ឧបករណ៍សិប្បនិម្មិត ដែលគ្រូពេទ្យដាក់ផ្សាំក្នុងខ្លួនមនុស្ស ដើម្បីជួយព្យាបាល ឬ​ជួយ​សម្រួល​ជិវិតប្រចាំថ្ងៃ របស់អ្នកជំងឺ កំពុងស្ថិតនៅក្នុងរឿងអាស្រូវមួយដ៏ធំ​ បន្ទាប់ពីសម្ព័ន្ធអន្តរជាតិនៃអ្នកសារព័ត៌មានស៊ើបអង្កេត បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យកន្លងទៅ ថាឧបករណ៍ទាំងនោះ ភាគច្រើន មិនបានទទួលការត្រួតពិនិត្យគុណភាព និងប្រសិទ្ធភាពឲ្យបានត្រឹមត្រូវទេ។​ អ្នកជំងឺ ដែលបានស្លាប់ បានកើនឡើងរាប់ម៉ឺននាក់ ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ ដោយសារតែឧបករណ៍ផ្សាំសិប្បនិម្មិតទាំងនោះ។

Loading...

ជាមួយនឹងវិទ្យាសាស្ត្រផ្នែកពេទ្យ ដែលកាន់តែរីកចំរើន ឧបករណ៍ផ្សាំ ជាច្រើនប្រភេទ ត្រូវបានគ្រូពេទ្យ ដាក់ផ្សំក្នុងរាងកាយ មនុស្សដើម្បីជួយព្យាបាល ឬក៏ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ ដែលត្រូវការវា។ ឧបករណ៍ទាំងនោះ មានជាអាទិ៍ដូចជា៖ កងដាក់ក្នុងស្បូនដើម្បីពន្យាកំណើត ម៉ាស៊ីនជួយសំរួលដំណើរលោតរបស់​បេះដូង ម៉ាស៊ីនចាក់បញ្ចូលសារធាតុអាំសូលីនសម្រាប់អ្នកជំងឺទឹកនោមផ្អែម សុដន្តសិប្បនិម្មិត ឬក៏ឧបករណ៍អបឆ្អឹងសន្លាក់ស្មា ឬឆ្អឹងសន្លាក់ជង្គង់ជាដើម។ ការប្រើប្រាស់ ឧបករណ៍ផ្សាំទាំងនេះ បានកើនឡើងកាន់តែខ្លាំង ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ។

ក៏ប៉ុន្តែ គុណភាព និងប្រសិទ្ធិភាពនៃឧបករណ៍ផ្សាំទាំងនេះ កំពុងតែចោទជាបញ្ហា គួរឲ្យព្រួយបារម្ភបំផុត។ សម្ពន្ធ័អន្តរជាតិនៃអ្នកសារព័ត៌មានស៊ើបអង្កេត ហៅកាត់ថា ICIJ បានប្រមូលទិន្នន័យពីបណ្តាក្រុមអ្នកកាសែត២៥០នាក់ នៅតាមប្រទេស៣៦ ទើបតែបានចេញរបាយកណ៍សន្និដ្ឋានមួយ ដែលបង្ហាញថា ការត្រួតពិនិត្យគុណភាព​នៃឧបករណ៍ទាំងនោះ គឺធ្វើឡើង ក្នុងលក្ខខណ្ឌដ៏ងាយស្រួលបំផុត។ ជាទូទៅ ផលិតផលឧបករណ៍សិប្ប​និម្មិតទាំងនោះ បានទទួលសិទ្ធិអនុញ្ញាតឲ្យធ្វើចរាចរណ៍លើទីផ្សារយ៉ាងធូររលុង ដោយពុំបានឆ្លងកាត់ការធ្វើតេស្ត៍ ឲ្យបានម៉ត់ចត់ទេ។ នៅតាមប្រទេសខ្លះ គឺសហគ្រាសផលិតឧបករណ៍ផ្សាំសិប្បនិម្មិតនោះ បានប្រើប្រាស់លុយដើម្បីទិញការអនុញ្ញាតទៀតផង។

របាយការណ៍ បានលើកឡើងអំពីការកើនឡើង នូវករណីមិនប្រក្រតី ឬគ្រោះថ្នាក់ដែល​កើតមាន ក្រោយការវះកាត់ដាក់បញ្ចូលឧបករណ៍ផ្សាំសិប្បនិម្មិត នៅរវាង១០ឆ្នាំចុងក្រោយនេះ។ នៅសហរដ្ឋអាមេរិក មានករណីស្លាប់ ចំនួន៨២០០០នាក់ករណី និងមានរបួស ប្រមាណ១លាន៧សែននាក់ រាប់គិតពីឆ្នាំ២០០៧មក។ នៅបារាំងវិញ យោងតាមតួលេខប្រមូលបាន ដោយក្រុមអ្នកស៊ើបអង្កេតរបស់កាសែតLe​ Monde បានឲ្យដឹងថា ករណីគ្រោះថ្នាក់បង្កឡើងដោយការវះកាត់ដាក់ឧបករណ៍ផ្សាំសិប្បនិម្មិតគ្រប់ប្រភេទ​ បានកើនឡើង១គុណជា២ ក្នុងរវាង១០ឆ្នាំ ដែលសរុបមកគឺមានទាំងអស់ ប្រមាណ​១៥៨០០០​ករណី។ ការសែត​Le Monde បាន​ទាញ​សញ្ញា​អាសន្នថា អាជ្ញាធរសុខាភិបាលបារាំង មានការធ្វេសប្រហែសខ្លាំងណាស់ ក្នុងការតាមដានលើគុណភាព ប្រសិទ្ធិភាព​ និងគ្រោះថ្នាក់ នៃឧបករណ៍ផ្សាំសិប្បនិម្មិតនីមួយៗ។

ដោយឡែក ក្នុងចំណោមផលិតផលឧបករណ៍ផ្សាំសិប្បនិម្មិតទាំងអស់ គឺផលិតផលម៉ាក Medtronic របស់អាមេរិក ដែលចោទជាបញ្ហាញឹកញាប់បំផុត។ ចន្លោះពីឆ្នាំ២០០៨ ដល់​២០១៧ ផលិតផលម៉ាកនេះ បានទំនងជា​បណ្តាលឲ្យអ្នកជំងឺស្លាប់ ចំនួន​៩៣០០​នាក់ និង​ករណីគ្រោះថ្នាក់ជិត៣សែនករណី។ យោងតាមរបាយការណ៍ដដែល មិនថា នៅជប៉ុន នៅកាណាដា នៅន័រវែស ឬអូស្ត្រាលី អាជ្ញាធរប្រទេសទាំងនេះ សុទ្ធតែ​​បាន​កត់​សម្គាល់​ដូចគ្នាថា ឧបករណ៍ផ្សាំសិប្បនិម្មិតម៉ាក Medtronic របស់អាមេរិកនេះ គឺមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់អ្នកជំងឺ ឬគ្រោះថ្នាក់ច្រើនជាងគេបំផុត៕ ប្រភព៖ RFI