នៅ​ថ្ងៃ​អង្គារនេះ​ ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​សេចក្តី​សម្រេច​របស់​ប្រទេស​អ៊ុយក្រែនក្នុង​ការ​ដាក់​កំហិត​ច្បាប់​អាជ្ញា​សឹក​នៅ​ក្រោយ​កង​កម្លាំង​រុស្ស៊ី​បានរឹបអូស​នាវា​អ៊ុយក្រែន​និង​ពួក​នាវិក​នៃ​កប៉ាល់​ទាំង​នេះ​នៅ​ក្នុង​សមុទ្រ​ខ្មៅ​អាច​នាំ​ឱ្យ​មាន​កំណើន​អរិភាពនៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

កាល​ពី​ថ្ងៃ​ចន្ទ​សភា​នៃ​ប្រទេស​អ៊ុយក្រែន​បាន​បោះឆ្នោតយល់ព្រម​ឱ្យ​មាន​ការ​ប្រើ​ច្បាប់អាជ្ញា​សឹក​នៅ​ក្នុង​តំបន់១០​ក្នុង​បណ្តា​តំបន់ទាំងអស់​២៧​នៃ​ប្រទេស​នេះ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃពុធ​ស្អែក​នេះ​ទៅ។

លោក​ប្រធានាធិបតី Petro នៃ​ប្រទេស​អ៊ុយក្រែន​បាន​មាន​ប្រសាសន៍​ថា ​ច្បាប់​អាជ្ញាសឹក​នឹង​ជួយ​«ពង្រឹងសមត្ថភាព​ខាង​កិច្ច​ការពារ​ប្រទេស​នៃ​ប្រទេស​អ៊ុយក្រែននៅ​ពេល​មាន​កំណើន​អំពើ​ឈ្លានពានហើយ​បើ​តាម​ច្បាប់​អន្តរជាតិ​វា​ជា​សកម្មភាពឈ្លាន​ពាន​គ្មាន​មេត្តា​ដោយ​សហព័ន្ធ​រុស្ស៊ី»។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បាន​និយាយ​បន្ថែម​ថា ប្រទេស​អ៊ុយក្រែន​ចង់ «ធ្វើ​តាម​កាតព្វកិច្ច​អន្តរជាតិ​ទាំងអស់»។

វិធានការ​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ប្រើ​ច្បាប់​អាជ្ញាសឹក​ចំនួន​៣០ថ្ងៃ​ដែល​ជា​ការ​ផ្តល់​សម្បទាន​ដល់​ពួក​ប្រឆាំង​ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដែល​មាន​កំណត់​នឹង​ធ្វើ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ។

កាលពី​ថ្ងៃ​អាទិត្យ​ រុស្ស៊ី​បាន​បាញ់​នាវាចម្បាំង​អ៊ុយក្រែន​ពីរ​គ្រឿង​ ហើយ​បាន​បើក​បុក​កប៉ាល់​ទីបី​នៅ​ក្នុង​សមុទ្រ​ខ្មៅ បាន​រឹបអូស​នាវា​ទាំងនេះ​ហើយ​បាន​ចោទប្រកាន់​ថា​កប៉ាល់​ចម្បាំង​អ៊ុយក្រែន​ទាំង​ថា​បាន​បើក​ចូល​ដោយ​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​រុស្ស៊ី។​

លោក​ស្រី Nikki Haley ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​អ.ស.ប.​បាន​ថ្កោលទោស​ប្រទេស​រុស្ស៊ី​អំពី «ការ​រំលោភ​ជា​ខ្លាំង​ដល់​ទឹកដី​អធិបតេយ្យ​នៃ​ប្រទេស​អ៊ុយក្រែន»៕ ប្រភព៖ VOA