វ៉ាស៊ីនតោន —ពួក​សមាជិក​សភា​សហរដ្ឋ​អាមេរិក​កំពុង​រិះ​គន់​យ៉ាង​ខ្លាំង​ដល់ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ដែល​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ប្រ​ទេស​អារ៉ាប៊ី​សាអូឌីត ទោះ​បី​លោក​បាន​ទទួល​ស្គាល់​ថា ​ព្រះ​អង្គម្ចាស់​រាជ្ជទា​យាទ ​Mohammed bin Selmanនៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ប្រហែល​បាន​ដឹង​អំពី​ការសម្លាប់ដ៏​ព្រៃ​ផ្សៃ​ដល់​លោក ​Jamal Khashoggi អ្នកកា​សែត​ Washington Post។​

Loading...

ពួក​សមាជិក​សភា​របស់​គណបក្ស​នយោបាយ​ទាំង​២បាន​ខឹង​សម្បា​ពី​ព្រោះ​ពួក​គេ ​និយាយ​ថា ​សហរដ្ឋ​អាមេរិក​មិន​ត្រូវ​បោះ​បង់​ចោល​តម្លៃ​គ្រឹះ​របស់​ប្រទេស​ដើម្បី​បាន​ផល​ប្រ​យោជន៍​សេដ្ឋ​កិច្ច​ទេ។

ឃាតកម្ម​និង​ការ​កាប់​ចិញ្ច្រាំ​សាកសព​របស់​លោក​ Jamal Khashoggi​ ជា​អ្នក​កា​សែត​និង​អ្នក​មាន​ទី​លំនៅក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​តុលា ​នៅ​ក្នុង​ស្ថានកុង​ស៊ុល​អារ៉ាប៊ី​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​នៃ​ប្រទេស​តួកគី ​មិន​បាន​បណ្តាល​ឲ្យ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ទេ។

លោក​ប្រធានា​ធិបតី​ត្រាំ​ ត្រូវ​បាន​គេ​សួរកាល​ពី​ថ្ងៃ​អង្គារ​អំពី​សេចក្តី​រាយការណ៍​ថា ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់សហរដ្ឋ​អាមេរិក​ CIA ​បាន​វាយ​តម្លៃ​ប្រកបដោយ​ទំនុក​ចិត្ត​ខ្ពស់​ថា ​ព្រះ​អង្គម្ចាស់​រាជ្ជទាយាទ​អារ៉ាប៊ី​សាអូឌីត ​បាន​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​នេះ។ ប្រធានា​ធិបតី​សហរដ្ឋ​អាមេ រិក​លោក ​ដូណាល់ ​ត្រាំ​ និយាយ​ថា៖ «តាម​ការ​ពិត​គឺ​ថា​ ប្រហែល​ទ្រង់​បាន​បញ្ជា​ឬ​ប្រហែល​ទ្រង់​មិន​បាន​បញ្ជា។ ប្រសិន​បើ​អស់​លោក ​អ្នក មើលប្រទេស​អ៊ីរ៉ង់​វិញ​ អ្វី​ដែលពួក​គេ​បាន​ធ្វើ ​ពួក​គេ​ជា​តួអង្គ​ដ៏​អាក្រក់​មួយ។ អស់​លោក ​អ្នក ​មើល​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រ​ទេសស៊ីរី​ជាមួយ​ប្រធានាធិបតី​បាសា ​អាល់​អាសាដ​ ដែល​មាន​ពលរដ្ឋ​រាប់​សែន​នាក់​បាន​ត្រូវ​សម្លាប់។​ យើង​ស្ថិត​នៅ​ជាមួយ​អារ៉ាប៊ី​សាអូឌីត ​យើង​នឹង​ស្ថិត​នៅ​ជាមួយ​អារ៉ាប៊ី​សាអូឌីត»។

សមាជិក​សភាពី​គណបក្ស​ទាំង​២​បាន​រិះគន់​សេចក្តី​ថ្លែង​ការណ៍​សាម​គ្គី​ភាព​របស់ប្រធានា​ធិបតី​ត្រាំ​ជាមួយ​អារ៉ាប៊ី​សាអូឌីត ​រួម​ទាំង​លោក​ Bob Corker ​ប្រធាន​គណៈ​កម្មាធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធ​សភា​ដែល​ចេញ​ពី​តំណែង​ផង។ សមាជិក​ព្រឹទ្ធសភា​ Bob Corker​ ខាង​គណបក្ស​សាធារណរដ្ឋនិយាយ​ថា៖​ «វា​ជា​ស្ថានភាពលំបាក​និង​ផុយ​ស្រួយ​មួយនៅ​ពេល​ដែល​យើង​មាន​សម្ព័ន្ធមិត្ត​ដ៏យូរ​អង្វែង​មួយ​ដែល​យើង​មាន​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ​រាប់​ទសវត្សរ៍។​ ក៏ប៉ុន្តែ ​យើង​មាន​ព្រះ​អង្គ​ម្ចាស់​រាជ្ជទាយាទ​មួយ​អង្គ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា​បាន​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​សម្លាប់​អ្នក​កាសែត​ម្នាក់។​ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា ភាសា​ដែលបាន​ប្រើ​នោះ ​តើ​គេសរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​អារ៉ាប៊ី​សាអូឌីត ​ហើយ​មិន​មែន​ឲ្យ​សហ​រដ្ឋ​អាមេរិក​មែន​ទេ»។​

រូប​ឯក​សារ៖ ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​រាជ្ជទាយាទ ​Mohammed bin Salman​ នៅ​សេតវិមាន កាល​ពី​ខែ​មីនា ២០១៨។

ក្នុង​សារ​តាម​ប្រព័ន្ធ​ Twitter​ លោក​ Lindsey Graham​ សមាជិក​ព្រឹទ្ធ​សភា​ខាង​គណ​បក្ស​សាធារណ​រដ្ឋ​ដែរ ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិកត្រូវ​ដោះ​ស្រាយ «ស្ថានភាព​ដ៏​លំបាក​នៅ​លើ​ឆាក​អន្តរជាតិ»។ ប៉ុន្តែ ​លោក​បន្ត​ដោយ​ព្រមាន​ថា ​នៅ​ពេល​ដែល​យើង​បាត់​បង់សំឡេង​ខាង​សីលធម៌គឺ យើង​បាត់​បង់គុណសម្បត្តិ​ដ៏ខ្លាំង​បំ​ផុត​របស់​យើង​នោះ»។

រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo ជាពិសេស​បាន​រិះ​គន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្សយ៉ាង​ខ្លាំ​ង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ក៏ប៉ុន្តែ ​បាន​ប្រាប់​អ្នក​សម្ភាសន៍វិទ្យុកាល​ពី​ថ្ងៃ​ពុធ​ថា ​អារ៉ាប៊ី​សាអូឌីត ​«បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហាសិទ្ធិ​មនុស្សដ៏​សំខាន់»។

កាល​ពី​ថ្ងៃ​អង្គារ ​លោក​ត្រូវ​បាន​ចោទ​សួរ​ ថាតើ​គោល​នយោបាយ​គិត​ប្រទេស​អាមេរិក​មុន​របស់​រដ្ឋបាល​ដូណាល់ ​ត្រាំ ​មាន​ន័យ​ថា «បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្រោយ​គេឬ?»។ រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​លោក ​Mike Pompeo ​និយាយ​ថា៖ «សំណួរ​មួយ​ទៀតរបស់​អ្នក​ជា​ចម្លើយ​ដ៏​ល្អ​បំផុត​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​ហើយ។​ មាន​ការខំ​ប្រឹង​ប្រែង​ដ៏​ខ្លាំង​បំផុត​ទាក់​ទិន​ទៅ​នឹង​ការ​ស្វែង​រក​ការ​ពិត​ចំពោះ​ការ​ស្លាប់​ ​ការ​ធ្វើ​ឃាត​លោក​ Jamal Khashoggi»។

លោក​ Aaron David ​ជា​អ្នក​វិភាគ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Wilson Center ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​និយាយ​ថា ​ប៉ុន្តែ ​ប្រធានា​ធិបតី​ ត្រាំ​ ឲ្យ​អាទិភាព​ផ្សេង​គ្នា​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស។ លោក Aaron David ​និយាយ​ថា៖ «យើង​ចង់ឲ្យអារ៉ាប៊ី​សាអូឌីត ​រារាំង​ប្រទេស​អ៊ីរ៉ង់ ​យើង​ចង់​ឲ្យអារ៉ាប៊ី​សាអូឌីតធ្វើ​ការ​សម្រប​សម្រួល​ដំណើរ​ការ​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន យើង​ចង់​សរសើរ​អ្នក​ធ្វើ​កំណែ​ទម្រង់​ព្រះ​រាជ្ជទាយាទ​ Mohammed bin Salman​ ដោយ​មិន​អើពើ​ពី​ការ​ពិត​ថា ​ព្រះអង្គ​ក៏បាន​ចូលរួម​ការ​បង្ក្រាប​ដ៏​សាហាវ​ប្រឆាំង​នឹង​ពួក​អ្នក​កាសែត​សង្គម​ស៊ីវិល ​និង​នៅ​ក្នុង​ការធ្វើ​ឃាត​លោក​Khashoggi​ ដែរ»។

លោក ​Miller​ បាន​លើក​យកប្រធានា​ធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​ជា​ឧទាហរណ៍​មួយ​ទៀតរបស់​មេដឹក​នាំ​ពិភព​លោក​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត​បន្ត​ដោះ​ស្រាយ ​ថ្វី​បើ ​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​ពាក់​ព័ន្ធ​របស់​រដ្ឋាភិ​បាល​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​ឃាត​អ្នក​កាសែត ​អ្នក​ប្រឆាំង​និង​អតីត​ចារបុរស៕ ប្រភព៖ VOA