​បើ​និយាយ​ពី​ក្តាម​សមុទ្រ នោះ​មនុស្ស​ភាគច្រើន​ប្រាកដជា​ចូលចិត្ត​ញ៉ាំ ព្រោះថា​កម្រ​បាន​ហូប​ពួកវា​ណាស់ និង​ណាមួយ​តម្លៃ​ក៏​ថ្លៃ​ទៀតផង នៅលើ​ទីផ្សារ ។ ហើយ​ប្រសិនជា​យើង​មានឱកាស​បាន​ទៅលេង​នៅ​តំបន់ឆ្នេរ​សមុទ្រ ដូចជា​ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង នោះ​យើង​ប្រាកដជា​ពុំ​អាច​ចោល​បាន​នោះទេ ច្បាស់​ណាស់​ជា​នាំគ្នា​ទិញ​ម្នាក់​២ ៣ គីឡូ ដើម្បី​ផ្ញើជូន​អ្នកផ្ទះ​ពុំខាន​ឡើយ ។​

Loading...

​យ៉ាងណាមិញ ទាក់ទង​នឹង​ការទិញ​ក្តាម​សមុទ្រ​នេះ​ផងដែរ យើង​ក៏​ធ្លាប់​លឺ​ព័ត៌មាន​លើកឡើង​ពី​មហាជន ក៏ដូចជា​អ្នក​ដែល​បាន​ទៅលេង​តំបន់​សមុទ្រ បាននាំគ្នា​រអ៊ូរទាំ​ស្ទើរ​គ្រប់ៗ​គ្នា ព្រោះថា​ក្រោយពី​ពួកគាត់​បាន​ទិញ​ក្តាម​រួច ហើយ​ពេល​យកមក​ផ្ទះ​សាក​ថ្លឹង​មើល​ម្តងទៀត ក៏​ស្រាប់តែ​បាន​រកឃើញថា​បាន​បាត់​គីឡូ​យ៉ាងច្រើន​តែម្តង ។​

​ជាក់ស្តែង ថ្មីៗ​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បានលើកឡើង​ចំពោះ​ករណី​មិន​ប្រក្រតី​នេះ​ដែល​រូបគាត់​បាន​ជួប​ផ្ទាល់ គឺ​នៅពេល​គាត់​បាន​កុម្ម៉ង់​ទិញ​ក្តាមថ្ម​ចំនួន ១០ គីឡូ នៅក្នុង​ផ្សារ​សាមគ្គី​ខេត្តកំពត ហើយ​ពេល​យកទៅ​ដល់ផ្ទះ​នៅឯ​ភ្នំពេញ ស្រាប់តែ​ភ្ញាក់​ព្រឺ​ត​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង ព្រោះ​ទទួលបាន​ក្តាម​ត្រឹមតែ ១៣ ក្បាល ប៉ុណ្ណោះ ។​

​គាត់​បាន​បន្តថា រឿងនេះ​បានធ្វើ​ឲ្យ​គាត់​រកឃើញ​ពី​ល្បិច​ថ្មី​របស់​អ្នកលក់​ភ្លាមៗ​តែម្តង នោះ​គឺ «​ក្រណាត់​ចង​ក្តាម​» ។ ក្រោយ​ស្រាយ​ខ្សែ​ក្រណាត់​ទាំងនោះ​យកទៅ​ថ្លឹង គាត់​បាន​រកឃើញថា ក្នុង​មួយ​ខ្សែ​មាន​ទង្ង​ន់​ដល់​ទៅ ២ ឬ ៣ ខាំ ឯណោះ ដែល​ត្រូវ​ប្រើ​ក្នុង​បំណង​កេងចំណេញ​ក្នុង​១​គីឡូ​ក្តាម​តម្លៃ ៥៥០០០៛ បែបនេះ ៕​