តាមគម្រោង យ៉ាង​ហោច​ណាស់​មាន​ទណ្ឌិត​ចំនួន​៥៣២​នាក់​ត្រូវបាន​បញ្ជូន​ឈ្មោះ​ទៅ​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​​ស្នើ​សុំ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកនេះ។ គណៈកម្មការ​ថ្នាក់​ជាតិ បាន​ប្រជុំ​លើ​បញ្ជី​ឈ្មោះ​នេះ​រួច​រាល់​ហើយ​​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មិន​អាចបញ្ជាក់​បាន​ទេ​ថា ការ​លើក​លែងនិង​បន្ធូ​របន្ថ​យ​ទោសនេះនឹងស្ថិតនៅក្នុង​អំឡុង​ពិធី​បុណ្យ​អុំ​ទូក ឬ​ក្រោយ​បុណ្យ​អុំ​ទូក​នៅ​ឡើយ​ទេ ខណៈ​ពិធី​បុណ្យ​អុំទូក​ឈាន​ចូល​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​ទៅ​ហើយ​។

Loading...

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សេចក្ដី​សម្រេច​ស្ដីពី​ការ​លើក​លែង និង​បន្ធូ​របន្ថយ​ទោ​សទណ្ឌិត បាន​ឆ្លង​ផុត​ដៃគណៈ​កម្មការ​ថ្នាក់​ជាតិ​ដែល​ទទួល​បន្ទុក​ហើយ ដោយ​ពេល​នេះ​គេ​នៅរង់​ចាំ​តែ​ព្រះរាជ្យ​ក្រឹត្យ​របស់​ព្រះមហា​ក្ស​ត្រ​​តែ​ប៉ុណ្ណោះ​។

ផ្អែក​តាម​បញ្ជី​ឈ្មោះដែល​ត្រូវ​បាន​បញ្ជូន​មក​គណៈកម្មការ​ជាតិកាល​ពីខែតុលា ​មាន​ទណ្ឌិ​​ត​ចំនួន​៥៣២​នាក់ ​ត្រូវ​ស្នើ​សុំ​លើក​លែង និង​បន្ធូ​បន្ថយ​ទោស នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អក​អំបុក សំពះ​ព្រះខែ នៅ​ក្នុង​ឆ្នាំ​នេះ​។ ក្នុង​ចំណោម​ទណ្ឌិត​ទាំង ៥៣២​នាក់​នោះ មាន​ស្រី​ចំនួន​៣៧​នាក់ មក​ពី​ពន្ធនាគារ ខេត្ត-ក្រុង ចំនួន​២៤ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។

គណៈកម្មការ​ថ្នាក់​ជាតិបាន​ពិភាក្សា​លើ​បញ្ជី​ឈ្មោះ​នេះ ហើយ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ព្រះ​មហាក្សត្រ​រួច​ហើយ​។ ប៉ុន្តែ​ថា​តើ​ក្នុង​ចំណោម​ទណ្ឌិត​ទាំង​ជាង​៥០០​នាក់ មាន​ប៉ុន្មាន​នាក់​ដែល​គណៈកម្មការ​ជាតិ​សម្រេច​ស្នើ​បន្ត​ទៅ​ព្រះ​មហាក្សត្រ មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​។

ការ​ស្នើ​សុំ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត នឹង​ផ្អែក​លើ​គោលការណ៍​មនុស្ស​ធម៌ ដល់​ទណ្ឌិត​ណា​ដែល​មាន​អាយុ​ចាប់​ពី៦៥​ឆ្នាំ​ឡើង​ទៅ ទណ្ឌិត​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ទណ្ឌិត​ជា​ស្រ្តី​ដែល​មាន​កូន​នៅ​ក្នុង​ពន្ធនាគារ និង​ទណ្ឌិត​ដែល​គោរព​បាន​នូវ​គោល​ការណ៍​ច្បាប់ ដោយ​ការ​អនុវត្ត​ទោស​បាន​២​ភាគ​៣ នឹង​ទទួល​បាន​ការ​លើក​លែង​ទោស និង​អនុវត្ត​ទោស​បាន​១​ភាគ​៣ នឹង​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស​ជា​ដើម​។

គួរ​រំឭក​ជូន​ថា ទណ្ឌិត​ដែល​បាន​កែ​ប្រែ​ខ្លួន បាន​ទទួល​ឱកាស​ទទួល​បាន​ការ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​ធំៗ​ចំនួន​៣ គឺ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ម្តង ពិធី​បុណ្យ​វិសាខ​បូជា​ម្តង និង​ពិធី​បុណ្យ​អុំទូក​ម្តង​ទៀត​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នៅ​ឆ្នាំ​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ បាន​អះ​អាង​ថា កម្ពុជា​នឹង​បន្ថែម​ឱកាស​នៃ​​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​កម្ពុជា​ចំនួន​បី​បន្ថែម​ទៀត គឺ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​ភ្ជុំបិណ្ឌ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​ឈ្នះ​ឈ្នះ​២៩​ធ្នូ ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។

មន្ត្រី​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់ថា ​លទ្ធភាព​នៃ​ការ​លើក​លែង​និង​បន្ថូរ​បន្ថយ​ទោស​ទណ្ឌិត​បាន​រំលង​ផុត​ឱកាស​បុណ្យ​ជាតិ​ចំនួន​ពីរ​រួច​ទៅ​ហើយ គឺ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​ភ្ជុំបិណ្ឌ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា។ ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ការ​លើក​លែង​និង​បន្ថូរ​បន្ថយ​ទោស​ទណ្ឌិត ធ្វើ​ឡើង​ដោយ​ស្មើ​ភាព គ្មានការ​សូកប៉ាន់ ជា​ថ្នូរ​នឹង​ការ​លើក​លែង​និង​បន្ថូរ​បន្ថយ​ទោស​ឡើយ៕​ ប្រភព៖ RFI