លោកប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើង នៅយប់ថ្ងៃអង្គារ ទី២៧វិច្ឆិកា នេះថា រុស្ស៊ីហាក់កំពុងតែត្រៀមរៀបចំ ដើម្បីធ្វើសង្រ្គាម ដោយចំហរ ជាមួយនឹងអ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែន ពន្យល់ថា ក្រៅតែពីបានបាញ់រះ និងរារាំងចរាចរណ៍នាវារបស់កងទ័ពជើងទឹកអ៊ុយក្រែន កាលពីដើមសប្តាហ៍នេះ រុស្ស៊ី កំពុងតែបញ្ជូនទ័ព និងគ្រឿងសព្វាវុធ យ៉ាងច្រើនសន្ធឹកសន្ធាប់ មកដាក់តម្រៀប តាមព្រំដែនគោកនឹងសមុទ្រ ក្បែរទឹកដីអ៊ុយក្រែន ទៀតផង។

Loading...

លោកប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងបទសម្ភាសន៍ នៅតាមកញ្ចក់ទូរទស្សន៍ អ៊ុយក្រែន ដោយបានលើកឡើងថា សកម្មភាព​គំរាមកំហែងរបស់រុស្ស៊ី ដែលធ្វើមកលើអ៊ុយក្រែន ក្នុងពេលថ្មីៗនេះ មិនមែនជារឿងលេងសើចទេ។ អ៊ុយក្រែន កំពុងតែប្រឈមនឹងគ្រោះថ្នាក់ធំបំផុត ដោយសារតែការគំរាមធ្វើសង្រ្គាមឈ្លានពាន ពីសំណាក់រុស្ស៊ី។

លោក ប៉េត្រូ ប៉ូរ៉ូឆិនកូ បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅតាមបន្ទាយទាហានរុស្ស៊ីជាច្រើនកន្លែង ដែលនៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន គឺគេបានបញ្ជូនមកបន្ថែម នូវរថក្រោះ រថពាសដែក និង កាំភ្លើងធំ ក្នុងទំហំមួយគុណជា៣។ ចំនួនទាហានរុស្ស៊ីដែលគេបញ្ជូនមក ក៏បានកើនឡើងកាន់តែខ្លាំងដែរ។ នៅក្នុងសមុទ្រអាហ្សូវវិញ រុស្ស៊ីបានបញ្ជូននាវាទាហានជើងទឹក ជាច្រើនគ្រឿង។ រីឯតំបន់គ្រីមេ ដែលរុស្ស៊ីបានទន្ទ្រានយកពីអ៊ុយក្រែននៅឆ្នាំ២០១៤ ក៏បានក្លាយជាមូលដ្ឋានទ័ពដ៏ធំរបស់រុស្ស៊ីដែរ។

គួររំលឹកថា ការថ្លែងរបស់លោកប្រធានាធិបតីអ៊ុយក្រែនដូចនេះ គឺបន្ទាប់ពីមានហេតុការណ៍​តានតឹង កាលពីយប់ថ្ងៃអាទិត្យ ទី២៥វិច្ឆិកា នៅឯច្រកសមុទ្រKertch ដែលទាហានរុស្ស៊ី បានបាញ់រះមកលលនាវាកងទ័ពជើងទឹកអ៊ុយក្រែនចំនួន៣គ្រឿង និងបានចាប់ឃាត់នាវាទាំងនោះ មិនឲ្យធ្វើចរាចរណ៍។ ភ្លាមៗក្រោយហេតុការណ៍នេះ សភាអ៊ុយក្រែន បានសម្រេចអនុវត្តច្បាប់អាជ្ញាសិក ដើម្បីការពារខ្លួន ដែល ចូលជាធរមាននៅថ្ងៃពុធនេះ។

ទាក់ទិននឹងហេតុការណ៍នេះ រុស្ស៊ីបានលើកឡើងថា​ គឺអ៊ុយក្រែនដែលជាអ្នកញុះញង់ ឲ្យមានការផ្ទុះអាវុធ។ ចំណែកអ៊ុយក្រែនវិញ បានអះអាងថា គឺ​រុស្ស៊ីទេ ដែលបានបំពានច្បាប់អន្តរជាតិ ដោយបានហាមឃាត់ មិនឲ្យនាវាកងទ័ពអ៊ុយក្រែន ឆ្លងកាត់មាត់ច្រកសមុទ្រនេះ។ សហភាពអឺរ៉ុប ក៏ដូចជាអង្គការអូតង់ បានអំពាវនាវដូចគ្នា ឲ្យរុស្ស៊ីគោរពច្បាប់អន្តរជាតិ។ ប្រធានាធិបតីអ៊ុយក្រែន បានសុំទៅលោកស្រីមែរគែល ឲ្យទូរស័ព្ទទៅនិយាយជាមួយលោកពូទីន ក៏ប៉ុន្តែ លោកពូទីន បានឆ្លើយ​ត្រលប់ទៅឲ្យលោកស្រី​មែរគែល​​វិញថា ត្រូវជួយឃាត់អ៊ុយក្រែន កុំឲ្យធ្វើរឿងផ្តេស​ផ្តាស់ ខ្វះការពិចារណាវែងឆ្ងាយឲ្យសោះ។

ដោយឡែក លោក ដូណាល់ ត្រាំ បានចាត់ទុកសកម្មភាពរបស់រុស្ស៊ី ថាជាការប្រើកម្លាំងគំរាមកំហែង ដោយខុសច្បាប់។ លោកដូណាល់ ត្រាំ បានលើកឡើងទៀតថា លោកប្រហែលជាអាច លប់ចោលនូវជំនួបមួយទល់នឹងមួយ ជាមួយនឹងលោកពូទីន នៅក្នុងពេលប្រជុំប្រទេសG20 ខាងមុខនេះ៕ ប្រភព៖ RFI