​បុរស​វ័យៗ​ក្មេង​ចំនួន ៥ នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ព្រៃនប់​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ក្លែងខ្លួន​ធ្វើជា​សង្ឃ ដើរ​បិណ្ឌបាតបច្ច័យ​តាម​ផ្ទះ ហើយ​ត្រូវបាន​រកឃើញ​ប្រើ «​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​» នេះ​យក​សាសនា​ជា​ឈ្នាន់ ដើម្បី​ទិញ​គ្រឿងញៀន​ជក់ ។​

​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់​អោយដឹងថា ជន​ធ្វើជា​សង្ឃ​ក្លែងក្លាយ​ចំនួន ៥ នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងករណី​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ផ្ទះសំណាក់ ហ្វី​លី​តា ស្ថិតក្នុង​ភូមិ​អូរ​តាប៉ាង អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​លោក​អធិការនគរបាល​ស្រុក​បញ្ជាក់ថា ការឈាន​ចាប់​ចាប់ខ្លួន​ពួកគេ​ទាំង​៥ គឺ​បន្ទាប់ពី​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ ដែលមាន​ការសង្ស័យ បាន​រាយការណ៍ ។ ហើយ​បន្ទាប់​ចុះទៅពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​បាន​រកឃើញ​ស្បង់​ចីវរ​ចំនួន​៥ សម្រាប់​, បាត្រ​ចំនួន​៣ និង​វត្ថុតាង​ពាក់ព័ន្ធ​សេព​គ្រឿងញៀន​ផងដែរ ។​

​យោងតាម​ចម្លើយសារភាព ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា ពួកគេ​មកពី​ស្រុក​ដង​ទុង ខេត្តកំពត ។

​ជនសង្ស័យ​ទាំង​៥ ក្រោយមក​ត្រូវបាន​ដោះ​ស្បង់​ចីវរ​ចេញពី​ខ្លួន ពី​សំណាក់​ព្រះ​តេជគុណ ឈឹម យុត្ត ព្រះ​អនុគណ​ស្រុក​ព្រៃនប់ រួច​បានប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​