គណបក្សថៃ​ថ្មីមួយ​ ដែលទើប​ប្រសូតចេញ​ជារូបរាង​បាន​ប៉ុន្មានសប្តាហ៏​ មានឈ្មោះថា ​”ថៃ​ រ៉ាក់​សា​ឆាត”​ ឬ​គេ​អាចហៅ​ម្យ៉ាងទៀត​ថា ​គណបក្ស​រក្សាជាតិ​ថៃ​ កំពុង​ទទួល​បានចំណាប់អារម្មណ៍​ជាខ្លាំងក្នុងចំណោម​សាធារណជន​ និងអ្នកនយោបាយថៃ​។ ទទួលបាន​ចំណាប់អារម្មណ៍​ ក៏ព្រោះថា​ គណបក្សថ្មីនេះ​ មានសមាជិក​ដែល​សុទ្ធតែជា​បុគ្គល​មានឈ្មោះល្បី ​នៅក្នុង​សង្គមថៃ​។

Loading...

ទោះបីជា​បក្សទើបបង្កើតថ្មី​ក្តី​ តែ​គណបក្ស​រក្សាជាតិ​ថៃ​ ជឿជាក់​យ៉ាងមុតមាំថា​ បក្ស​របស់ខ្លួន​ពោរពេញ​ទៅដោយ​ថាមពល​ ដែល​អាច​ឆក់យក​ប្រជាប្រិយភាព​ ពីសំណាក់​សាធារណជន​ថៃបាន​។ ដោយសារអ្វី​? គឺ​ដោយសារតែ​ គណបក្ស​រក្សាជាតិ​ថៃ​ មាន​សមាជិក​ភាគច្រើន​ ដែលជា​អតីត​សមាជិក​របស់​បក្សភឿថៃ​ ជា​គណបក្ស​ល្បីឈ្មោះ ​និងជា​បក្សធ្លាប់មានទំ​នាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្រ្តី​ថៃ ត្រកូល​ស៊ីណាវ៉ាត​។

បន្ថែមលើនេះ​ ចលករ​ខ្លាំង​មួយទៀត​ ដែលគេជឿថា​អាចជំរុញឲ្យ​គណបក្ស​រក្សាជាតិថៃ​ មាន​ប្រជាប្រិយភាព​ ក៏ព្រោះថា​ គណបក្សនេះ​មានការ​ចូលរួមពី​សំណាក់តារា​ និង​ អ្នកកីឡា​ដ៏ល្បី​ក្នុងប្រទេស​។ ជាក់ស្តែង​ នាពេលថ្មីៗ​នេះ​ កីឡាករ​វាយកូនហ្គោល​ដ៏ល្បីល្បាញ​ គឺ​លោក​ ថុងឆៃ ចៃឌី​ និង​តារាស្រីថៃ​ល្បី​ឈ្មោះ​នាង​ ណាហាតៃ​ ជា​អតីត​ជ័យលាភី​បវរកញ្ញាថៃ​ប្រចាំឆ្នាំ​២០០៦​ ទើបតែ​បានចុះ​ហត្ថលេខា​ ចូលជា​សមាជិក​របស់​បក្ស​រក្សាជាតិថៃ​ផងដែរ​។

គួរជ្រាបទៀតថា​ គណបក្ស​ដ៏មាន​សក្តានុពល​ គឺ​គណបក្ស​រក្សាជាតិថៃ​ ត្រូវបាន​គេ​ចាត់ទុកថា​ ជា​គណបក្ស​ដែល​មាន​ជាប់សាច់ឈាម​ ជាមួយ​គណបក្សភឿ​ថៃ​។ ហេតុផល​សំខាន់​ម្យ៉ាងនោះ​គឺថា​ គណបក្សនេះ​មាន​មេដឹកនាំ​ ដែលជា​អតីត​សមាជិកសភា​ របស់​គណបក្សភឿថៃ​ និង​មានឆន្ទះ​គោលនយោបាយ​មុតមាំ​ ក្នុងការ​ដឹកនាំ​ប្រទេស​ ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។

សូម​រឭកជូន​ផងដែរថា​ គណបក្ស​ភឿថៃ​ ដឹកនាំ​ដោយ​អ្នកស្រី​យីងឡាក់​ ធ្លាប់​ជា​បក្សកាន់អំណាច​ តែ​ត្រូវបាន​ក្រុមយោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ កាលពីឆ្នាំ​២០១៤​ ហើយ​ចាប់តាំងពី​ឡើង​ក្តោបក្តាប់​អំណាច​នាឆ្នាំ​២០១៤​ មក​ រដ្ឋាភិបាល​របបសឹក​ថៃ​ តែង​បាន​ពន្យា​ពេល​ធ្វើការបោះឆ្នោត​ជាច្រើនលើក​ ច្រើនសារ​។ ​តែ​ទោះជាយ៉ាងណាក្តី​ នៅទីបំផុតទៅ​ របបយោធាថៃ​ក៏បាន​ប្រកាសថា​ នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​សភា នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ២០១៩​ ក្រោយ​។

យ៉ាងណាក៏ដោយ​ គេ​មើលឃើញថា​ស្រមោល​របស់​ក្រុមយោធាថៃ​ នៅតែជា​ឧបសគ្គ​របស់គណបក្ស​ ដែល​មាននិន្នាការ​ដឹកនាំប្រទេស​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។ ជាក់ស្តែង​ រដ្ឋាភិបាល​សឹកថៃ​ ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី​ប្រាយុទ្ធ ​ចាន់អូចា​ បាន​ធ្វើសេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​កាលពីឆ្នាំ​២០១៧​ ជាសេចក្តីព្រាង​ដែល​បង្កជា​ផលលំបាក​ ដល់​គណបក្សណាមួយ​ ក្នុងការ​ឈ្នះសម្លេងឆ្នោត​សភា​ភាគច្រើន​ ដើម្បីអាច​ដឹកនាំ​ប្រទេស​ តែ​ម្នាក់ឯង​បាន​។ វា​ន័យថា​ គណបក្ស​ឈ្នះ​សម្លេងឆ្នោត​ ត្រូវការ​ចាប់ដៃគូ​ជាមួយ​គណបក្ស​ដទៃ​ដើម្បីអាច​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​រួមមួយ​បាន​៕ ប្រភព៖ RFI