នាយក​ទីភ្នាក់ងារ​ឃ្លាំមើល​ការប្រើប្រាស់​អាវុធគីមី​អន្តរជាតិ​កាល​ពី​ថ្ងៃចន្ទ​បាន​និយាយ​ថា​ ទីភ្នាក់ងារនឹង​បើក​ការស៊ើបអង្កេត​ទៅលើ​ការវាយប្រហារ​ដែល​ត្រូវ​បាន​ចោទ​ថា​បាន​ប្រើ​ឧស្ម័ន​ពុល​នៅក្នុង​ប្រទេសស៊ីរី​នៅ​អំឡុងពេល​ចុងសប្តាហ៍​នៃ​ការ​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស១០០នាក់​រងរបួស។

រដ្ឋាភិបាល​ស៊ីរី​បាន​ស្នើ​ដល់​អង្គការ​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធ​គីមី​ហៅ​កាត់ថា​ OPCW ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុងឡាអេ​ឲ្យ​ធ្វើការស៊ើបអង្កេត​លើ​គ្រោះថ្នាក់​នេះ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ធ្វើឡើង​ដោយ​ក្រុមឧទ្ទាម​ដែល​បាន​បាញ់​ឧស្ម័ន​ពុល​ក្លរីន​ពី​តំបន់​ខាងក្រៅ​នៅជុំវិញ​ចូល​ទៅក្នុង​ទីក្រុង​អាឡេប៉ូ​កាល​ពី​ថ្ងៃសៅរ៍។

បណ្តាញ​ផ្សព្វផ្សាយនានា​របស់រដ្ឋ​និង​ក្រុមអង្គការ​សិទ្ធិមនុស្ស​បាន​ចូល​ទៅដល់​កន្លែង​កើតហេតុ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​មាន​ជនរងគ្រោះ​ជាច្រើន​បាន​រងរបួស​ស្រាល​និង​ធ្ងន់​ពី​សារធាតុពុល​នេះ​ដែល​រួមទាំង​កុមារ​ផងដែរ។

ទីភ្នាក់ងារ OPCW ជា​រឿយៗ​បាន​ប្រឆាំង​នឹងរដ្ឋាភិបាលស៊ីរី ​ដោយ​ខ្លួន​បាន​រកឃើញ​ថា​មាន​ការ​ប្រើ​ឧស្ម័នពុល​ក្លរីន​និង​ឧស្ម័ន​ស៊ីរីន​នៅ​អំឡុងពេល​សង្គ្រាម។ នៅ​ក្រោម​សិទ្ធិអំណាច​ដែល​ប្រទេស​ជា​សមាជិក​បាន​ផ្តល់​ដល់​ទីភ្នាក់ងារ OPCW កាល​ពី​ខែមិថុនា​ ទីភ្នាក់ងារ​នេះ​នឹង​មាន​លទ្ធភាព​ដាក់​ការស្តីបន្ទោស​ដល់​ប្រទេសណា​ដែល​ប្រើប្រាស់​អាវុធគីមី៕ ប្រភព៖ VOA