​តុលាការ​ហ្វីលីពីន​បាន​រកឃើញ​មន្ត្រី​ប៉ូលីស ៣ នាក់ បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ពួកគេ​បានសម្លាប់​សិស្ស​ម្នាក់​ដែល​ពួកគេ​ចោទថា ជា​អ្នកជួញដូរ​គ្រឿងញៀន ។ ដែល​នេះ​គឺជា​ការផ្តន្ទាទោស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើកដំបូង ស្ថិតក្រោម​ការបង្ក្រាប​យ៉ាង​ឃោ​ឃៅ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duderte ទៅលើ​គ្រឿងញៀន ។​

Loading...

​លោក Rodolfo Azucena Jr. ដែលជា​ចៅក្រម​ជំនុំជម្រះ​ក្នុង​តំបន់​បានសម្រេច​ថា ក្រុមមន្ត្រី​ប៉ូលីស​ទាំងនេះ​បានសម្លាប់​ក្មេងប្រុស​ម្នាក់​ឈ្មោះ Kian Loyd delos Santos ក្នុងអំឡុង​ការ​ឆ្មក់​ចូលក្នុង​តំបន់​អនាធិបតេយ្យ​មួយ​នៅ Caloocan ក្នុង​ទីក្រុង​ម៉ានីល កាលពី​ឆ្នាំមុន​។ តុលាការ​បាន​ច្រានចោល​ការអះអាង​របស់​ប៉ូលីស​ដែលថា ក្មេងប្រុស​អាយុ ១៧ ឆ្នាំ នោះបាន​បាញ់​តដៃ ខណៈពេល​រឹងទទឹង​នឹង​ការចាប់ខ្លួន​របស់​ពួកគេ ។​

​ជា​លទ្ធផល តុលាការ​បាន​ផ្តន្ទាទោស​មន្ត្រី​ប៉ូលីស​ឈ្មោះ Arnel Oares, Jeremias Pereda និង Jerwin Cruz ឱ្យ​ជាប់គុក​ក្នុង​ម្នាក់ៗ​រហូតដល់ ៤០ ឆ្នាំ ដោយ​គ្មាន​ការដោះលែង​ឡើយ ទោះបី​ពួកគេ​អាច​ប្តឹង​ឧទ្ធរណ៍​ក៏ដោយ ។ ក្រៅពី​ទោស​ជាប់ពន្ធនាគារ ប៉ូលីស​ដែល​បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ ជាមួយ​ដៃ​ជាប់​ខ្នោះ និង​ពាក់​អាវយឺត​ពណ៌​លឿង​ទាំងនេះ ក៏​ត្រូវបាន​បង្គាប់​ឱ្យ​បង់​ការខូចខាត​ដល់​គ្រួសារ​ក្រីក្រ Santos ផងដែរ ៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ yahoo)​