មន្រ្តី​កិច្ច​ការ​ព្រំដែន ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ និង​វៀត​ណាម​ បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ និង​មណ្ឌលគិរី​ នៅ​លើ​ទី​តាំង​ដែល​បាន​ព្រមព្រៀង​គ្នា​ ប៉ុន្តែ​បាន​រក្សា​ទុក​កន្លែង​ដែល​មាន​ជម្លោះ​ឲ្យ​នៅ​ដដែល​ ដោយ​មិន​ទាន់​ធ្វើ​អ្វី​ឲ្យ​ប៉ះ​ពាល់​នោះ​ទេ​។​ ការ​ប្រកាស​របស់​មន្រ្តី​កិច្ចការ​ព្រំដែន​ គឺ​នៅខណៈ​ប្រទេស​ទាំង​ពីរ​កំពុង​រង់​ចាំ​ជំនួយ​ពី​ប្រទេស​បារាំង​ លើ​ផែន​ទី​ព្រំដែន​។

Loading...

អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​លោកស្រី ​កុយ ​ពិសី ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោកស្រី​នៅ​ថ្ងៃ​ទី​២៣​ខែ​វិច្ឆិកា​ថា«ទោះ​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ខិតខំ​សម្រេច​ឲ្យ​បាន​។ សូម​អបអរសាទរ​ចំពោះ​លទ្ធផល​បញ្ចប់​ទាំងស្រុង​នៃ​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី​នៅ​តំបន់​ដែល​ឯកភាព​»​។

ចំណែក លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែនកម្ពុជា ​បាន​ប្រាប់កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ការបោះបង្គោលព្រំដែន​ជាមួយ​វៀតណាម​ត្រូវ​បាន​បញ្ចប់ ៨៤ ​ភាគរយ​ហើយ ខណៈ​នៅ​សល់ ១៦ ​ភាគរយ​ទៀត​កំពុង​នៅ​រង់ចាំ​ជំនួយ​ពី​ប្រទេស​បារាំង​​។ ប្រទេសបារាំងដែលជាអ្នកគូសផែនព្រំដែនកម្ពុជា និងវៀតណាម។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​​ ២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមភាគី​វៀតណាម​បាន​ឯកភាព​គ្នា​ស្នើសុំ​ការជួយ​ពី​ប្រទេស​​បារាំង​ឲ្យ​ផ្តល់​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ដើម្បី​ជួយ​បំប្លែង​ផែនទី​ដែល​មាន​ស្រាប់​ពី​ខ្នាត ១/១០០ ០០០ ទៅ​ជា​ខ្នាត ១/៥០ ០០០ ដែល​មាន​លម្អិត​ជាង​នេះ​។

បើតាម លោក វ៉ា គឹមហុង តំបន់​ដែល​មិន​ទាន់​មានការ​ឯកភាព​គ្នាដូចជា តំបន់ដាក់​ដាំ និងដាក់​ហ៊ូត គឺភាគីទាំងពីរ​មិន​ទាន់​បាន​ធ្វើ​សកម្មភាពអ្វីនៅឡើយ ពោល​ការ​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ ធ្វើ​ឡើង​តែ​ក្នុង​ទីតាំង​ដែល​ភាគី​ទាំង​ពីរ​បានព្រម​ព្រៀង​គ្នា​តែ​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និង​វៀតណាម​មាន​ព្រំដែន​ដី​គោក​រួមគ្នា ប្រវែង​ប្រមាណ ​១,២៧០​គីឡូ​ម៉ែត្រ ដែល​ត្រូវ​បោះបង្គោល​ព្រំដែន​រួមគ្នា​ចំនួន​៣១៤​បង្គោល​។​ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្ដេជ្ញាថា​ កម្ពុជា​និង​វៀតណាម​នឹង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​សព្វ​គ្រប់​នៅឆ្នាំ​២០១៨​នេះ​ដើម្បី​កសាង​ព្រំដែន​រួមគ្នា​មួយ​ប្រកប​ដោយ​សន្តិភាព​។ ​

ប៉ុន្តែ​មន្រ្តី​អតីត​គណ​បក្ស​សង្រោះ​ជាតិ ​បាន​រិះគន់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព ដោយសារ​គ្មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ជាពិសេស​ពី​សហគមន៍​អន្តរជាតិ​ និង​ក្រុម​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​៕ ប្រភព៖ RFI