ។ ជា​រួម​គឺ​រដ្ឋធម្មនុញ្ញ​យើង​បាន​ប្រកាស​ ហើយ​ថា​ មិន​ឲ្យ​មាន​បោះ​ទ័ព​ ជា​មូលដ្ឋាន​ទ័ព​លើ​ទឹកដី​របស់​កម្ពុជាទេ​ អា​នេះ​ជា​ច្បាប់​បាទ។ ដូច្នេះ​ព័ត៌មាន​ដែល​លើក​ឡើង​ ជា​ព័ត៌មាន​មិន​ពិត​ទេ​បាទ»។​

​សារព័ត៌មាន​ Asia Times​ តាម​សេចក្តី​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា​ ការ​សាងសង់​កំពុងផែ​នោះ​ កំពុង​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ Union Development Group​ (UDG)។​

ក្នុង​អត្ថបទ​ដែល​ចេញ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត​ កាសែត​ Asia Times​ បាន​លើក​ឡើង​ពី​អ្នក​វិភាគ​ជា​ច្រើន​ដែល​អះអាង​ថា​ កំពង់ផែ​ថ្មី​កោះកុង​ (Koh Kong New Port)​ ដែល​ជា​កំពង់ផែ​ទឹក​ជ្រៅ​នោះ​គឺ​ធំ​គ្រប់គ្រាន់​សម្រាប់​ទទួល​នាវា​ចម្បាំង​ និង​នាវា​ប្រដេញ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​មាន​សក្តានុពល​ ​និង​កប៉ាល់​ធំៗ​ផ្សេង​ទៀត​របស់​កងទ័ព​ជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។

លោក​ អ៊ា សុផល​ សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental​ រដ្ឋ​កាលីហ្វ័រញ៉ា​ និង​ជា​អ្នកវិភាគ​គោល​នយោបាយ​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​កាសែត​តាម​បណ្តាញ​អ៊ីនធឺណិត​ Asia Times ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖​

«ជនជាតិ​ចិន​មើល​ឃើញ​កំពង់​ផែពាណិជ្ជកម្ម​ថា ជា​ច្រកសម្រាប់​ការ​ចូល​នៃ​នាវា​របស់ពួកគេ។ កំពង់​ផែ​ទឹក​ជ្រៅ​ពាណិជ្ជកម្ម​ណាក៏ដោយ​ត្រូវបាន​ប្រើសម្រាប់​កប៉ាល់​ទ័ព​ជើង​ទឹកធំៗ ដូច្នេះ​គោល​បំណង​ទាំងពីរនេះ​ គឺអាច​ទៅរួច»។

សារព័ត៌មាន​នេះ​ ក៏​បាន​ស្រង់​សម្តី​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ដែល​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​តាម​ន័យ​ដើម​ថា៖​

«ការ​សាងសង់​មូលដ្ឋាន​នាវា​គ្រប់គ្រង​ដោយ​បរទេស​ លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ បែប​នេះ​ និង​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ណា​មួយ​ ពី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទៅ​កង​ទ័ព​ប្រទេស​ចិន​ ​គឺ​ជា​ការ​រំលោភ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​និង​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា»។​

លោក​ សម រង្ស៊ី ​ត្រូវ​បាន​ស្រង់​សម្តី​បន្ថែម​តាម​ន័យ​ដើម​ថា៖​

«ដោយ​សារ​តែ​គាត់​បោះ​បង់​ចោល​ អព្យាក្រិតភាព​ប្រទេស​កម្ពុជា​ ហើយ​គាត់​នាំ​ប្រទេស​កម្ពុជា​ ឲ្យ​ចូលរួម​ក្នុង​ការ​គំរាមកំហែង ​ដល់​សន្តិសុខ​នៃ​ប្រទេស​ជិត​ខាង​ លោក ហ៊ុន សែន​ កំពុង​តែ​លេង​ជាមួយ​ភ្លើង​ ប្រកប​ដោយ​គ្រោះថ្នាក់។ លោក ​ហ៊ុន សែន ​មិន​ត្រឹមតែ​បាន​បំបាត់​លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​ប្រទេស​កម្ពុជា​ទេ គាត់​ថែម​ទាំង​គំរាម​ដល់​សន្តិភាព​ នៅ​ក្នុង​តំបន់​យើង​ថែម​ទៀត។ ដោយ​សារ​តែ​លោក ​ហ៊ុន សែន ​ដឹង​ថា​ប្រជាប្រិយភាព​របស់​គាត់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​គាត់​មិន​អាច​រំពឹង​លើ​ប្រជារាស្ត្រ​ខ្មែរ​បាន​ទៀត​ទេ​ គាត់​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់​ ឲ្យ​តែ​គាត់​បាន​ក្រាញ​អំណាច​តទៀត។ ទង្វើ​អាក្រក់​របស់ ​ហ៊ុន សែន ​មាន​ទាំង​ចូល​ដៃ​យ៉ាង​ងងឹត​ងងល់​ ដូច​មនុស្ស​ខ្វាក់ ជាមួយ​ប្រទេស​ចិន​ ដែល​កំពុង​តែ​ដើរ​គំរាមកំហែង​ប្រទេស​ជិត​ខាង»។​

ក៏​ប៉ុន្តែ​ ​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​មាន​ប្រសាសន៍​ថា​ ការ​សាងសង់​កំពង់ផែ​ខេត្ត​កោះកុង​នោះ​ ​គឺ​សម្រាប់​បម្រើ​កិច្ចការ​ជំនួញ​តែ​ប៉ុណ្ណោះ។​

​«មាន​តែ​កំពង់ផែ​ពាណិជ្ជកម្ម​ តូចតាច​ខ្នាត​តូច​តើ!»

លោក​ ផៃ ស៊ីផាន​ មិន​ធ្វើ​ការ​អធិប្បាយ​លើ​សម្តី​របស់​លោក​ សម រង្ស៊ី នោះ​ទេ​ តែ​លោក​ថា​ កម្ពុជា​មិន​បាន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នកបម្រើ​គោលបាយ​ភូមិសាស្ត្រ​របស់​មហា​អំណាច​ណា​មួយ​នោះ​ទេ​ ​ពោល​គឺ​កម្ពុជា​មិនអាច​ត្រូវ​ទៅ​ចាប់​ចិន ឬ​ក៏​ទៅចាប់​សហរដ្ឋ​អាមេរិកនោះ។​ ​លោក​អះអាង​ថា​ អ្វី​ដែល​កម្ពុជា​កំពុង​ទទួល​បាន​ពីចិន​នោះ​ កំពុងរួមចំណែក​ដល់​ការ​ធ្វើ​ឲ្យ​មានកំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។​

«អ្វី​ដែល​កំពុងតែ​ទទួល​បាន​ភាព​ផុលផុស​ ក្នុង​ការ​ដាក់​ទុន​របស់​ចិន​ អា​នោះ​ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ដើម្បី​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ​កំណើន​ការងារ​ កំណើន​សមធម៌​នៅក្នុង​សង្គម​ អាហ្នឹង​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា»។​

​សារព័ត៌មាន​តាម​បណ្តាញ​អ៊ីនធឺណិត​ Asia Times​ ក៏​បាន​លើក​ឡើង​ថា​ លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence​ ត្រូវ​គេ​រំពឹង​ថា​ លោក​នឹង​លើក​ឡើង​អំពី​ការ​លេច​ឡើង​នូវ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នានា​ ដែល​ការណ៍​នេះ​ អាច​នឹង​ដាក់​ទី​ក្រុង​ភ្នំពេញ​ឲ្យ​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ភាព​តាន​តឹង​នៃ​ការ​ប្រជែង​អំណាច​ដែល​កំពុង​កើន​ឡើង​ខ្លាំង​រវាង​ប្រទេសមហាអំណាច។​

សេចក្តី​រាយការណ៍​របស់​ Asia Times​ បាន​ឲ្យ​ដឹង​បន្ត​ថា​ ប្រសិន​បើ​របាយការណ៍​នានា​ដែល​ថា​ ចិន​បាន​ដំណើរការ​មូលដ្ឋាន​យោធា​នៅ​កោះកុង​ ក្លាយ​ជា​ការណ៍​ពិត​មែន​នោះ​ វា​នឹង​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​នៅ​ក្នុង​ជំរំ​យុទ្ធសាស្ត្រ​របស់​ចិន​ ក្នុង​ពេល​មាន​ភាព​តានតឹង​រវាង​អាមេរិក​ និង​ចិន​ ដែល​កំពុង​រីករាល​ឡើង​ក្នុង​ដែនទឹក។

លោក​ Paul Chambers ​អ្នក​វិភាគ​កិច្ចការ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Naresuan​ បាន​ប្រាប់ Asia Times​ ថា​ ប្រសិន​បើ​លោក ​ហ៊ុន សែន​ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​គ្រប់គ្រង​ដោយ​សេដ្ឋកិច្ច​ និង​យោធា​មក​លើ​កម្ពុជា​ ក្នុង​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ស្ថិត​ក្រោម​អាណានិគម​របស់​ទី​ក្រុង​ប៉េកាំង។​

អ្នក​វិភាគ​រូប​នេះ​ប្រាប់ Asia Times​ បន្ត​ថា​ ប្រសិន​បើ​ការ​ប្រកួតប្រជែង​របស់​មហាអំណាច​ដើម្បី​យក​ឥទ្ធិពល​ក្នុង​តំបន់​កើន​ដល់​កម្រិត​ខ្លាំងក្លា​ណា​មួយ​នោះ​ «កម្ពុជា​ប្រហែល​ជា​ដឹង​ដោយ​ខ្លួន​ឯង​ថា ​បាន​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​នៅ​អាស៊ី​អាគ្នេយ៍»។​

នាយ​ឧត្តមសេនីយ៍​ ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​កម្ពុជា​មិន​អាច​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«កម្ពុជា​យើង​ជា​ប្រទេស​ឯករាជ្យ​ អ៊ីចឹង​ការ​ទំនាក់ទំនង​ជាមួយ​មិត្ត​ទាំងអស់​លើ​សាកលលោក​ គឺ​ឈរ​នៅ​លើ​ផលប្រយោជន៍​រៀងៗ​ខ្លួន​ ផលប្រយោជន៍​ទាំង​សង​ខាង​ទេ​ណ៎ា!​ ដូច្នេះ​យើង​មិន​អាច​ទៅ​ចោទ​ប្រកាន់​ថា​ យើង​ចូល​ជាមួយ​ភាគី​ណាមួយ​បាន​ទេ​ ព្រោះ​យើង​ជា​ប្រទេស​ឯករាជ្យ​ អ៊ី​ចឹង​យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទៅ​តាម​ការ​គោរព​នូវ​អធិបតេយ្យភាព​ និង​ផលប្រយោជន៍​រៀងៗ​ខ្លួន​បាទ»។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ទៅ​នឹង​សំណួរ​របស់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ។​ VOA​ ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពីក្រុមហ៊ុន​ចិន​ UDG ​និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ដែរ​ ​នៅ​ថ្ងៃ​សុក្រ​នេះ។​

កាល​ពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍​ Tianjin Union​ ​របស់​ចិន​ដែល​ហៅ​កាត់​ថា​ ​UDG​ ​នេះ​ ​ត្រូវ​បាន​ផ្តល់​សម្បទាន​ចំនួន​៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមាណ​២០%​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ក្នុង​ទឹក​ប្រាក់ត្រឹម​តែ​៣០​ដុល្លារ​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ។​

​សមាគម​សំណង់​កម្ពុជា​បាន​ប៉ាន់​ស្មាន​ថា​ ​គម្រោង​ដែល​ហៅ​ថា​ ​«គម្រោង​សាកល្បង»​ ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុប​៣.៨០០​លាន​ដុល្លារ និង​អាកាសយានដ្ឋាន​ដែល​នឹង​ត្រូវ​បាន​សាងសង់​ នឹង​ត្រូវ​ទទួល​ស្វាគមន៍​ភ្ញៀវ​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។​

គម្រោង​នេះ​កំពុង​ត្រូវ​បាន​សាងសង់​លើ​ដី​កម្ពុជា​ទំហំ​៤.៥០០​ ហិកតា ក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កោះកុង​គឺ​ស្រុក​គិរីសាគរ​ និង​បទុមសាគរ។​ គម្រោង​នេះ​ ក៏​កំពុង​ត្រូវ​បាន​សាងសង់​ នៅ​ចំ​កណ្តាល​សួន​ឧទ្យាន​ជាតិ​បទុមសាគរ​ក្នុង​ខេត្ត​កោះកុង​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។​

យ៉ាង​ណា​ក្តី​ ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ដែល​មានចំណង​ជើង​ថា ​Harboured Ambitions [មហិច្ឆិតា​លាក់​ទុក​ក្នុង​ចិត្ត] ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​ជាន់​ខ្ពស់​ផ្នែក​ការពារ​ជាតិ​ ​[Center for Advanced Defense Studies]​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ បាន​ព្រមាន​ថា តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាង​លើ​របស់​ក្រុមហ៊ុន​ UDG មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​យុទ្ធសាស្ត្រ​សន្តិសុខនិង​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​ នៅ​ក្នុង​តំបន់​ចុង​បូព៌ា ​ដូច​យ៉ាង ​គម្រោង​ផ្លូវក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន [Belt and Road Initiative]​ ជាដើម៕ ប្រភព៖ VOA