បំរែបំរួល​អាកាសធាតុ​ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ មិនតែប៉ុណ្ណោះ​ វា​នឹងធ្វើ​ឲ្យប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក​ ត្រូវ​ចំណាយ​ថវិកា​រាប់​រយ​លានដុល្លារ​អាមេរិក​ ជារៀងរាល់ឆ្នាំ​ នៅត្រឹម​ចុង​សតវត្សរ៍នេះ​ ប្រសិន​បើ​មិនមាន​ការ​ចាត់វិធាន​ការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្មន័កាបូនិក​ ឲ្យបាន​ទាន់​ពេលវេលា​ទេនោះ​។ នេះ​ បើតាម​សារ​ក្រើនរឮកមួយ​ របស់​ របាយការណ៍​រដ្ឋាភិបាលអាមេរិក​ កាលពី​ថ្ងៃសុក្រ​ ទី២៣​ វិច្ឆិកា ​២០១៨​។

Loading...

ជាមួយនឹង​ ការ​បន្ត​កើនឡើង​ខ្ពស់​ដល់​កម្រិកកំពូល​ នៃ​ការ​បំភាយ​ឧស្ម័នពុល​ នៅក្នុង​ប្រវត្តិសាស្ត្រ​ មនុស្សជាតិ​ ក្រុម​អ្នកស្រាវជ្រាវ​មើលឃើញ​ថា​ ទំនោរ​បែបនេះ​ វា​អាចធ្វើឲ្យ​ វិស័យ​សេដ្ឋកិច្ច​អាមេរិក​មួយចំនួន​ បាត់បង់​ប្រាក់​រហូតដល់​រាប់រយ​លានដុល្លារ​ នៅ​ដំណាច់​ចុងសតវត្សរ៍​នេះ​ ពោល​គឺ​ច្រើនជាង​ផលិតផល​ក្នុងស្រុកសរុប​បច្ចុប្បន្ន​របស់​ប្រទេសអាមេរិក​ទៅទៀត​។ នេះ​ បើ​យោងទៅតាម​ទិន្នន័យ​ចុងក្រោយបង្អស់​ របស់​ក្រុម​អ្នកវាយតម្លៃ​ថ្នាក់ជាតិ​អាមេរិក​ ផ្នែក​អាកាសធាតុ​។

គួរ​គម្រាបជូនថា​ ប្រសិនបើ​គ្មានកិច្ចប្រឹងប្រែង​ជាសកល​ និង​កិច្ចប្រឹងប្រែង​សម្របសម្រួល​ថ្នាក់តំបន់​ ដែល​មាន​និរន្តរភាពនោះទេ​ ក្រុមអ្នក​ស្រាវជ្រាវ​ ប្រមើលមើល​ឃើញថា​ ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​កពុងតែ​បន្តកើនឡើង​ និង​កាន់តែ​មានឥទ្ធិពលខ្លាំង​ជាលំដាប់​ នឹង​អាចបំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ ទ្រព្យសម្បត្តិ​ និង​រាំងស្ទះ​ដល់​អត្រាកំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ នា​សតវត្សនេះ​។

បន្ទាប់មកទៀត​ វា​អាច​នឹង​ជះឥទ្ធិពល​ ដល់ការ​ជួញដូរ​សកល​។ ក្នុងន័យនេះ​ ការប្រែប្រួល​អាកាសធាតុ​ ពិតជា​នាំឲ្យ​ប៉ះពាល់ដល់​តម្លៃនាំចូល​ និង​ចេញ​ ព្រមទាំង​ការធ្វើអាជីវកម្ម​របស់​អាមេរិក​ ដែលប្រតិបត្តិការ​ក្រៅប្រទេស​ និងខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​។

សូមរឭក​ជូនផងដែរថា​ កាលពីឆ្នាំ២០១៧​ កន្លងទៅថ្មីៗ​នេះ​ លោ​កប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ​ ធ្លាប់​បាន​ច្រានចោល​នូវរបាយការណ៍​ ដែលថា​ បំរែបំរួល​អាកាសធាតុ​ អាច​មានឥទ្ធិពល​ ធ្វើឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ច​អាមេរិកបាន​។

មួយវិញទៀត​ ក្រោយពី​ឡើងកាន់តំឡែង​ ជា​ប្រធានាធិបតី​អាមេរិក​នាឆ្នាំ​ ២០១៦​ ភ្លាម​ លោកត្រាំ​ ក៏បាន​ប្រកាស​ដកប្រទេស​អាមេរិក ពី​កិច្ចព្រមព្រៀង​អាកាសធាតុទីក្រុង​ប៉ារីសឆ្នាំ​ ២០១៥​ ដែល​មាន​ប្រទេស​ជាសមាជិក​ចំនួនជាង​ ១៩០​ ប្រទេស​ ចុះហត្ថលេខា​ ដើម្បី​រួមគ្នា​ក្នុងកា​រ កាត់បន្ថយ​ការបំភាយឧស្ម័ន​ផ្ទះកញ្ចក់​ ក្នុង​គោលដៅ​ទប់ស្កាត់កុំឲ្យ ​សីតុណ្ហភាព​ផែនដី​ កើនឡើង​លើស​ ២​ អង្សាសេ​៕ ប្រភព៖ RFI