ប្រទេស​ជប៉ុន​បាន​ប្រកាស​ស្វាគមន៍​ភ្លាម​ៗ​បន្ទាប់​ពី​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​របប​ខ្មែរ​ក្រហម​ពីរ​រូប កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ដោយ​ចាត់​ទុក​ថា​ជា​សមិទ្ធ​ផល​បន្ថែម​ទៀត​របស់​តុលាការ​កូនកាត់​មួយ​នេះ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៦​។ មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប ដែល​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ជា​លើក​ទី២​។

Loading...

ក្រៅ​ពីការ​ស្វាគមន៍​នូវ​ដំណើរ​ការ​កាត់​ទោស​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ជប៉ុន​បាន​ហៅ​ដំណើរ​ការ​កាត់​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម​ថា​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​សន្តិភាព​ទាំង​ស្រុង​នៅ​កម្ពុជា ហើយ​នឹង​រួម​ចំណែក​ក្នុង​ការ​ផ្តល់​យុត្តិធម៌ និង​ពង្រឹង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​ជប៉ុន​ កាល​ពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា។

តុលាការ​ខ្មែរក្រហម​នៅ​ថ្ងៃទី ១៦ វិច្ឆិកា បាន​កាត់​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ពីររូប​គឺ នួន ជា និង ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ០២។ ជា​ការកាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​​អស់​មួយជីវិត​ជា​លើក​ទី០២ បន្ទាប់ពី​សំណុំរឿង០០២វគ្គ០១ តុលាការ​ក៏បាន​កាត់​ទោស​​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពីររូប ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដែរ។ ប៉ុន្តែ​​ផ្អែក​​តាម​ប្រការ៧៥ និង៧៦នៃ​សេចក្តីសម្រេច​នេះ អង្គជំនុំជម្រះ​បានរួម​បញ្ចូល​គ្នា​នូវ​ការ​ផ្តន្ទាទោស​ទាំងពីរ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត តែមួយ។

យ៉ាងណាក៏​ដោយ ប្រទេស​ជប៉ុន​បាន​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សំណុំ​រឿង ដែល​នៅ​សល់​នឹង​ត្រូវ​បាន​តុលាការ​លើក​យក​មក​ជំរុំ​ជម្រះ​យ៉ាង​ឆាប់​រហ័ស ហើយ​ទទួល​បាន​ជោគជ័យ ខណៈ​ជន​ជាប់ចោទ និង​ជន​រងគ្រោះ​នៅ​ក្នុង​សំណុំ​រឿង​ទាំង​នោះ​មាន​អាយុ​កាន់​តែ​ច្រើន​។

សូម​ជម្រាប​ជូន​ថា ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ប្រមាណ​៨៦​លាន​ដុល្លារ​អាមេរិក​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្តី​ខ្មែរ​ក្រហម​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​។ ចំនួន​ទឹក​ប្រាក់​នេះ​ស្មើ​នឹង​ប្រមាណ​៣០​ភាគ​រយ​នៃ​ជំនួយ​ពីអន្តរ​ជាតិ ដែល​បាន​ផ្តល់​ឲ្យ​តុលាការ​កូន​កាត់​មួយ​នេះ​។

បើ​តាម​លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​ភាគី​កម្ពុជា​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម ដំណើរ​ការ​របស់​តុលាការ​នេះ បាន​ប្រព្រឹត្តិ​ទៅ​យូរ​ជាង​ការ​រំពឹង​ទុក និង​រហូត​មក​ដល់​ពេល​នេះបាន​ចំណាយ​ថវិកា​អស់​ប្រមាណ​២៩៧លាន​ដុលារ​អាមេរិក ដែល​ទទួល​បាន​ពីរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាង​៣៥។​ ប្រទេស​ផ្តល់​ជំនួយ​ដល់​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម ក្នុង​នោះ​ប្រទេស​ជប៉ុន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១​ដែល​បាន​ផ្តល់​ជំនួយ​ប្រមាណ ៨៦លាន​ដុល្លារ ហើយ​បន្ទាប់​មក​គឺ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី​២ ដែល​បាន​ចូល​រួម​ចំណែក​ជា​ថវិកា​បដិភាគ និង​សម្ភារៈ ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​៤៧​លាន​ដុល្លារ​អាមេរិក​៕ ប្រភព៖ RFI