ដំណាច់​ឆ្នាំ២០១៨ គឺ​ជា​គោល​ដៅ​មួយ​ដែល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ដោយ​រួម​មាន៖ ក្រសួងការងារ ក្រសួងយុត្តិធម៌ តុលាការ និង​មេស​ហ​ជីពខ្លួន​ឯង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​សហជីព​ឲ្យ​បាន​ឆាប់។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ប្រមុខ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ពន្លឿន​ដោះ​ស្រាយ​បណ្ដឹងពាល់​ព័ន្ធ​សហជីព​។ មេដឹក​នាំ​សហជីព​នានា ដែល​កំពុង​ជាប់​បណ្ដឹង​តុលាការ​ឲ្យ​ដឹង​ថា ពួក​គេ​បាន​បំពេញ​បែបបទ​រួច​ហើយ ក្នុង​ការ​រំដោះ​ខ្លួន​ចេញ​ពី​ការ​ចោទ​ប្រកា​ន់​​នានា។

ពី​លើ​វេទិការ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី ក្នុង​ខេត្ត​កណ្ដាល​នៅ​ថ្ងៃ​ពុធ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​សហជីព ​ដែល​ជាប់​បណ្ដឹ​ង​ទាំង​ឡាយ បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ។ រដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹងធ្វើ​ការ​ងារ​នេះ​បន្ត​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​ដោះស្រាយ​បណ្ដឹង​ទាក់​ទងសហជីព​ឲ្យ​បាន​ឆាប់​រហ័ស។ ក្រោយ​បំពេញ​ការងារ​រួម​គ្នា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទាំង​ពីរកន្លង​មក ពេល​នេះ​តុលាការ​កំពុង​ពន្លឿន​ការ​ស៊ើប​អង្កេត។ បើ​តាម​លោក ហ៊ុន សែន ក្រោ​យ​ការ​ស៊ើប​អង្កេត មេ​សហជីព​អាច​រួច​ផុត​ពី​ការ​ជំនុំ​ជម្រះ ឬ​ក៏​តម្កល់​រឿង​ទុក​មិនចាត់​ការ​តែ​ម្ដង​ផង។

លោក អាត ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ដែល​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ជម្រុញ​ឲ្យ​ដាក់​ឯកសារ​ពាក់ព័ន្ធ​មក​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នោះ​ថ្លែង​ថា លោកបា​ន​ប្រឈម​នឹង​ពាក្យ​បណ្ដឹង​ជាមួយ​ក្រុមហ៊ុន​ប្រមាណ​ជា​៥០ ភាគ​ច្រើន​ត្រូវ​បាន​ចោទ​ប្រកាន់ នឹងបទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ទាមទារ​សំណង​ពី​១០​ទៅ២០​ម៉ឺន​ដុល្លារ។ ក្រៅ​ពី​នេះ​ត្រូវបាន​ប្ដឹង​ចោទ​ប្រកាន់​ទៅ​លើ​បី​បទ​ល្មើស​រួម​មាន បទល្មើសញុះ​ញង់ ការ​ធ្វើ​ឲ្យ​ខូច​ខាតទ្រព្យ​សម្ប​ត្តិ​​អ្នក​ដទៃ និង​រារាំង​អាជ្ញាធរ​សាធារណៈ​ ដែល​បាន​កើត​ឡើង​ចន្លោះ​ឆ្នាំ២០១៣​ដល់​​២០១៥។

គួរ​ជម្រាប​ថា ក្រៅ​ពី​លោក អាត់ ធន់ នៅ​មាន​ប្រធាន​សហជីព​មួយ​ចំនួន​ទៀត​ដែលកំពុង​ប្រឈម​នឹង​បណ្ដឹង​តុលាការ​ដោយ​រួម​មាន៖លោក ប៉ាវ ស៊ីណា អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​លោក រ៉ុង ឈុន ជាដើម។

ទាក់​ទង​ទៅ​នឹង​សំណុំ​រឿង​សហជីព​នេះ​ដែរ ការិយាល័យ​នៃ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​អន្តរជាតិ រួម​ជា​មួយ​ការិយាល័យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សហព័ន្ធ​សហជីព​ចំនួន៤ ផ្សេង​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ អំ​ពាវ​​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​បទ​ចោទ​ប្រកាន់​ជា​បន្ទាន់ ប្រឆាំង​នឹង​មេដឹក​នាំ​សហ​ជីព​កម្មករ​ឯករាជ្យចំ​នួន ៦ រូប នៅ​ក្នុង​វិស័យ​កាត់​ដេរ។

អ្នក​នាំ​ពាក្យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​លោក Apolinar Tolentino បាន​និយាយ​ថា «មិនមាន​ភស្តុ​តាង​ណា​បង្ហាញ​ថា មេ​ដឹក​នាំ​ទាំង​នេះ បាន​អំពាវ​នាវ ឱ្យ​កម្មករ បង្ក​ឱ្យ​មានសកម្មភាព​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​បែប​នេះ​ឬ​អត់​នោះ​ទេ»។ នេះ​បង្ហាញឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ ការ​ចោទ​ប្រកាន់​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ ខណៈប្រព័ន្ធយុត្តិ​ធម៌ នៅ​មាន​ចម្លោះ​ប្រហោង៕ ប្រភព៖ RFI